ទេសា​ភិបាល​ធនាគារជាតិ​​កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់ A- ​ពី​ទស្សនាវដ្ដី​ហិរញ្ញវត្ថុអន្តរជាតិ Global Finance ​

លោក​ជំទាវបណ្ឌិត​ ជា សិរី ទេសា​ភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ត្រូវ​បាន​ទស្សនាវដ្តី​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ Global Finance ​ផ្តល់ចំណាត់ថ្នាក់ A- ​ប្រចាំឆ្នាំ២០២៦ ដែល​ជាចំណាត់​ថ្នាក់​កម្រិត​ខ្ពស់​ និង​ជា​ការ​ទទួល​ស្គាល់​ ៣ឆ្នាំជាប់គ្នា​ ចំពោះ​ប្រសិទ្ធភាព​នៃការ​ដឹកនាំ​ធនាគារ​កណ្តាល​របស់​លោក​ជំទាវ។​

តាមដានជាមួយយើង៖ Million Times

លោកជំទាវ​បានស្ថិតក្នុង​បញ្ជីចំណាត់ថ្នាក់​នេះ​ក្នុង​ចំណោម​ទេសាភិបាល​ ធនាគារ​កណ្តាល​នៃ​បណ្តា​ប្រទេស​ ដែល​មាន​ប្រព័ន្ធ​ហិរញ្ញវត្ថុរីក​ចម្រើន​ដូចជា​ ឯកឧត្តម Martin Schlegel ទេសា​ភិបាល​ ធនាគារជាតិនៃប្រទេសស្វ៊ីស​ ឯកឧត្តម Khaled Mohamed Balama Al Tameemi ទេសា​ភិបាល ​ធនាគារកណ្តាល​ អេមីរ៉ាតអារ៉ាប់រួម (UAE) និងឯកឧត្តម Eli Remolona ទេសា​ភិបាល​ ធនាគារកណ្តាលហ្វីលីពីន​ជាដើម។

ចំណាត់ថ្នាក់នេះ​ ក៏​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពី​សមត្ថភាព​ដឹកនាំ​ដ៏​លេចធ្លោ​ប្រកប​ដោយ​ភាព​ឈ្លាសវៃរបស់​លោកជំទាវបណ្ឌិត និង​ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ក្នុង​ការរួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច រក្សា​ស្ថិរភាព​រូបិយវត្ថុ ​គ្រប់​គ្រង​អតិផរណា​ និង​អត្រាប្តូរប្រាក់​របស់​ប្រទេស​យើង។


Global Finance បាន​ផ្សព្វផ្សាយ​បញ្ជីចំណាត់​ថ្នាក់ឥស្សរ​ជនជា​ថ្នាក់​ដឹកនាំ​ធនាគារ​កណ្តាលនេះ​ជា​រៀងរា​ល់​ឆ្នាំ គិត​ចាប់ពីឆ្នាំ​១៩៩៤ ដោយ​វាយតម្លៃលើ​ប្រសិទ្ធភាព​ការងាររបស់​ថ្នាក់ដឹកនាំ​ធនាគារ​កណ្តាល​ប្រមាណ​ ១០០ ប្រទេសជុំវិញពិភពលោក ជាពិសេស​លើការ​អនុវត្ត​នយោបាយ​រូបិយវត្ថុ​ ក្នុងការរក្សាស្ថិរភាពអត្រាប្តូរប្រាក់​ និងគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕

អត្ថបទ៖ ឆដា, រូបភាព៖ ធនាគារជាតិ នៃកម្ពុជា និង Serey Chea