ភ្នំពេញ៖ ADB Frontier បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានបឋមសម្រាប់ការអភិវឌ្ឍអាជីវកម្មចំនួន ២០ម៉ឺនដុល្លារ ជាមួយក្រុមហ៊ុន Khmer Milky Food (KMF) ដែលជាក្រុមហ៊ុនកែច្នៃទឹកដោះគោនៅកម្ពុជា ដើម្បីគាំទ្រការកែលម្អផលិតកម្ម និងការពង្រីកអាជីវកម្ម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
ហិរញ្ញប្បទាននេះមានគោលដៅជួយពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក បង្កើតការងារជំនាញ និងកាត់បន្ថយការពឹងផ្អែកលើផលិតផលទឹកដោះគោនាំចូល។
KMF ត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយថ្នាក់ដឹកនាំប្រកបដោយភាពស្វាហាប់ និងមានសហស្ថាបនិកជាស្ត្រី។ ក្រុមហ៊ុនផលិតឈីស និងទឹកដោះគោជូរធម្មជាតិបែបអ៊ីតាលី ដែលស្រស់ ធម្មជាតិ និងគ្មានសារធាតុរក្សាទុក។ មានមូលដ្ឋាននៅរាជធានីភ្នំពេញ និងចែកចាយផលិតផលទូទាំងប្រទេស KMF ផ្គត់ផ្គង់ផលិតផលជាច្រើនប្រភេទ រួមមានយ៉ាអួ ឈីស Burrata ឈីស Mozzarella ឈីស Ricotta និងឈីសគុណភាពខ្ពស់ផ្សេងទៀត ដល់សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប និងសាលារៀនអន្តរជាតិនៅកម្ពុជា។
KMF កំពុងចូលរួមអភិវឌ្ឍឧស្សាហកម្មកែច្នៃទឹកដោះគោក្នុងស្រុក នៅក្នុងទីផ្សារដែលផលិតផលនាំចូលបានគ្របដណ្តប់អស់រយៈពេលជាយូរ។ តាមរយៈការប្រើប្រាស់ទឹកដោះគោស្រស់ពីកសិដ្ឋានផលិតទឹកដោះគោក្នុងប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនមួយផ្សេងទៀតដែលទទួលបានការគាំទ្រពី ADB Frontier, KMF កំពុងពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក និងបង្កើនឱកាសសម្រាប់ផលិតករកម្ពុជា។
ប្រតិបត្តិការរបស់ក្រុមហ៊ុនក៏គាំទ្រដល់ការងារជំនាញក្នុងវិស័យកែច្នៃម្ហូបអាហារ និងចូលរួមលើកកម្ពស់ស្តង់ដារគុណភាពផលិតផលអាហារដែលផលិតក្នុងស្រុក។
ការវិនិយោគនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ADB Frontier ក្នុងការគាំទ្រសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលទើបចាប់ផ្តើម និងកំពុងរីកចម្រើន និងមានសក្តានុពល។ សហគ្រាសទាំងនេះត្រូវបានចាត់ទុកថាជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា និងមានតួនាទីសំខាន់ក្នុងការជំរុញនវានុវត្តន៍ ការបង្កើតការងារ និងការអភិវឌ្ឍវិស័យឯកជន។
នាយិកា ADB ប្រចាំប្រទេសកម្ពុជា លោកស្រី Yasmin Siddiqi មានប្រសាសន៍ថា៖ «សហគ្រាសធុនតូច និងមធ្យមគឺជាស្នូលនៃអនាគតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ការគាំទ្រសហគ្រិនដែលផ្តល់អត្ថប្រយោជន៍ និងប្រាក់ចំណូលក្នុងស្រុក និងបង្កើតការងារប្រកបដោយគុណភាព គឺមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន»។
លោកស្រីបន្តថា KMF បង្ហាញឱ្យឃើញថា អាជីវកម្មប្រកបដោយភាពច្នៃប្រឌិតអាចពង្រឹងឧស្សាហកម្មក្នុងស្រុក អភិវឌ្ឍជំនាញ និងបំពេញតម្រូវការដែលកំពុងវិវត្តរបស់អ្នកប្រើប្រាស់នៅកម្ពុជា។
នាយកប្រតិបត្តិនៃក្រុមហ៊ុន KMF លោក ស៊ាង សុវណ្ណ មានប្រសាសន៍ថា ការគាំទ្ររបស់ ADB Frontier ផ្តល់ឱ្យ KMF នូវទំនុកចិត្តក្នុងការរីកចម្រើនប្រកបដោយនិរន្តរភាព ក្នុងដំណាក់កាលដ៏សំខាន់នៃដំណើរអាជីវកម្មរបស់ក្រុមហ៊ុន។
លោកបានបន្ថែមថា ការគាំទ្រនេះបានជួយ KMF ពង្រឹងអភិបាលកិច្ចសាជីវកម្ម បង្កើនតម្លាភាព និងពង្រឹងគណនេយ្យភាព ដែលជួយកសាងទំនុកចិត្តកាន់តែខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់ និងភាគីពាក់ព័ន្ធផ្សេងទៀត។
ហិរញ្ញប្បទាននេះនឹងអនុញ្ញាតឱ្យ KMF អភិវឌ្ឍគ្រឿងបរិក្ខារផលិតកម្ម ដូចជាម៉ាស៊ីនវេចខ្ចប់ វិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រមទាំងបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកទីផ្សារឌីជីថល។
ការកែលម្អទាំងនេះត្រូវបានរំពឹងថានឹងជួយបង្កើនប្រសិទ្ធភាព កែលម្អគុណភាពផលិតផល និងពង្រឹងសមត្ថភាពរបស់ KMF ក្នុងការឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើងនៅតាមផ្សារទំនើប និងក្នុងចំណោមអ្នកប្រើប្រាស់ជាលក្ខណៈគ្រួសារ៕
អត្ថបទ៖ ប៊ី





