ក្រុមហ៊ុនចុះបញ្ជី ២៨ កៀរគរទុនបានប្រមាណ ៧២០ លានដុល្លារ តាមរយៈផ្សារមូលបត្រកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ២៨ បានកៀរគរទុនប្រមាណ ៧២០ លានដុល្លារ តាមរយៈផ្សារមូលបត្រកម្ពុជា ខណៈសកម្មភាពជួញដូរភាគហ៊ុនបានបន្តកើនឡើងក្នុងឆ្នាំ២០២៦។

តួលេខនេះត្រូវបានបង្ហាញក្នុងពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី នៅអគារផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ២៨ បានកៀរគរទុនសរុបប្រមាណ ៧២០ លានដុល្លារ។ ក្នុងចំណោមក្រុមហ៊ុនទាំងនេះ មានក្រុមហ៊ុនចំនួន ១២ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ ខណៈក្រុមហ៊ុនចំនួន ១៦ ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម។

ឯកឧត្តម ហុង សុហួរ បានឱ្យដឹងថា បរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦ មានប្រមាណជាង ២៣ ម៉ឺនភាគហ៊ុន កើនឡើងជិត ១៥០ ភាគរយ បើធៀបនឹងឆ្នាំ២០២៥។ ទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមមានប្រមាណ ៣០ ម៉ឺនដុល្លារ។

សម្រាប់ខែសីហាកន្លងទៅ បរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមបានកើនឡើងគំហុកដល់ជាង ៥៨ ម៉ឺនភាគហ៊ុនក្នុងមួយថ្ងៃ ខណៈទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមមានប្រមាណ ៨០ ម៉ឺនដុល្លារ។ ចំនួនគណនីជួញដូរក៏បានកើនឡើងដល់ប្រមាណ ៨២,០០០ គណនីផងដែរ។

ក្នុងពិធីនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានបោះផ្សាយ និងចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពមានបុគ្គលធានា ក្នុងទំហំទឹកប្រាក់ ២០ លានដុល្លារ ជាមួយអត្រាការប្រាក់ ៥.៧៥ ភាគរយ សម្រាប់រយៈពេល ៥ ឆ្នាំ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសម្តែងការអបអរសាទរចំពោះគណៈគ្រប់គ្រង និងបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ដែលសម្រេចបានការបោះផ្សាយ និងចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសរំលេចថា LOLC ធ្លាប់បានកៀរគរទុនលើកទី១ ពីផ្សារមូលបត្រកម្ពុជា ក្នុងឆ្នាំ២០១៩ ក្នុងទំហំ ២០ លានដុល្លារ ហើយពេលនេះបានវិលត្រឡប់មកប្រើប្រាស់ប្រភពទុនពីផ្សារមូលបត្រជាលើកទី២ ដែលធ្វើឱ្យគ្រឹះស្ថាននេះកៀរគរមូលធនសរុបប្រមាណ ៤០ លានដុល្លារ ពីទីផ្សារមូលបត្រ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកឡើងថា ការចូលក្នុងផ្សារមូលបត្របានបង្ហាញពីតម្លាភាព និងអភិបាលកិច្ចរឹងមាំ តាមរយៈការអនុញ្ញាតឱ្យចុះបញ្ជីផ្លូវការពីនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ព្រមទាំងការអនុលោមតាមច្បាប់ ស្តង់ដារបាយការណ៍ហិរញ្ញវត្ថុ និងស្ថិរភាពប្រតិបត្តិការរបស់ក្រុមហ៊ុនបោះផ្សាយ។

ឯកឧត្តមបានបន្ថែមថា ការចូលរួមក្នុងផ្សារមូលបត្រក៏បង្ហាញពីទំនុកចិត្តរបស់វិនិយោគិនជាតិ និងអន្តរជាតិលើចក្ខុវិស័យ និងនិរន្តរភាពនៃការរីកចម្រើនរបស់ក្រុមហ៊ុនបោះផ្សាយ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍទីផ្សារមូលធនកម្ពុជា តាមរយៈការបង្កើនទំហំជួញដូរ និងផ្តល់ជម្រើសវិនិយោគចម្រុះជូនវិនិយោគិន។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថា សមិទ្ធផលនេះកើតចេញពីការរួមចំណែករបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលបានធ្វើជាបុគ្គលធានាមូលបត្របំណុលរបស់ LOLC។

ឯកឧត្តមបានបញ្ជាក់ថា ការផ្តល់ការលើកកម្ពស់ឥណទានតាមរយៈការធានានេះ បានដើរតួនាទីយ៉ាងសំខាន់ជាខែលការពារហានិភ័យ ក្នុងការកាត់បន្ថយផលប៉ះពាល់ពីឥណទានមិនដំណើរការ ដែលអាចប៉ះពាល់ដល់លទ្ធភាពរបស់គ្រឹះស្ថានក្នុងការទូទាត់ប្រាក់ដើម និងការប្រាក់ជូនវិនិយោគិន។

ការចូលរួមធានាមូលបត្របំណុលពី CGCC មិនត្រឹមតែជួយកសាង និងបង្កើនទំនុកចិត្តដល់វិនិយោគិនសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានសំខាន់ក្នុងការលើកកម្ពស់កម្រិតឥណទានទីផ្សារ និងគាំទ្រការបោះផ្សាយមូលបត្របំណុលនៅលើផ្សារមូលបត្រកម្ពុជា។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) បានមានប្រសាសន៍ថា មូលបត្របំណុលចីរភាពនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលមូលនិធិរយៈពេលវែង សម្រាប់គាំទ្រគម្រោង និងសកម្មភាពដែលផ្តល់ប្រយោជន៍ជាក់ស្តែងដល់បរិស្ថាន និងសង្គម។

លោកបានបញ្ជាក់ថា ការបោះផ្សាយមូលបត្របំណុលនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ LOLC ក្នុងការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ស្របតាមគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងការចូលរួមគាំទ្រគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល។

មូលនិធិដែលទទួលបានពីការបោះផ្សាយមូលបត្របំណុលចីរភាពនេះ នឹងត្រូវប្រើប្រាស់សម្រាប់ផ្តល់ហិរញ្ញប្បទានដល់គម្រោងដែលគាំទ្រផ្នែកបរិស្ថានប្រមាណ ២០ ភាគរយ និងផ្នែកសង្គមប្រមាណ ៨០ ភាគរយ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានវាយតម្លៃខ្ពស់ចំពោះគ្រប់តួអង្គពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការ និងការគាំទ្រដល់ការអភិវឌ្ឍផ្សារមូលបត្រកម្ពុជា។ លោកបានលើកឡើងថា ភាពជោគជ័យរបស់ LOLC និងក្រុមហ៊ុននានាដែលបានចុះបញ្ជី ទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល គឺកើតចេញពីការចូលរួមយ៉ាងសកម្មពីនិយ័តករមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុនមូលបត្រ ភ្នាក់ងារផ្តល់សេវាមូលបត្រ ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ និងវិនិយោគិន។

ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បន្ថែមថា ការចូលរួមរបស់វិស័យឯកជន ជាពិសេសសហគ្រាសក្នុងស្រុក និងគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងផ្សារមូលបត្រកម្ពុជា បានរួមចំណែកដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងវិស័យហិរញ្ញវត្ថុ និងការអភិវឌ្ឍទីផ្សារមូលធនកម្ពុជា ដើម្បីឈានទៅជាជន្ទល់នៃកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

ជារួម ផ្សារមូលបត្រកម្ពុជា នឹងបន្តចូលរួមគាំទ្រ និងជំរុញការលូតលាស់របស់សហគ្រាសធុនតូច និងមធ្យម ក្នុងគោលដៅរួមចំណែកដល់កំណើនអាជីវកម្មក្នុងស្រុក ព្រមទាំងជំរុញការពង្រីកខ្សែច្រវាក់ផលិតកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល និងឈានជើងចូលទីផ្សារតំបន់។

ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកទឹកចិត្តដល់សហគ្រិនឱ្យគិតគូរ និងផ្សារភ្ជាប់អាជីវកម្មរបស់ខ្លួនទៅនឹងការរីកលូតលាស់នៃផ្សារមូលបត្រកម្ពុជា ជាពិសេសការទាញយកអត្ថប្រយោជន៍ពីការកៀរគរទុនជាសាធារណៈ និងការធ្វើពិពិធកម្មប្រភពទុនតាមរយៈផ្សារមូលបត្រកម្ពុជា ដើម្បីជំរុញការប្រកបអាជីវកម្មឱ្យរលូន និងរីកចម្រើនប្រកបដោយចីរភាព៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times