កម្ពុជាបានប្រមូលផ្តុំតំណាងរដ្ឋាភិបាល ដៃគូក្នុងតំបន់ និងវិស័យឯកជន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកវិធីសាស្ត្រជាក់ស្តែងសម្រាប់ពន្លឿនបរិវត្តកម្មឌីជីថលរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម។
ការលើកកម្ពស់ការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវបានពិភាក្សាក្នុងសិក្ខាសាលាផ្សព្វផ្សាយថ្នាក់តំបន់ស្តីពីបរិវត្តកម្មឌីជីថល និងការចាប់យកបច្ចេកវិទ្យាឌីជីថល ដែលរៀបចំឡើងនៅរាជធានីភ្នំពេញដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
សិក្ខាសាលានេះធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចសិក្សារបស់ប្រតិភូកម្ពុជាទៅកាន់ប្រទេសចិន ដើម្បីសិក្សាពីគោលនយោបាយ វេទិកាឌីជីថល និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ដែលគាំទ្រសហគ្រាស។
សិក្ខាសាលាប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជានាយកគម្រោង ដោយមានអ្នកចូលរួមប្រមាណ ១១០នាក់ មកពីកម្ពុជា ចិន ឡាវ និងវៀតណាម ព្រមទាំងតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សា វិស័យឯកជន និងសហគ្រាសធុនមីក្រូ តូច និងមធ្យម។
ឯកឧត្តម ញឹម ខេមរា បានលើកឡើងថា បរិវត្តកម្មឌីជីថលមិនមែនគ្រាន់តែជាជម្រើសទៀតឡើយ ប៉ុន្តែកំពុងក្លាយជាតម្រូវការចាំបាច់សម្រាប់កំណើនប្រកបដោយចីរភាព និងភាពប្រកួតប្រជែងរយៈពេលវែង។
ឯកឧត្តមបានបញ្ជាក់ថា បរិវត្តកម្មឌីជីថលមិនគួរត្រូវបានយល់ថា គ្រាន់តែជាការទិញកម្មវិធី ឬឧបករណ៍ថ្មីៗនោះទេ ប៉ុន្តែជាការផ្លាស់ប្តូរគ្រប់ជ្រុងជ្រោយនៃរបៀបដែលសហគ្រាសធ្វើប្រតិបត្តិការ បង្កើតនវានុវត្តន៍ ទំនាក់ទំនងជាមួយអតិថិជន គ្រប់គ្រងផលិតកម្ម និងបង្កើតតម្លៃ។
ឯកឧត្តមបានបន្ថែមថា កម្ពុជាបានកំណត់បរិវត្តកម្មឌីជីថលជាអាទិភាពយុទ្ធសាស្ត្រ ខណៈក្រសួងកំពុងជំរុញសេវាប្រឹក្សាឌីជីថល ការចាប់យកបច្ចេកវិទ្យា ការពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ការបង្កើនផលិតភាព និងការផ្ទេរបច្ចេកវិទ្យា។
ក្នុងសិក្ខាសាលា អ្នកចូលរួមបានសិក្សាពីបទពិសោធន៍នៃវេទិកាអនឡាញរបស់ចិនសម្រាប់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងបទពិសោធន៍របស់ TusPark ក្នុងការជំរុញនវានុវត្តន៍ ការភ្ញាស់ធុរកិច្ចថ្មី និងសហគ្រិនភាព។
អ្នកចូលរួមក៏បានផ្លាស់ប្តូរបទពិសោធន៍ពីកម្ពុជា ឡាវ និងវៀតណាម ស្តីពីការធ្វើឌីជីថលូបនីយកម្មសហគ្រាស ដោយផ្តោតលើវិធីសាស្ត្រដែលអាចអនុវត្តបានក្នុងការជួយសហគ្រាសចាប់យកបច្ចេកវិទ្យាឱ្យសមស្របតាមតម្រូវការ។
សិក្ខាសាលានេះក៏បានប្រមូលធាតុចូលសម្រាប់រៀបចំគោលការណ៍ណែនាំស្តីពីបរិវត្តកម្មឌីជីថលរបស់កម្ពុជា រួមទាំងវិធីសាស្ត្រវាយតម្លៃភាពត្រៀមលក្ខណៈផ្នែកឌីជីថល និងការជួយសហគ្រាសឱ្យចាប់យកបច្ចេកវិទ្យាសមស្របតាមដំណាក់កាល។
ឯកឧត្តម ញឹម ខេមរា បានគូសបញ្ជាក់ថា ប្រទេសនីមួយៗមានស្ថានភាព និងចំណុចខ្លាំងខុសៗគ្នា ប៉ុន្តែមានគោលដៅរួមក្នុងការកសាងសហគ្រាសធុនមីក្រូ តូច និងមធ្យមឱ្យកាន់តែរឹងមាំ មានផលិតភាពខ្ពស់ និងមាននវានុវត្តន៍កាន់តែខ្ពស់។
សិក្ខាសាលានេះត្រូវបានរៀបចំក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងគោលដៅស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់លើជំនាញឌីជីថល បញ្ញាសិប្បនិម្មិត ផលិតកម្មឆ្លាតវៃ ការផ្ទេរបច្ចេកវិទ្យា ពាណិជ្ជកម្មឌីជីថលឆ្លងដែន និងដំណោះស្រាយជាក់ស្តែងផ្សេងទៀត ដើម្បីជួយសហគ្រាសបង្កើនផលិតភាព និងភាពប្រកួតប្រជែង៕
អត្ថបទ៖ ប៊ី







