ភ្នំពេញ៖ អ្នកប្រើប្រាស់កម្មវិធីទូទាត់ចល័ត Weixin Pay ឬ WeChat Pay របស់ចិន អាចស្កេន KHQR ដើម្បីទូទាត់ថ្លៃទំនិញ និងសេវាកម្មនៅកម្ពុជា បន្ទាប់ពីកម្ពុជា និងចិនបានដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាម QR Code ក្នុងដំណាក់កាលទី១ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។
ពិធីដាក់ឱ្យដំណើរការនេះធ្វើឡើងនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Ben Yang នាយកគ្រប់គ្រង Weixin Pay ប្រចាំតំបន់អាស៊ីអាគ្នេយ៍ អាមេរិកខាងជើង និងអាមេរិកឡាទីន។
ពិធីនេះមានការចូលរួមពីតំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្រសួងទេសចរណ៍ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា ក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សមាគមសណ្ឋាគារកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត សរុបប្រមាណ ១៨៥ រូប។
តាមធនាគារជាតិនៃកម្ពុជា ការដាក់ឱ្យដំណើរការនេះនឹងសម្រួលការទូទាត់រវាងប្រទេសទាំងពីរ ដោយអ្នកប្រើប្រាស់ Weixin Pay អាចស្កេន KHQR ដែលមានស្រាប់នៅតាមពាណិជ្ជករ និងអាជីវកម្មនៅកម្ពុជា តាមរយៈបណ្តាញប្រតិបត្តិការទូទាត់របស់ Weixin Pay។
ប្រព័ន្ធទូទាត់ថ្មីនេះក៏នឹងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរចិន ក្នុងការទូទាត់ថ្លៃអាហារ ការធ្វើដំណើរ និងសេវាកម្មនៅតាមកន្លែងកម្សាន្តនានាទូទាំងប្រទេសកម្ពុជា ដោយមិនចាំបាច់ប្តូររូបិយប័ណ្ណ ឬកាន់សាច់ប្រាក់ជាច្រើន។
លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែននេះផ្តល់នូវអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រចំនួនពីរ សម្រាប់ភ្ញៀវទេសចរបរទេស និងសហគ្រាសក្នុងស្រុក។
លោកជំទាវបានបញ្ជាក់ថា សម្រាប់ភ្ញៀវទេសចរបរទេសដែលប្រើប្រាស់ Weixin Pay ជាពិសេសភ្ញៀវទេសចរមកពីប្រទេសចិន ប្រព័ន្ធនេះនឹងផ្តល់បទពិសោធន៍ទូទាត់ដែលរហ័ស សុវត្ថិភាព និងងាយស្រួល ដោយមិនចាំបាច់ប្តូររូបិយប័ណ្ណ កាន់សាច់ប្រាក់ផ្ទាល់ ឬប្រើប្រាស់ប័ណ្ណទូទាត់។
សម្រាប់សហគ្រាសក្នុងស្រុក ចាប់ពីម្ចាស់អាជីវកម្ម និងសហគ្រាសធំៗ រហូតដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ព្រមទាំងពាណិជ្ជករ នឹងអាចទទួលការទូទាត់ពីអតិថិជនបរទេសបានកាន់តែច្រើន តាមរយៈ KHQR ដែលមានស្រាប់ ដោយមិនប្រឈមនឹងការកាត់កម្រៃប្រតិបត្តិការបន្ថែម។
លោក Ben Yang បានចាត់ទុកការដាក់ឱ្យដំណើរការជាផ្លូវការនេះថា ជាសមិទ្ធផលសំខាន់នៃការធ្វើអន្តរប្រតិបត្តិការទូទាត់រាយឆ្លងដែនរវាងប្រទេសទាំងពីរ។
លោកបានមានប្រសាសន៍ថា ការប្រើប្រាស់ KHQR សម្រាប់ការទូទាត់នឹងរួមចំណែកពង្រីកលទ្ធភាពនៃការទូទាត់ឱ្យកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាព ជាពិសេសដោយផ្តល់លទ្ធភាពឱ្យភ្ញៀវទេសចរចិនអាចធ្វើប្រតិបត្តិការទូទាត់បានយ៉ាងងាយស្រួល ក្នុងបរិបទសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។
លោក Ben Yang បានបន្ថែមថា ការអភិវឌ្ឍការទូទាត់ឆ្លងដែននេះ មិនត្រឹមតែជាការអភិវឌ្ឍមុខងារសម្រាប់សម្រួលការទូទាត់របស់ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់ការទូទាត់ សង្គតិភាពនៃបទប្បញ្ញត្តិ និងការធ្វើឌីជីថលភាវូបនីយកម្មជាមួយពាណិជ្ជករផងដែរ។
លោកបានថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជា ចំពោះភាពជាអ្នកដឹកនាំ និងចក្ខុវិស័យរយៈពេលវែងរបស់លោកជំទាវទេសាភិបាល ហើយបញ្ជាក់ពីការប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការនេះ ជាពិសេសការភ្ជាប់ជាមួយទស្សនវិស័យរបស់អាស៊ាន ក្នុងការជំរុញការទូទាត់រាយឱ្យកាន់តែប្រសើរឡើង។
ការដាក់ឱ្យដំណើរការនេះជាជំហានបន្ថែមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើប្រព័ន្ធទូទាត់រវាងកម្ពុជា និងចិន និងបង្ហាញពីការរីកចម្រើននៃការធ្វើអន្តរប្រតិបត្តិការទូទាត់ឌីជីថលឆ្លងដែនរវាងប្រទេសទាំងពីរ។ ការភ្ជាប់ KHQR ជាមួយ Weixin Pay ក៏នឹងជួយបង្កើនភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរចិន និងពង្រីកឱកាសទទួលការទូទាត់សម្រាប់អាជីវករកម្ពុជាតាមរយៈប្រព័ន្ធ QR ដែលមានស្រាប់៕
អត្ថបទ៖ ប៊ី








