ក្រុមហ៊ុន Panasonic មើលឃើញសក្តានុពលកម្ពុជា ស្វែងរកកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យា និងការវិនិយោគ

ភ្នំពេញ៖ ក្រុមហ៊ុន Panasonic បានមើលឃើញកម្ពុជាជាទីផ្សារដ៏សំខាន់ និងបង្ហាញបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា ប្រសិទ្ធភាពថាមពល ការអភិវឌ្ឍធនធានមនុស្ស ស្តង់ដាផលិតផល និងការពង្រឹងភាពអនុលោម ខណៈរាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណាកម្ពុជាជាទីតាំងសក្តានុពលសម្រាប់រោងចក្រ និងខ្សែច្រវាក់ផលិតកម្មនាពេលអនាគត។

ក្នុងជំនួបជាមួយគណៈប្រតិភូជាន់ខ្ពស់របស់ក្រុមហ៊ុន Panasonic នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានពិភាក្សាអំពីឱកាសពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា ប្រសិទ្ធភាពថាមពល ការអភិវឌ្ឍធនធានមនុស្ស ស្តង់ដាផលិតផល និងលទ្ធភាពពង្រីកការវិនិយោគនៅកម្ពុជា។

គណៈប្រតិភូរបស់ក្រុមហ៊ុន Panasonic ដឹកនាំដោយលោក Eiichi Katayama ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Panasonic HVAC & CC Co., Ltd. ដែលត្រូវបានបង្កើតឡើងកាលពីខែមេសា ដើម្បីបង្រួបបង្រួមអាជីវកម្មរបស់ Panasonic លើប្រព័ន្ធកំដៅ ប្រព័ន្ធខ្យល់ចេញចូល ម៉ាស៊ីនត្រជាក់ និងប្រព័ន្ធខ្សែច្រវាក់ត្រជាក់។

ក្នុងជំនួបនេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្មទៅកាន់វិស័យយានយន្ត អេឡិចត្រូនិក និងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។

ទន្ទឹមនឹងនេះ កម្ពុជាកំពុងពង្រឹងការអភិវឌ្ឍជំនាញ ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់ឧស្សាហកម្មដែលផ្អែកលើបច្ចេកវិទ្យាកាន់តែខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យ Panasonic ពិចារណាកម្ពុជាមិនត្រឹមតែជាទីផ្សារសម្រាប់លក់ផលិតផលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីតាំងសក្តានុពលសម្រាប់រៀបចំរោងចក្រ និងខ្សែច្រវាក់ផលិតកម្មនាពេលអនាគតផងដែរ។

ឯកឧត្តមបានលើកឡើងថា៖ «កម្ពុជាជាទីតាំងដ៏សក្តានុពលសម្រាប់ Panasonic ប្រសិនបើក្រុមហ៊ុនកំពុងពិចារណាធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មរបស់ខ្លួន។ កម្ពុជាមិនមែនជាទីផ្សារល្អឥតខ្ចោះទេ ប៉ុន្តែយើងជាទីផ្សារដែលមានការប្តេជ្ញាចិត្តខ្ពស់ចំពោះការវិនិយោគ ពិសេសដោយក្រុមហ៊ុនសាកលដូចជា Panasonic»។

តំណាងក្រុមហ៊ុន Panasonic បានបង្ហាញវិស័យអាទិភាពចំនួនបីសម្រាប់កិច្ចសហប្រតិបត្តិការនៅកម្ពុជា រួមមាន ប្រសិទ្ធភាពថាមពល និងដំណោះស្រាយប្រព័ន្ធ HVAC ទំនើប ការអភិវឌ្ឍបច្ចេកវិទ្យា និងធនធានមនុស្ស ព្រមទាំងគុណភាព ស្តង់ដា និងការពង្រឹងភាពអនុលោម។

ក្រុមហ៊ុនគ្រោងនឹងនាំយកបច្ចេកវិទ្យាម៉ាស៊ីនត្រជាក់ពាណិជ្ជកម្មថ្មីចូលមកទីផ្សារកម្ពុជា និងបន្តគាំទ្រវិស្វករ និងនិស្សិតកម្ពុជា តាមរយៈអាហារូបករណ៍ កម្មសិក្សា កិច្ចសហការជាមួយសាកលវិទ្យាល័យ និងការបណ្តុះបណ្តាលបច្ចេកទេសទាំងក្នុង និងក្រៅប្រទេស។

លោក Katayama បានលើកឡើងថា៖ «កម្ពុជាគឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ Panasonic។ យើងចង់ចូលរួមគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និងនាំយកបច្ចេកវិទ្យា និងចំណេះដឹងបច្ចេកទេសរបស់យើងមកកាន់ប្រទេសនេះ»។

Panasonic ក៏បានបង្ហាញការគាំទ្រចំពោះការអនុវត្ត និងការពង្រឹងអនុលោមភាពតាមស្តង់ដាដែលមានស្រាប់របស់កម្ពុជាឱ្យបានស្មើភាពចំពោះគ្រប់ម៉ាកផលិតផល និងផលិតផលមកពីគ្រប់ប្រទេស ដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព និងការការពារអ្នកប្រើប្រាស់។

ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះការបន្តវិនិយោគរបស់ Panasonic លើធនធានមនុស្សកម្ពុជា និងបានស្នើឱ្យមានកិច្ចសហការកាន់តែជិតស្និទ្ធលើការអប់រំអ្នកប្រើប្រាស់ ការស្រាវជ្រាវ និងការអភិវឌ្ឍនាពេលអនាគត។

ឯកឧត្តមបានបន្ថែមថា៖ «នៅពេលដែលយើងអាចបង្កើតដំណោះស្រាយស្រាវជ្រាវ និងអភិវឌ្ឍន៍ និងដំណោះស្រាយបច្ចេកវិទ្យាក្នុងស្រុកបាន ខ្ញុំគិតថា អត្ថប្រយោជន៍នឹងមានសម្រាប់ទាំង Panasonic និងទីផ្សារទូទៅ»។

ឯកឧត្តមបានបញ្ជាក់ថា ក្រសួងត្រៀមលក្ខណៈក្នុងការគាំទ្រ Panasonic ប្រសិនបើក្រុមហ៊ុនសម្រេចពង្រីកខ្សែផលិតកម្ម ឬផ្នែកណាមួយនៃខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនមកកម្ពុជា៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times