កម្ពុជា-ចិន ជំរុញការដោះស្រាយបញ្ហាវិនិយោគិន និងទាក់ទាញទុនវិនិយោគថ្មី

ភ្នំពេញ៖ កម្ពុជា និងចិន បានបន្តពង្រឹងកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន ដោយផ្តោតលើការដោះស្រាយបញ្ហាប្រឈមរបស់ក្រុមហ៊ុនចិន កែលម្អបរិយាកាសធុរកិច្ច និងបង្កើនទំនុកចិត្តរបស់វិនិយោគិន ដើម្បីជំរុញការពង្រីកការវិនិយោគ និងទាក់ទាញទុនវិនិយោគថ្មីៗមកកម្ពុជា។ កិច្ចសន្ទនារដ្ឋ-ឯកជននេះក៏ត្រូវបានរៀបចំជាយន្តការសម្រាប់តាមដានការដោះស្រាយបញ្ហាដែលវិស័យឯកជនបានលើកឡើងផងដែរ។

កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសហធិបតីដឹកនាំ កិច្ចសន្ទនាលើកទី២ រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-ចិន។

កិច្ចសន្ទនានេះមានគោលបំណងពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច និងកសាងទំនុកចិត្តពីសហគមន៍ធុរកិច្ចចិន ដើម្បីជំរុញការពង្រីកវិសាលភាពវិនិយោគ និងទាក់ទាញការវិនិយោគថ្មីៗមកកម្ពុជា។

កម្មវិធីនេះមានការចូលរួមពីឯកឧត្តម គង់ វិមាន អគ្គលេខាធិការអគ្គលេខាធិការដ្ឋាននៃ ក.អ.ក. ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក. តំណាងក្រសួង-ស្ថាប័នជាសមាជិក ក.អ.ក. ថ្នាក់ដឹកនាំ ក.អ.ក. ទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មនៃស្ថានទូតចិន ប្រធានសភាពាណិជ្ជកម្មចិននៅកម្ពុជា និងតំណាងក្រុមហ៊ុន សហគ្រាសចិនដែលកំពុងប្រតិបត្តិការនៅកម្ពុជាប្រមាណជាង ៧០ ស្ថាប័ន។

កិច្ចសន្ទនាលើកទី២ បានផ្តោតលើការពិនិត្យបច្ចុប្បន្នភាព និងវឌ្ឍនភាពការងារ តាមរយៈការវាយតម្លៃរួមលើស្មារតីដែលបានដាក់ចេញក្នុងកិច្ចសន្ទនាលើកទី១ ការពិភាក្សាអំពីគោលនយោបាយ និងបទប្បញ្ញត្តិពាក់ព័ន្ធ ការផ្លាស់ប្តូរមតិយោបល់ ទស្សនៈ និងសំណូមពរពីតំណាងក្រុមហ៊ុន សហគ្រាសចិន ព្រមទាំងការឆ្លើយតប និងការបកស្រាយពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងការកំណត់ទិសដៅការងារបន្ត។

ក្នុងប្រសាសន៍បើកកិច្ចសន្ទនា ឯកឧត្តម ស៊ុន ចាន់ថុល បានសម្តែងការស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតចិន ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិនិយោគិន ធុរជន និងតំណាងក្រុមហ៊ុន សហគ្រាសចិនដែលបានចូលរួមក្នុងកិច្ចសន្ទនានេះ។

ឯកឧត្តមបានរំលឹកអំពីលទ្ធផលនៃកម្មវិធី «Open Day with DPM» លើកទី១ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១ ខែកញ្ញា។ តាមរយៈជំនួបផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនចំនួន ២០ ឯកឧត្តមបានស្តាប់ពីកង្វល់ បញ្ហាប្រឈម និងតម្រូវការជាក់ស្តែងរបស់វិស័យឯកជន ហើយបានប្តេជ្ញានាំយកបញ្ហាទាំងនោះទៅពិភាក្សា និងធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងទាន់ពេលវេលា។

ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ជាថ្មីអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាត និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ដើម្បីធានាបាននូវបរិយាកាសធុរកិច្ចប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដែលជាសក្ខីភាពមួយបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងបទល្មើសនេះ ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។

លើសពីនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានរំលឹកពីលទ្ធផលវិជ្ជមានដែលទទួលបានពីបេសកកម្មគោះទ្វារវិនិយោគនៅតាមបណ្តាប្រទេសនានាកន្លងមក និងបានបញ្ជាក់ពីផែនការដឹកនាំគណៈប្រតិភូទៅបំពេញបេសកកម្មទាក់ទាញ និងជំរុញការវិនិយោគនៅប្រទេសចិន ជាពិសេសនៅទីក្រុង Xiamen និង Shenzhen នាពេលឆាប់ៗខាងមុខ។

បេសកកម្មនេះមានគោលដៅបន្តកៀរគរទុនវិនិយោគបន្ថែម និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងចិនឱ្យកាន់តែស៊ីជម្រៅ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ជាថ្មីពីឆន្ទៈរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន ក.អ.ក. ក្នុងការជំរុញកំណែទម្រង់ និងធ្វើទំនើបកម្មស្ថាប័ន ក.អ.ក. ដើម្បីលើកកម្ពស់ឧត្តមភាពប្រតិបត្តិការការងារ ជាពិសេសការទាក់ទាញ សម្របសម្រួល និងថែទាំគាំទ្រវិនិយោគិនឱ្យកាន់តែរហ័ស ឆ្លើយតបចំតម្រូវការ និងមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ ឯកឧត្តម Wang Wenbin បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក.អ.ក. ចំពោះការផ្តល់ការគាំទ្រ និងយកចិត្តទុកដាក់ក្នុងការរៀបចំ «កិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-ចិន»។

ឯកឧត្តមបានបញ្ជាក់ថា កិច្ចសន្ទនានេះបានបង្ហាញពីមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងក្របខណ្ឌ «សហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល»។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា តាមរយៈការផ្លាស់ប្តូរមតិយោបល់ក្នុងកិច្ចសន្ទនាលើកទី១ ស្ថានទូតបានកត់សម្គាល់ថា សំណូមពរ និងបញ្ហាប្រឈមមួយចំនួនធំដែលវិស័យឯកជនចិនបានលើកឡើង ត្រូវបានយកចិត្តទុកដាក់ដោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព។ កិច្ចសន្ទនារដ្ឋ-ឯកជនលើកទី១ ក៏ត្រូវបានរៀបចំឡើងក្នុងគោលបំណងស្តាប់បញ្ហាប្រឈមរបស់វិនិយោគិនចិន និងស្វែងរកដំណោះស្រាយចំពោះបញ្ហាទាំងនោះ។

តាមរយៈកិច្ចសន្ទនាដោយស្មោះត្រង់ និងក្នុងស្មារតីសហការខ្ពស់ ភាគីទាំងពីរបានវាយតម្លៃថា «កិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-ចិន» មិនត្រឹមតែជាយន្តការពិគ្រោះយោបល់ និងដោះស្រាយបញ្ហាប្រឈមជាក់ស្តែងរបស់វិស័យឯកជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយន្តការសំខាន់សម្រាប់ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះលទ្ធផលដែលទទួលបានពីយន្តការនៃកិច្ចសន្ទនា និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរួមក្នុងការបន្តជំរុញទំនាក់ទំនងពាណិជ្ជកម្ម បង្កើនទំហំវិនិយោគទ្វេភាគី និងលើកកម្ពស់បរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពអំណោយផល និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់វិនិយោគិន។

មុនបញ្ចប់កិច្ចសន្ទនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធចំពោះកិច្ចសហការកន្លងមក ក៏ដូចជាការចូលរួមផ្តល់មតិយោបល់ ទស្សនៈ និងសំណូមពរនានា។

ឯកឧត្តមបានជំរុញ និងលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងបង្កើនប្រសិទ្ធភាពក្នុងការតាមដាន វាយតម្លៃ និងអនុវត្តទិសដៅការងារដែលបានដាក់ចេញក្នុងកិច្ចសន្ទនា ដើម្បីធានាដំណោះស្រាយប្រកបដោយនិរន្តរភាព និងពង្រឹងទំនុកចិត្តរបស់សហគមន៍ធុរកិច្ចចិនក្នុងការវិនិយោគនៅកម្ពុជា។

តាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចិនគឺជាប្រភពទុនវិនិយោគធំបំផុតរបស់កម្ពុជា ដោយបានរួមចំណែកប្រមាណ ៨៣ ភាគរយនៃទំហំទុនវិនិយោគសរុបនៅកម្ពុជាក្នុងឆ្នាំ២០២៥។ ក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០២៦ ទុនវិនិយោគពីប្រទេសចិនមានប្រមាណ ១.៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក។

គម្រោងវិនិយោគលេចធ្លោរបស់ចិននៅកម្ពុជារួមមាន ការបង្កើតរោងចក្រផលិតសម្បកថ្នាំពេទ្យ សម្បកកង់រថយន្ត គ្រឿងបន្លាស់រថយន្ត និងរោងចក្រផលិត និងដំឡើងបរិក្ខារអគ្គិសនី និងអេឡិចត្រូនិក។

ក្រៅពីនេះ ក្រុមហ៊ុន និងវិនិយោគិនចិនក៏បានចូលរួមក្នុងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កម្ពុជាផងដែរ ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ជាដើម៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times