ឧស្សាហកម្មស្វាយចន្ទីរបស់ប្រទេសកម្ពុជា អាចទទួលបានផលប្រយោជន៍ពីការលើកលែងពន្ធគយថ្មីដែលផ្តល់ដោយសហរដ្ឋអាម៉េរិក ប៉ុន្តែក្រុមអ្នកជំនាញក្នុងវិស័យនេះបានលើកឡើងថា សមត្ថភាពកែច្នៃក្នុងស្រុកដ៏មានកម្រិតរបស់ប្រទេសកម្ពុជា នៅតែបន្តរារាំងប្រទេសនេះមិនឱ្យទាញយកផលប្រយោជន៍បានពេញលេញពីឱកាសមួយនេះ។
បន្ទាប់ពីការស៊ើបអង្កេតតាមមាត្រា ៣០១ (Section 301) ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានដាក់ពន្ធគយ ១០ ភាគរយ លើមុខទំនិញនាំចូលពីប្រទេសកម្ពុជា។ សហរដ្ឋអាម៉េរិកក៏បានប្រកាសដាក់ពន្ធគយរហូតដល់ ១២,៥ ភាគរយ លើមុខទំនិញនាំចូលពីប្រទេសចំនួន ៣៨ ផ្សេងទៀត រួមទាំងប្រទេសថៃ និងប្រទេសវៀតណាមផងដែរ។
ទោះបីជាមានវិធានការពន្ធគយថ្មីទាំងនេះក៏ដោយ កម្ពុជាទទួលបានការលើកលែងសម្រាប់ផលិតផលមួយចំនួនដែលមិនត្រូវ បានផលិតនៅក្នុងសហរដ្ឋអាម៉េរិក រួមទាំងគ្រាប់ស្វាយចន្ទីផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ភាគីពាក់ព័ន្ធក្នុងឧស្សាហកម្មនេះបានកត់សម្គាល់ថា កម្ពុជានាំចេញទិន្នផលស្វាយចន្ទីភាគច្រើនជាទម្រង់វត្ថុធាតុដើម (គ្រាប់ស្ងួត) ដែលកម្រិតដល់សមត្ថភាពរបស់ខ្លួនក្នុងការទទួលបានអត្ថប្រយោជន៍ពីការអនុគ្រោះពន្ធសម្រាប់ផលិតផលកែច្នៃ ដ្បិតទីផ្សាអាមេរិកត្រូវការគ្រាប់ចន្ទីកែច្នៃ។
ទោះបីជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយចំនួនបានគាំទ្រដល់គម្រោងនានាដែលមានគោលបំណងពង្រីកការនាំចេញសាច់គ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុបក៏ដោយ ក៏លទ្ធផលទទួលបាននៅតែមានកម្រិតតិចតួចនៅឡើយ។ គំនិតផ្តួចផ្តើមទាំងនេះភាគច្រើនផ្តោតលើការកែច្នៃ និងការជម្រុញការនាំចេញ ខណៈដែលសមត្ថភាពកែច្នៃក្នុងស្រុកនៅតែបន្តធ្លាក់ចុះ ដែលធ្វើឱ្យរារាំងដល់សមត្ថភាពនៃឧស្សាហកម្មនេះក្នុងការឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងនៅក្នុងទីផ្សារ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (សសក) ជឿជាក់ថា ការបង្កើនការកែច្នៃក្នុងស្រុកនៅតែជាវិធីសាស្ត្រមានប្រសិទ្ធភាពបំផុតសម្រាប់កម្ពុជា ក្នុងការចាប់យកតម្លៃបន្ថែមឱ្យបានកាន់តែច្រើនពីវិស័យស្វាយចន្ទីរបស់ខ្លួន បង្កើតឱកាសការងារ និងធ្វើពិពិធកម្មទីផ្សារនាំចេញ។
វិធានការពាណិជ្ជកម្មថ្មីរបស់សហរដ្ឋអាម៉េរិក ក៏រួមបញ្ចូលទាំងការលើកទឹកចិត្តពន្ធគយពិសេសសម្រាប់ឧស្សាហកម្មកាត់ដេររបស់កម្ពុជា ដោយផ្អែកលើបរិមាណកប្បាស និងក្រណាត់ផលិតនៅសហរដ្ឋអាម៉េរិកដែលត្រូវបាននាំចូលសម្រាប់សង្វាក់ផលិតកម្ម។ គោលនយោបាយនេះ មានគោលបំណងលើកទឹកចិត្តឱ្យមានការបញ្ជាទិញវត្ថុធាតុដើមពីសហរដ្ឋអាម៉េរិក ព្រមទាំងកាត់បន្ថយការពឹងផ្អែកលើវត្ថុធាតុដើមពីប្រទេសចិន។
យោងតាមទិន្នន័យពាណិជ្ជកម្មដែលមាន ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញផលិតផលកាត់ដេរក្នុងទំហំទឹកប្រាក់ប្រមាណ ៤ ពាន់លានដុល្លារអាមេរិក ទៅកាន់សហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលដូចគ្នានេះ កម្ពុជាបាននាំចូលកប្បាស និងក្រណាត់ក្នុងទំហំទឹកប្រាក់ប្រមាណ ២,៨ ពាន់លានដុល្លារអាមេរិក ពីប្រទេសចិន សម្រាប់ផលិតកម្មកាត់ដេរ ខណៈដែលការនាំចូលកប្បាស និងក្រណាត់ពីសហរដ្ឋអាមេរិក មានសរុបត្រឹមតែប្រមាណ ១៣៧ ០០០ ដុល្លារអាមេរិកប៉ុណ្ណោះ។
លោក Casey Barnett អតីតប្រធានសមាគមពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា (AmCham) បានមានប្រសាសន៍ថា កម្ពុជាប្រឈមមុខនឹងទាំងឱកាស និងបញ្ហាប្រឈម នៅពេលដែលសហរដ្ឋអាមេរិករៀបចំដាក់ចេញនូវពន្ធគយជុំទីពីរ ពាក់ព័ន្ធនឹងសមត្ថភាពផលិតកម្មលើស ក្រោមការស៊ើបអង្កេតតាមមាត្រា ៣០១។
លោកបានកត់សម្គាល់ថា ការប្រកាសពន្ធគយនាពេលខាងមុខនេះ ត្រូវបានរំពឹងថានឹងធ្វើឡើងក្នុងរយៈពេលពីរខែខាងមុខ ហើយអាចនឹងផ្តល់ឱ្យកម្ពុជានូវអត្រាពន្ធគយអំណោយផលជាងមុន។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធអនុគ្រោះពន្ធណាមួយក៏អាចនឹងអមមកជាមួយនូវលក្ខខណ្ឌដែលលើកទឹកចិត្តឱ្យកម្ពុជាកាត់បន្ថយការពឹងផ្អែកលើវត្ថុធាតុដើមពីប្រទេសចិន និងធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនផងដែរ។
លោក Barnett បានបន្ថែមថា បន្ទាប់ពីការសម្រេចចិត្តលើពន្ធសមត្ថភាពផលិតកម្មលើសនេះ ការិយាល័យ USTR ត្រូវបានរំពឹងថានឹងចាប់ផ្តើមការពិភាក្សាឡើងវិញជាមួយកម្ពុជា លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលបានស្នើឡើង។ ការចរចានេះ មានគោលបំណងបញ្ចប់ការធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀង និងបើកផ្លូវសម្រាប់ការពិនិត្យ និងផ្តល់សច្ចាប័នដោយរដ្ឋសភាកម្ពុជា។
សម្រាប់ឧស្សាហកម្មស្វាយចន្ទីកម្ពុជា ការវិវត្តទាំងនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រីកសមត្ថភាពកែច្នៃក្នុងស្រុក។ ក្រុមអ្នកសង្កេតការណ៍ឧស្សាហកម្មបានលើកឡើងថា ប្រសិនបើគ្មានការវិនិយោគធំដុំលើរោងចក្រកែច្នៃទេនោះ ប្រទេសនេះនឹងនៅតែបន្តនាំចេញគ្រាប់ស្វាយចន្ទីឆៅភាគច្រើនរបស់ខ្លួន ខណៈដែលខកខានឱកាសក្នុងការទទួលបានផលប្រយោជន៍ពីការចូលទៅកាន់ទីផ្សារអនុគ្រោះពន្ធ និងការនាំចេញដែលមានតម្លៃបន្ថែមខ្ពស់៕
អត្ថបទ៖ ប៊ី






