សមាគមឧកញ៉ាកម្ពុជា បង្កើតភាពជាដៃគូថ្មីជាមួយក្រុមហ៊ុន ១០ បង្កើនអត្ថប្រយោជន៍សមាជិក

ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនចំនួន ១០ ដើម្បីពង្រឹងបណ្តាញភាពជាដៃគូក្នុងវិស័យឯកជន និងបង្កើតអត្ថប្រយោជន៍ជាក់ស្តែងបន្ថែមទៀតសម្រាប់សមាជិក គ្រួសារសមាជិក និងបុគ្គលិករបស់សមាគម។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះធ្វើឡើង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ដោយមានការចូលរួមពីលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាអនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកសមាគម ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនទាំង ១០។

ក្នុងឱកាសនេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានចាត់តាំងអ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែសីហា និងជាប្រធានគណៈកម្មការសុខាភិបាល និងឱសថ ធ្វើជាតំណាងសមាគមក្នុងការចុះហត្ថលេខាលើ MoU ជាមួយក្រុមហ៊ុនទាំង ១០។

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានមានប្រសាសន៍ថា ការចុះ MoU នេះ គឺជាជំហានសំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាគម និងដៃគូក្នុងវិស័យឯកជន ព្រមទាំងបង្កើតអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់សមាជិក គ្រួសារសមាជិក បុគ្គលិករបស់សមាជិក និងបុគ្គលិករបស់សមាគម។

លោកអ្នកឧកញ៉ា បានបន្ថែមថា កិច្ចសហប្រតិបត្តិការទាំងនេះ នឹងជួយពង្រីកបណ្តាញសេវាកម្ម និងឱកាសដែលអាចផ្តល់តម្លៃបន្ថែមដល់សហគមន៍សមាគម។

ការចុះ MoU ជាមួយក្រុមហ៊ុនទាំង ១០ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងការបង្កើតតម្លៃបន្ថែមជូនសមាជិក តាមរយៈការភ្ជាប់សមាជិកជាមួយសហគ្រាស និងដៃគូអាជីវកម្មដែលមានសក្តានុពល។

សមាគមបានឱ្យដឹងថា ភាពជាដៃគូទាំងនេះ មានគោលបំណងបង្កើតអត្ថប្រយោជន៍ជាក់ស្តែង និងលើកកម្ពស់បរិយាកាសសហប្រតិបត្តិការដែលមានភាពច្នៃប្រឌិត និងចីរភាព។

ក្រុមហ៊ុនដែលបានចូលរួមចុះ MoU ជាមួយសមាគមឧកញ៉ាកម្ពុជា រួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ (Techo International Airport – TIA), មន្ទីរពេទ្យ អ៊ីនធ័រឃែរ (Intercare Hospital), មន្ទីរពហុព្យាបាល សុខ រក្សា (Sok Reaksa Polyclinic), ក្រុមហ៊ុន KH Haitech, សាលាអន្តរជាតិ TIA International School, សាលាអន្តរជាតិ Bromsgrove International School, សាលាអាមេរិកាំង ហ្គោលឌិនហ្គេត (Golden Gate American School), ក្រុមហ៊ុន Professional Trader Cambodia, ក្រុមហ៊ុន FSC KH Co., LTD និងក្រុមហ៊ុន CAMKO Motor Company Ltd.

សមាគមឧកញ៉ាកម្ពុជាបានបញ្ជាក់ថា ព័ត៌មានបន្ថែមស្តីពីខ្លឹមសារ និងអត្ថប្រយោជន៍នៃ MoU នីមួយៗ នឹងត្រូវបានជម្រាបជូន និងផ្សព្វផ្សាយជាបន្តបន្ទាប់នៅពេលខាងមុខ៕

អត្ថបទ៖ ប៊ី, ប្រភព និងរូបភាព៖ សមាគមឧកញ៉ាកម្ពុជា

តាមដានជាមួយយើង៖ Million Times