ពោធិ៍សាត់ចុះកិច្ចព្រមព្រៀងជួលដី ៥,០០០ហិកតា ជំរុញការវិនិយោគថាមពលស្អាត និងឧស្សាហកម្មកសិកម្ម

រដ្ឋបាលខេត្តពោធិ៍សាត់ និងក្រុមហ៊ុន KPS Energy (Cambodia) Co., Ltd នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងជួលដីទំហំ ៥,០០០ហិកតា សម្រាប់ការវិនិយោគ ដោយផ្តោតលើការអភិវឌ្ឍថាមពលស្អាត ឧស្សាហកម្មកសិកម្ម និងការអភិវឌ្ឍបៃតង ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចមូលដ្ឋានរបស់ខេត្ត។

ពិធីចុះហត្ថលេខានេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ខូយ រីជា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោក អេង រស្មី ប្រធានមន្ទីរបរិស្ថាន និងភាគីពាក់ព័ន្ធ។

តាមកិច្ចព្រមព្រៀង គម្រោងវិនិយោគលើផ្ទៃដីទំហំ ៥,០០០ហិកតា នឹងត្រូវអភិវឌ្ឍជាប្រព័ន្ធ ដោយរួមបញ្ចូលគម្រោងសំខាន់ៗចំនួន ៣ ដែលផ្តោតលើការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងការជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងមូលដ្ឋាន។

គម្រោងទី១ គឺការអភិវឌ្ឍវិស័យថាមពលស្អាត រួមមានការសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយជីវម៉ាស អនុភាព ៥០មេហ្គាវ៉ាត់ និងរោងចក្រផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អនុភាព ៤០មេហ្គាវ៉ាត់។ គម្រោងនេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងនិន្នាការអភិវឌ្ឍន៍ថាមពលស្អាត និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។

គម្រោងទី២ ផ្តោតលើឧស្សាហកម្មកសិកម្ម និងការកែច្នៃ ដោយរួមមានការសាងសង់រោងចក្រផលិតជី និងរោងចក្រផលិតគីមឈី។ សកម្មភាពទាំងនេះមានគោលដៅបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មក្នុងស្រុក។

ចំណែកគម្រោងទី៣ ផ្តោតលើការអភិវឌ្ឍបៃតង តាមរយៈការដាំដើមឈើ និងការថែរក្សាធនធានធម្មជាតិ ដែលជាផ្នែកសំខាន់សម្រាប់ការរក្សានិរន្តរភាពបរិស្ថាន។

ឯកឧត្តម ខូយ រីជា បានបង្ហាញការជឿជាក់ថា ការវិនិយោគនេះនឹងជួយបង្កើតការងាររាប់ពាន់កន្លែង សម្រាប់ប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកលើកកម្ពស់ជំនាញបច្ចេកវិទ្យា និងពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់ខេត្តពោធិ៍សាត់ឱ្យកាន់តែរឹងមាំ។

ការចុះកិច្ចព្រមព្រៀងនេះ ជាផ្នែកមួយនៃការជំរុញការវិនិយោគដែលផ្តោតលើថាមពលស្អាត ការកែច្នៃផលិតផលកសិកម្ម និងការអភិវឌ្ឍបៃតង ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅខេត្តពោធិ៍សាត់៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times