ក្រសួងទេសចរណ៍ជំរុញ «ទេសចរណ៍ភាពយន្ត» ផ្សព្វផ្សាយកម្ពុជា និងទាក់ទាញភ្ញៀវអន្តរជាតិ

ភ្នំពេញ៖ ក្រសួងទេសចរណ៍កំពុងជំរុញ «ទេសចរណ៍ភាពយន្ត» (Film Tourism) ជាឧបករណ៍ថ្មីសម្រាប់ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ និងអត្តសញ្ញាណកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ខណៈក្រសួងបានបង្ហាញការគាំទ្រដល់គម្រោងផលិតភាពយន្ត «ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ» នៅកម្ពុជា។

ការគាំទ្រនេះត្រូវបានបង្ហាញក្នុងជំនួបរវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ឡៅ ស៊ុនលី ចាងហ្វាងផលិតកម្មប្រាយ ហ្វីម ព្រមទាំងសហការី និងតារាសម្តែងជនជាតិកាណាដា លោក ដាវ ឡឺឌុក (Dave Leduc) កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ក្នុងជំនួបនេះ លោកចាងហ្វាងផលិតកម្មប្រាយ ហ្វីម បានរាយការណ៍អំពីគម្រោងផលិតភាពយន្ត «ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ» និងស្នើសុំអនុសាសន៍ ព្រមទាំងការគាំទ្រសម្របសម្រួលពីក្រសួងទេសចរណ៍ ដើម្បីឱ្យដំណើរការផលិតភាពយន្តប្រព្រឹត្តទៅដោយរលូន និងអាចរួមចំណែកផ្សព្វផ្សាយវប្បធម៌ និងគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ។

ឯកឧត្តម ហួត ហាក់ បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ផលិតកម្មប្រាយ ហ្វីម ក្នុងវិស័យភាពយន្តនៅកម្ពុជា ព្រមទាំងបង្ហាញការចាប់អារម្មណ៍ចំពោះគម្រោងនេះ ដោយចាត់ទុកថា ភាពយន្តអាចដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយសិល្បៈ វប្បធម៌ អត្តសញ្ញាណជាតិ និងតំបន់ទេសចរណ៍សក្តានុពលរបស់កម្ពុជា។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្រសួងស្វាគមន៍ និងគាំទ្រគម្រោងថតភាពយន្តនៅកម្ពុជា ហើយត្រៀមសម្របសម្រួលការងារពាក់ព័ន្ធ ស្របតាមតួនាទី និងភារកិច្ចរបស់ក្រសួង។ ចំពោះនីតិវិធី និងខ្លឹមសារនៃការផលិតភាពយន្ត ក្រុមហ៊ុនត្រូវស្នើសុំការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអនុវត្តតាមបទប្បញ្ញត្តិជាធរមាន។

ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍កំពុងយកចិត្តទុកដាក់ខ្ពស់លើការជំរុញ «ទេសចរណ៍ភាពយន្ត» ដោយមើលឃើញថា វាជាឧបករណ៍មានសក្តានុពលសម្រាប់នាំយករូបភាពកម្ពុជា ទៅផ្សព្វផ្សាយនៅលើទីផ្សារអន្តរជាតិ។

ដោយទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារអន្តរក្រសួងដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា ត្រូវបានបង្កើតឡើង ដោយមានឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធាន។

ក្រុមការងារនេះមានភារកិច្ចរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពគាំទ្រវិស័យទេសចរណ៍ភាពយន្ត សិក្សា និងរៀបចំតំបន់សក្តានុពលសម្រាប់ការផលិតភាពយន្ត បទចម្រៀងទេសចរណ៍ និងស្ប៉តពាណិជ្ជកម្ម ព្រមទាំងជំរុញការអភិវឌ្ឍ និងការវិនិយោគលើឧស្សាហកម្មទេសចរណ៍ភាពយន្ត និងសិក្សារៀបចំយន្តការលើកទឹកចិត្តដល់ការផលិតភាពយន្តនៅកម្ពុជា។

ក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានលើកទឹកចិត្តដល់ផលិតកម្មប្រាយ ហ្វីម ឱ្យចូលរួមផលិតភាពយន្ត និងវីដេអូដែលមានការនិទានរឿងអំពីប្រាសាទ បេតិកភណ្ឌ វប្បធម៌ ធម្មជាតិ និងតំបន់ទេសចរណ៍សក្តានុពលនានារបស់កម្ពុជា ដើម្បីបង្ហាញភាពស្រស់ស្អាត និងភាពសម្បូរបែបរបស់កម្ពុជាដល់ទស្សនិកជនអន្តរជាតិ។

ឯកឧត្តមក៏បានអញ្ជើញផលិតកម្មប្រាយ ហ្វីម ឱ្យចូលរួមសហការផ្សព្វផ្សាយយុទ្ធនាការ និងព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗរបស់ក្រសួងទេសចរណ៍ ជាពិសេសយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» (Green Season) និងការជំរុញ Soft Power តាមរយៈទេសចរណ៍ភាពយន្ត ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍កីឡា ការទស្សនាប្រាសាទនាពេលរាត្រី ការប្រគំតន្ត្រីអន្តរជាតិ និងព្រឹត្តិការណ៍ទេសចរណ៍ជាតិ-អន្តរជាតិនានា។

តាមរយៈការជំរុញទេសចរណ៍ភាពយន្ត ក្រសួងទេសចរណ៍មានគោលដៅប្រើប្រាស់ការផលិតភាពយន្ត និងមាតិកាដែលមានកម្ពុជាเป็นទីតាំងសំខាន់ ដើម្បីផ្សារភ្ជាប់ការកម្សាន្តជាមួយការស្គាល់វប្បធម៌ បេតិកភណ្ឌ និងគោលដៅទេសចរណ៍ ដែលអាចជួយបង្កើនការចាប់អារម្មណ៍របស់ទស្សនិកជនអន្តរជាតិចំពោះកម្ពុជា៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times