ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងគោលបំណងជំរុញ ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ និងធម្មជាតិរបស់កម្ពុជាទៅកាន់ពិភពលោកឱ្យបានកាន់តែទូលំទូលាយ កន្លងមក ក្រសួងបានដាក់ចេញនូវអភិក្រមមួយ ដោយប្រើប្រាស់ឃ្លាធៀប “ការនាំកង្កែបចេញពីអណ្តូង”។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងចេញផ្សាយនៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២៦។
ក្រសួងបានឱ្យដឹងថា ការប្រើប្រាស់ឃ្លានេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ប៉ុន្តែក៏មានការបកស្រាយ និងយល់ន័យផ្សេងៗគ្នាពីគោលបំណងដើមពិតប្រាកដផងដែរ។
ដោយឈរលើស្មារតីបើកចំហ តម្លាភាព និងការស្តាប់មតិយោបល់ពីគ្រប់មជ្ឈដ្ឋាន ក្រសួងទេសចរណ៍ សូមថ្លែងអំណរគុណ និងសូមទទួលយកនូវរាល់មតិយោបល់ស្ថាបនាទាំងនោះ ដើម្បីកែសម្រួលការប្រើប្រាស់អភិក្រមខាងលើឱ្យបានកាន់តែសមស្រប និងមានភាពគ្រប់ជ្រុងជ្រោយជាងមុន។
ការកែលម្អនេះ នឹងឆ្លុះបញ្ចាំងអំពីស្មារតីរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិមកកម្ពុជាឱ្យបានកាន់តែច្រើនឡើងថែមទៀត។
ទន្ទឹមនេះ ក្រសួងទេសចរណ៍ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានចូលរួមយ៉ាងសកម្មនៅក្នុងការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ និងលើកកម្ពស់វិស័យ ទេសចរណ៍កម្ពុជា។
ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” និង ក្រោមការដឹកនាំប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរកម្ពុជា ក្រសួងទេសចរណ៍ មានជំនឿយ៉ាងមុតមាំថា ការបន្តរួបរួមសាមគ្គីជាធ្លុងមួយរបស់បងប្អូនជនរួមជាតិទាំងអស់ នឹងក្លាយជាកម្លាំងចលកររុញច្រានវិស័យទេសចរណ៍កម្ពុជាឱ្យសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋគ្រប់រូប។
យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ ឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦ លាននាក់ ខណៈក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជិត ១,៦ លាននាក់៕
អត្ថបទ៖ ប៊ី







