លោក អ៊ឹង ឬទ្ធី កូនប្រុសច្បងរូបសង្ហា របស់អ្នកឧកញ៉ា លាង ម៉េង ចូលកាន់ការងារនៅធនាគារជីប ម៉ុង

ក្រុមហ៊ុន ជីប ម៉ុង បាន​កំពុង​នាំ​យក​អ្នក​ជំនាន់​ក្រោយ​ដែល​ពោរពេញ​ដោយ​សមត្ថភាព ហើយ​សុទ្ធសឹងតែ​ជា​កូន​ចៅ​ប្រុស​ស្រី​របស់​ខ្លួន ហើយ​ជាក់ស្ដែង​ៗ​ថ្មី​ៗ​នេះ កូន​ប្រុស​ៗ​របស់​សហ​ស្ថាបនិក ជីប ម៉ុង ​លោកអ្នក​ឧកញ៉ា លាង ឃុន និង​អ្នក​ឧកញ៉ា លាង ម៉េង បាន​បន្ត​ចូលរួម​ក្នុង​សម្ព័ន្ធ​ដ៏​ធំ​របស់​ក្រុម​គ្រួសារ។

ក្នុង​នោះ លោក អ៊ឹង ឬទ្ធី កូន​ប្រុស​ច្បង​របស់​អ្នកឧកញ៉ា លាង ម៉េង ត្រូវបានតែងតាំងជា អគ្គនាយក​បន្តវេន នៃ​ធនាគារ ជីប ម៉ុង ដែល​ជា​ការ​បន្ត​ចក្ខុវិស័យ និង​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ជំរុញ​ធនាគារ​ឲ្យ​បន្ត​រីកចម្រើន និង​ឈាន​ទៅ​មុខ​យ៉ាង​រឹងមាំ។

លោក អ៊ឹង ឬទ្ធី ទើប​ត្រឡប់​មកពី​បរទេស ដើម្បី​សន្សំ​បទ​ពិសោធន៍​នៅ​ប្រទេស​ធំ រង់ចាំ​ថ្ងៃ​ស័ក្តិសម​វិល​មក​ជួយ​ក្រុមហ៊ុន​របស់​គ្រួសារ​ធំ ជីប ម៉ុង។ ធនាគារ ជីប ម៉ុង បាន​រៀបចំ​ពិធី​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ដល់​លោក អ៊ឹង ឬទ្ធី ​និង​ភរិយា ក្នុង​ការ​ចូលរួម​បំពេញ​ការងារ​ក្នុង​ក្រុមហ៊ុន។

ធនាគារ ជីប ម៉ុង ជឿជាក់​សមត្ថភាព ចក្ខុវិស័យ និងភាពជាអ្នកដឹកនាំរបស់លោក អ៊ឹង ឬទ្ធី ថា នឹង​រួម​ចំណែក​ជំរុញ​ការ​អភិវឌ្ឍ​ន៍​ថ្មី​ៗ លើក​កម្ពស់​នវានុវត្តន៍ និងបង្កើតតម្លៃកាន់តែប្រសើរជូនអតិថិជន ដើ​ម្បីនាំ ធនាគារ ជីប ម៉ុង ក្នុងនាមជាធនាគារខ្មែរ ឆ្ពោះទៅរកការរីកចម្រើនកាន់តែរឹងមាំ និង​ប្រកប​ដោយ​ចីរភាព។

គួរបញ្ជាក់​ថា លោក អ៊ឹង ឬទ្ធី ទទួលបានការចាប់អារម្មណ៍ខ្លាំង នាថ្ងៃមង្គលការ ដែលបានរៀបចំឡើងកាលពីថ្ងៃ ២ ខែកក្កដា ឆ្នាំ ២០២២ ជាមួយកូនក្រមុំរូបស្រស់ ផន​ សុផានីសា ដែលជាចៅស្រី ឯកឧត្ដម ជា សុផារ៉ា។ អ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលពីមង្គលការដ៏ធំប្រចាំឆ្នាំ មានការតុបតែង និងរូបឆោមលោមពណ៌សមគ្នា ព្រមជាមួយបទចម្រៀងដែលអ្នកឧកញ៉ា លាង ម៉េង និងភរិយា ច្រៀងបរិយាយពីការទទួលស្វាគមន៍កូនប្រសាស្រីដ៏បវរ ល្បីល្បាញពេញប្រទេស៕

អត្ថបទ៖ ឆដា, រូបភាព៖ Chip Mong Bank