ក្រុម Pro Esports របស់​សេដ្ឋីវ័យក្មេង អ៊ឹង ស៊ីវឈន់ ​គ្រង​ជើង​ឯក MPL KH S10

ក្រៅ​ពី​ទទួល​បាន​ជោគជ័យ​នៃ​មុខ​ជំនួញ​ជាច្រើន ថ្មី​ៗ​នេះ​សេដ្ឋី​វ័យ​ក្មេង អ៊ឹង ស៊ីវឈន់ បាន​បោះ​ជំហាន​ថ្មី​នៃ​វិស័យ E Sprots ដោយ​ក្រុម​ដែល​លោក​កាន់ គ្រង​ជើង​ឯក។

តាមដានជាមួយយើង៖ Million Times

​ក្រុម​ Pro Esports ​របស់ CEO វ័យ​ក្មេង ​អ៊ឹង ស៊ីវឈន់ ​ដែល​គេ​ស្គាល់​គ្រប់​គ្នា​ថា​ជា​អគ្គនាយក​ទឹក​ពិសា​បរិសុទ្ធ​ Pro Vidal ​បាន​គ្រង​ជើង​ឯក​ការ​ប្រកួត MPL KH S10 ​ហើយ​កាល​ពី​ម្សិលមិញ​នេះ។ លោក ​អ៊ឹង ស៊ីវឈន់ ជា​អ្នក​ស្រលាញ់​កីឡា​ម្នាក់ ​ហើយ​កន្លង​មក​ក៏​បាន​បង្កើត​ក្រុម​កីឡា​អេឡិច​ត្រូនិក​មួយ​ឈ្មោះ​ថា Pro Esports ដើម្បី​ប្រកួត​ប្រជែង​​លើ​វិញ្ញាសា Mobile Legends: Bang Bang.

ដោយ​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ ច្រើន​រដូវ​កាល​ក្នុង​ការ​​ប្រកួត MPL KH ពេល​នេះ​ក្រុម Pro Esports ​ទទួល​បាន​ជោគជ័យ​ហើយ ដោយ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ក្នុង​រដូវ​កាល​ទី​១០​នេះ។ ក្រៅ​ពី​បាន​ពាន​រង្វាន់​មួយ​នេះ​ហើយ Pro Esports ​នឹង​ទទួល​បាន​ឱកាស​តំណាង​កម្ពុជា​ចេញ​ទៅ​ប្រកួត MSC 2026 ​ដែល​​ធ្វើ​ឡើង​នៅ​ប្រទេស​បារាំង​ថែម​ទៀត​។

MSC 2026 ​ជា​ព្រឹត្តិការណ៍​ប្រកួត​អន្តរជាតិ​ធំ​បំផុត​មួយ​របស់ Mobile Legends : Bang Bang ​ដែល​មាន​ប្រាក់​រង្វាន់​សរុប​រហូត​ដល់​ទៅ ៣ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ឯ​ណោះ។ ​ពាន​នេះ​ដំបូង​ឡើយ​ត្រូវ​ធ្វើ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ទេ ប៉ុន្តែ​ដោយសារ​​សង្គ្រាម​នៅ​អ៊ីរ៉ង់​ទើប​អ្នក​រៀប​ចំ ​ត្រៀម​ផ្ទេរ​ទៅ​ធ្វើ​នៅ​ប៉ារីស ប្រទេស​បារាំង​វិញ។

​ជាមួយ​ការ​អបអរ ​និង​យក​ចិត្ត​ទុកដាក់​ខ្លាំង​លើ​ក្រុម Pro Esports ​ប៉ុន្មាន​ឆ្នាំ​​មក​នេះ សេដ្ឋី​វ័យ​ក្មេង អ៊ឹង ស៊ីវឈន់ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​នៅ​លើ​បណ្ដាញ​សង្គម​ថា​៖ “ខ្ញុំ​មាន​មោទកភាព​ចំពោះ​ក្រុម​ដែល​សម្រេច​បាន។ ទី​បំផុតយើង​ឈ្នះ​ហើយ ​នេះ​ជា​ពាន MPL ​ដំបូង​គេ​សម្រាប់ Pro Esports”៕

អត្ថបទ៖ ឆដា, រូបភាព៖ Pro Esports