ក្រោយភ្ជាប់ពាក្យតាមបែបប្រពៃណីខ្មែរកាលពីឆ្នាំ ២០២៣ កន្លងទៅ ពេលនេះកូនប្រុសច្បងលោកអ្នកឧកញ៉ា លាង ឃុន ដែលអ្នកនៅក្នុងវិស័យជំនួញស្គាល់ថា ប្រធានបន្តវេនរបស់ក្រុមហ៊ុន Khmer Beverages អ៊ឹង វីរៈ បានដឹកដៃកូនក្រមុំលោក លោក ស៊ុន ចាន់ថុល រៀបការតាមបែបអឺរ៉ុប នៅអ៊ីតាលី។


មង្គលការ Young CEO អ៊ឹង វីរៈ ដែលជាកូនប្រុសច្បងលោកអ្នកឧកញ៉ា លាង ឃុន និងកូនក្រមុំ ស៊ុន ស៊ីមុនី ដែលជាកូនស្រីរបស់របស់ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា លោក ស៊ុន ចាន់ថុល កាលពីអំឡុងចុងសប្ដាហ៍មុននៅលើទឹកដីអឺរ៉ុប ទទួលបានការចាប់អារម្មណ៍ច្រើន។
មង្គលការដែលមានតែសាច់ញាតិខាងប្រុសស្រី ធ្វើឡើងយ៉ាងកក់ក្ដៅក្នុងក្រុមគ្រួសារទាំងសងខាង ដែលរៀបចំឡើងនៅបឹង Como ប្រទេសអ៊ីតាលី និងជាទីកន្លែងល្បីបំផុតក្នុងការរៀបចំមង្គលការបែបអភិជន ត្រូវបានគ្រួសារមហាសេដ្ឋី ជីប ម៉ុង និងគ្រួសារមន្រ្តីរាជការ កក់រៀបចំឲ្យកូនប្រុសស្រីទាំង ២។



ទាំងសាច់ញាតិកូនកំលោះ និងកូនក្រមុំបានបណ្ដើរគ្នាជាគូៗ សំដៅទៅកន្លែងរៀបចំកម្មវិធី។ គូខ្លះជាស្វាមីភរិយា ខ្លះជាគូដណ្ដឹង និងខ្លះទៀតជាសង្សារ។ កម្មវិធីសច្ចាប្រណិធាន ស្បថស្បែ បែបបរទេស នៅមាត់សមុទ្រ ជាមួយខ្យល់បក់រំភើយ បានធ្វើឲ្យបរិយាកាសកាន់តែរ៉ូមែនទិកស័ក្ដិសមជាមួយគូស្នេហ៍យុវវ័យសម័យថ្មី។
មង្គលការគូស្នេហ៍ដែលសមឥតខ្ចោះទាំងគ្រួសារ ចំណេះដឹង និងទ្រព្យធន បានធ្វើឲ្យកក្រើកបណ្ដាញសង្គម។ ក្រៅពីរៀបចំមង្គលការឲ្យគូស្វាមីភរិយាថ្មី ក្រុមគ្រួសារទាំងសងខាងក៏ឆ្លៀតធ្វើដំណើរកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ៕








អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណេត




