ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ត្រូវបានចាត់ទុកជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ក្នុងការពង្រឹងការតភ្ជាប់ការធ្វើដំណើរអន្តរជាតិ និងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងបទពិសោធទេសចរណ៍របស់កម្ពុជាទៅកាន់ប្រជាជននៅជុំវិញពិភពលោក។
ក្នុងដំណើរទស្សនកិច្ចស្វែងយល់អំពីបដិសណ្ឋារកិច្ច និងការផ្តល់សេវាកម្មជូនភ្ញៀវ និងអ្នកដំណើរជាតិ និងអន្តរជាតិ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ព្រមទាំងសហការី បានជួបសំណេះសំណាលជាមួយមន្ត្រីមានសមត្ថកិច្ចប្រចាំការ និងវិស័យឯកជននៅក្នុងអាកាសយានដ្ឋាន។
ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ និងឯកឧត្តម Dominic Williams បានចុះពិនិត្យ និងស្វែងយល់អំពីលំហូរបដិសណ្ឋារកិច្ច អន្តោប្រវេសន៍ ការប្រើប្រាស់ច្រកទ្វារឆ្លាត (Smart Gate) ព្រមទាំងសេវាកម្មនានាដែលផ្តល់ជូននៅក្នុងអាកាសយានដ្ឋាន។
ភាគីទាំងពីរបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំដ៏ទំនើប ស្របតាមស្តង់ដារអន្តរជាតិ និងការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីពាក់ព័ន្ធ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរមកពីជុំវិញពិភពលោក។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារក៏បានថតរូបភាព និងវីដេអូ ដើម្បីផ្សព្វផ្សាយអំពីអាកាសយានដ្ឋានអន្តរជាតិតេជោ សំដៅបង្ហាញពីសមិទ្ធផលថ្មីរបស់កម្ពុជា ព្រមទាំងសក្តានុពលនៃវិស័យទេសចរណ៍ និងអាកាសចរណ៍ទៅកាន់ពិភពលោក។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដែលរួមចំណែកពង្រឹងការតភ្ជាប់ការធ្វើដំណើរអន្តរជាតិ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដ៏សម្បូរបែប និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា។
លោកបានបន្ថែមថា KTI ក៏ជាច្រកសំខាន់មួយសម្រាប់ផ្សព្វផ្សាយរូបភាពកម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព ភាពទាក់ទាញ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។
អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) គឺជាអាកាសយានដ្ឋានអន្តរជាតិថ្មីកម្រិត 4F របស់កម្ពុជា ដែលត្រូវបានសាងសង់ឡើង ដើម្បីបង្កើនសមត្ថភាពទទួលអ្នកដំណើរ និងពង្រីកការតភ្ជាប់ផ្លូវអាកាសរវាងកម្ពុជា និងពិភពលោក ជាពិសេសដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិ។
KTI ត្រូវបានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
យោងតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២៦ អាកាសយានដ្ឋានទាំងបីរបស់កម្ពុជាទទួលបានជើងហោះហើរទ្វេទិសសរុបចំនួន ៣២,៣០៦ ជើង ដោយរក្សាបាននូវស្ថិរភាព បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៦ អ្នកដំណើរដែលចូលមកកម្ពុជាតាមផ្លូវអាកាសមានចំនួន ៣,២៦៩,២៩៧ នាក់ ថយចុះ ៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
តាមរយៈការរៀបចំទំនើប និងការផ្តល់សេវាកម្មស្របតាមស្តង់ដារអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិតេជោត្រូវបានរំពឹងថា នឹងបន្តដើរតួនាទីសំខាន់ក្នុងការពង្រឹងការតភ្ជាប់ផ្លូវអាកាស និងជួយបង្ហាញសក្តានុពលទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់កម្ពុជាទៅកាន់ភ្ញៀវអន្តរជាតិ៕
អត្ថបទ៖ ប៊ី







