លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលជាភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប បានប្រកាស ផ្ដល់ជូនអាហារូបករណ៍សិក្សា ៥ កន្លែង នៅសាកលវិទ្យាល័យ ដល់សិស្សដែលប្រឡងបាក់ឌុបជាប់ សម្រាប់ឆ្នាំ ២០២៦ នេះ។

តាមរយៈសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នឹងផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែង នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ជូនដល់សិល្បករសិល្បការិនី ស្របពេលការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ១០ សីហា ២០២៦ ជិតចេញហើយ ពោលគឺថ្ងៃ ២ ខែកញ្ញា ខាងមុខ។
ប្រធានសមាគមសិល្បករខ្មែរ នឹងផ្ដល់អាហារូបករណ៍ចំនួន ៥កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ជូនដល់សិល្បករសិល្បការិនី ជាសមាជិកសមាគម ដើម្បីរួមចំណែកកសាងធនធានមនុស្ស និងជាការតបស្នងចំពោះកិច្ចខិតខំថែរក្សាការពារសិល្បៈវប្បធម៌ ក៏ដូចជាជួយសម្រួលដល់ការខ្វះខាតរបស់សិល្បករមួយចំនួនផងដែរ។
សមាជិកសិល្បករសិល្បការិនីដែលមានបំណងទទួលបានឱកាសអាហារូបករណ៍ដ៏ពិសេសពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន រួសរាន់មកសាកសួរព័ត៌មានដោយផ្ទាល់ នៅទីស្នាក់ការសមាគមសិល្បករខ្មែរ ដែលមានអាសយដ្ឋាន ផ្ទះលេខ៩៣ ផ្លូវ៣៧៦ ភូមិ១ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃ ១៥ ខែកញ្ញា ឆ្នាំ២០២៦ ឬ តាមរយៈលេខទូរស័ព្ទ ០៩៥ ៨២៦ ៨២៦/ ០៩៥ ៨២៧ ៨២៧៕


អត្ថបទ៖ឆដា, រូបភាព៖Khmer Artists Association




