កម្ពុជា​-​ម៉ាឡេស៊ី ​ជំរុញ​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​ ​ខណៈ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ ​៧​ខែ​ ​ឈាន​ដល់​ ៩៤៧ ​លាន​ដុល្លារ

ភ្នំពេញ​៖​ ​កម្ពុជា​ ​និង​ម៉ាឡេស៊ី ​កំពុង​ជំរុញ​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​ ​និង​កិច្ច​សហប្រតិបត្តិការ​រវាង​វិស័យ​ឯកជន​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ក្នុង​រយៈពេល​ ៧​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦ ​បាន​កើន​ដល់​ប្រមាណ ៩​៤៧ លាន​ដុល្លារ ​កើនឡើង​ ​៥៨​,​២៧​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥​។

ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នេះ​ ​ត្រូវ​បាន​លើកឡើង​ក្នុង​វេទិកា​ពាណិជ្ជកម្ម​កម្ពុជា​-​ម៉ាឡេស៊ី ​និង​ជំនួប​ផ្គូផ្គង​ធុរកិច្ច​ ​ភ្ជាប់​ជាមួយ​បេសកកម្ម​ជំរុញ​ការ​នាំចេញ​ ​(​EAM​)​ ​មកកាន់​កម្ពុជា​ ​ឆ្នាំ​២០២៦ ​ដែល​បាន​រៀបចំឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ​ខែ​សីហា ​ឆ្នាំ​២០២៦ ​នៅ​សណ្ឋាគារ​ Hyatt ​Regency Phnom Penh ​ក្រោម​អធិបតីភាព​លោក​ជំទាវ ចម និម្មល ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​។

​ពិធី​នេះ​មាន​ការ​ចូលរួម​ពី​ ​ឯកឧត្តម​បណ្ឌិត​ អូស្មាន​ ហាស្សាន់​ ទេស​រដ្ឋមន្ត្រី​ ​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ ​ឯកឧត្តម​ ​Shaharuddin Bin ​Onn ​ឯក​អគ្គ​រាជ​ទូត​វិសាមញ្ញ​ ​និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ម៉ាឡេស៊ី ​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ​ឯកឧត្តម​ ​Dato​’ Seri Reezal ​Merican Naina ​Merican ​ប្រធាន​សាជីវកម្ម​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ម៉ាឡេស៊ី ​(​MA​TRADE​)​ ​ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ ​តំណាង​សហគមន៍​ធុរកិច្ច ​និង​ក្រុមហ៊ុន​នៃ​ប្រទេស​ទាំង​ពីរ​។

​ក្នុង​ឱកាស​នោះ​ ​លោក​ជំទាវ ចម និម្មល ​បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ​ម៉ាឡេស៊ី ​និង​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ម៉ាឡេស៊ី ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​ MATRADE ​និង​ដៃគូ​ពាក់ព័ន្ធ​ ​ដែល​បាន​ផ្តួចផ្តើម​ ​និង​សហការ​រៀបចំ​វេទិកា​ពាណិជ្ជកម្ម ​និង​ជំនួប​ផ្គូផ្គង​ធុរកិច្ច​នេះ​ ​ដើម្បី​បន្ត​រួមចំណែក​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។

​លោក​ជំទាវ​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​ ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កម្ពុជា​-​ម៉ាឡេស៊ី​មាន​សន្ទុះ​វិជ្ជមាន​ជា​បន្តបន្ទាប់​។ ​ក្នុង​ឆ្នាំ​២០២៥​ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​សម្រេចបាន​ប្រមាណ​ ​១​,​០៨ ពាន់​លាន​ដុល្លារ​ ​កើនឡើង​ជិត​ ​២៥​%​ ​ពី​ ​៨​៦៥​ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៤​។​ ​តួ​លេខ​នេះ​មាន​ន័យ​ថា​ ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើន​លើស ១ ​ពាន់​លាន​ដុល្លារ​ ស្រប​តាម​ការ​ប្តេជ្ញា​ដែល​ភាគី​ទាំង​ពីរ​បាន​ដាក់​ចេញ​កន្លងមក​។

​លោក​ជំទាវ​បាន​បន្ត​ថា​ ​កំណើន​ពាណិជ្ជកម្ម​ដ៏​រឹង​មាំ​នេះ​ឆ្លុះបញ្ចាំង​ពី​ភាព​បំពេញ​បន្ថែម​ឱ្យ​គ្នា​រវាង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​។ ​ដូច្នេះ​ ​ភាគី​ទាំង​ពីរ​គួរ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់​តែ​ស៊ីជម្រៅ​ ​ដោយ​ផ្តោត​មិន​ត្រឹមតែ​លើ​ការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​រួមទាំង​ការ​វិនិយោគ​ ការ​ចាប់​ដៃ​គូ​អាជីវកម្ម​ ​ការ​ផ្ទេរ​បច្ចេកវិទ្យា​ ​ការ​តភ្ជាប់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ ​និង​ការ​បង្កើន​ការ​ចូលរួម​របស់​វិស័យ​ឯកជន ​ជាពិសេស​សហគ្រាស​ធុន​តូច ​និង​មធ្យម​។

​លោក​ជំទាវ​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឱ្យ​ធុរជន​ម៉ាឡេស៊ី​ស្វែងរក​ឱកាស​ថ្មី​ៗ​នៅ​កម្ពុជា ​ក្នុង​វិស័យ​ទំនិញ​ប្រើប្រាស់​ទូទៅ​ ​កសិ​ផល​កែច្នៃ ​សុខាភិបាល​ ថាមពល​បៃតង​ ​សេវា​ឌីជីថល ​ភស្តុភារ​កម្ម ​និង​វិស័យ​ហាឡាល​។ ​លោក​ជំទាវ​ក៏​បាន​ជំរុញ​ឱ្យ​មាន​ការ​រៀបចំ​វេទិកា​ផ្គូផ្គង​ធុរកិច្ច​ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ការ​ផ្តល់​ព័ត៌មាន​ទីផ្សារ ​និង​ការ​សម្របសម្រួល​ការ​វិនិយោគ​ជា​ប្រចាំ ​ដើម្បី​ពង្រឹង​កិច្ច​សហការ​រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ​។

ទន្ទឹម​នឹង​នេះ​ ​លោក​ជំទាវ ចម និម្មល ​បាន​គូសបញ្ជាក់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ ​ក្នុង​ការ​បង្កើត​បរិយាកាស​ធុរកិច្ច​ដែល​មាន​ភាព​បើកចំហ ​អាច​ព្យាករណ៍​បាន​ មាន​តម្លាភាព ​និង​ផ្អែក​លើ​គោលការណ៍​នីតិរដ្ឋ​។ ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​រួមមាន​ការ​សម្រួល​ ​និង​ផ្តល់​សេវា​សាធារណៈ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម ការ​បន្ត​សម្របសម្រួល​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ការ​តភ្ជាប់​ ​ព្រមទាំង​ការ​ផ្តោត​លើ​ការ​ការពារ​អ្នក​ប្រើប្រាស់​ ​និង​ការ​ប្រកួតប្រជែង​ដោយ​ស្មើ​ភាព​។

​ជាពិសេស ​លោក​ជំទាវ​បាន​លើកឡើង​ពី​សក្តានុពល​នៃ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ហាឡាល ​បន្ទាប់ពី​ក្រសួង​ពាណិជ្ជកម្ម​បាន​ដាក់​ឱ្យ​ដំណើរការ​យុទ្ធនាការ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី​៣១​ ​ខែ​កក្កដា ​ឆ្នាំ​២០២៦ ​ដើម្បី​ជំរុញ ​និង​បង្កើន​ការ​ចុះបញ្ជី​ផលិតផល​ហាឡាល ​និង​ជំរុញ​ការ​នាំចេញ​ផលិតផល​របស់​កម្ពុជា​បន្ថែម​ទៀត​។

​លោក​ជំទាវ​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ត្រៀមខ្លួន​របស់​ក្រសួង​ពាណិជ្ជកម្ម ​ក្នុង​ការ​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ MATRADE ស្ថានទូត​ម៉ាឡេស៊ី ​សមាគម​ធុរកិច្ច​ម៉ាឡេស៊ី ​វិស័យ​ឯកជន​កម្ពុជា​ ​និង​ដៃគូ​ពាក់ព័ន្ធ​ ​ដើម្បី​ប្រែក្លាយទំនាក់ទំនង​ទ្វេ​ភាគី​ដ៏​រឹងមាំ​ទៅ​ជា​ឱកាស​ពាណិជ្ជកម្ម​ជាក់ស្តែង​ ​និង​ផលប្រយោជន៍​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ប្រកបដោយ​ចីរភាព​សម្រាប់​ប្រទេស​ទាំង​ពីរ​។

​លោក​ជំទាវ​ក៏​បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ ​ឱ្យ​រួមគ្នា​ប្រែ​ក្លាយ ​«​ការ​ចូល​ដល់​ទីផ្សារ​ ​ទៅ​ជា​វត្ត​មាន​នៅក្នុង​ទីផ្សារ​»​ ​និង​ ​«​ទំនាក់ទំនង​ធុរកិច្ច​ ​ទៅ​ជា​ភាព​ជា​ដៃ​គូ​ពាណិជ្ជកម្ម​» ​ដើម្បី​រួមចំណែក​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​ ​និង​វិបុល​ភាព​រួម​របស់​កម្ពុជា​ ​និង​ម៉ាឡេស៊ី​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times