សៀមរាប៖ កម្ពុជាកំពុងជំរុញវិស័យទេសចរណ៍ភាពយន្ត (Film Tourism) ឱ្យក្លាយជាផលិតផលទេសចរណ៍ថ្មី និងជាផ្នែកមួយនៃ Soft Power ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា ព្រមទាំងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។
ការជំរុញនេះត្រូវបានលើកឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការជំរុញទេសចរណ៍ភាពយន្តនៅកម្ពុជា» ដែលបានបិទបញ្ចប់នៅខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា។
សិក្ខាសាលានេះបានប្រមូលផ្តុំតំណាងស្ថាប័នរដ្ឋ វិស័យឯកជន សមាគម និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ វប្បធម៌ សិល្បៈ និងភាពយន្ត ដើម្បីពិភាក្សា ផ្លាស់ប្តូរទស្សនៈ និងស្វែងរកវិធានការជាក់ស្តែងសម្រាប់ជំរុញកម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ភាពយន្តដែលមានភាពទាក់ទាញ និងប្រកួតប្រជែង។
ចំណុចសំខាន់មួយនៃសិក្ខាសាលា គឺកិច្ចពិភាក្សាស្តីពី «កាលានុវត្តភាព បញ្ហាប្រឈម និងវិធានការគន្លឹះក្នុងការជំរុញទេសចរណ៍ភាពយន្ត» ដែលបានផ្តល់ឱកាសដល់តំណាងស្ថាប័នពាក់ព័ន្ធ និងអ្នកជំនាញក្នុងវិស័យភាពយន្ត និងទេសចរណ៍ ចែករំលែកបទពិសោធន៍ ទស្សនៈ និងអនុសាសន៍ ដើម្បីកំណត់ទិសដៅអភិវឌ្ឍទេសចរណ៍ភាពយន្តនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងកិច្ចពិភាក្សា អ្នកចូលរួមបានផ្តោតលើសក្តានុពលរបស់កម្ពុជា ក្នុងការទាក់ទាញផលិតកម្មភាពយន្តជាតិ និងអន្តរជាតិ ដោយប្រទេសមានសម្បត្តិបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រ ប្រាសាទបុរាណ ទេសភាពធម្មជាតិ ឆ្នេរសមុទ្រ កោះ តំបន់អេកូទេសចរណ៍ ទីក្រុង និងជីវភាពរស់នៅរបស់ប្រជាជន ដែលអាចក្លាយជាទីតាំងថតភាពយន្តប្រកបដោយភាពចម្រុះ និងអត្តសញ្ញាណពិសេស។
ទន្ទឹមនឹងនេះ អង្គពិភាក្សាក៏បានកំណត់បញ្ហាប្រឈមមួយចំនួនដែលត្រូវការកិច្ចសហការដោះស្រាយជាប្រព័ន្ធ រួមមាន ការសម្របសម្រួលនីតិវិធីពាក់ព័ន្ធនឹងការថតភាពយន្ត ការផ្តល់ព័ត៌មាន និងសេវាគាំទ្រដល់ផលិតកម្ម ការអភិវឌ្ឍធនធានមនុស្ស និងជំនាញបច្ចេកទេស ការពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ការផ្សព្វផ្សាយទីតាំងថតភាពយន្ត និងការពង្រឹងកិច្ចសហការរវាងវិស័យទេសចរណ៍ វប្បធម៌ ភាពយន្ត និងវិស័យឯកជន។
អង្គពិភាក្សាបានគូសបញ្ជាក់ថា ការជំរុញទេសចរណ៍ភាពយន្តមិនគួរផ្តោតត្រឹមការទាក់ទាញផលិតកម្មភាពយន្តមកថតនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែត្រូវអាចប្រែក្លាយ «ទីតាំងថតភាពយន្ត» ទៅជា «គោលដៅទេសចរណ៍» តាមរយៈការតភ្ជាប់ស្នាដៃភាពយន្តជាមួយផលិតផល និងខ្សែទស្សនកិច្ចទេសចរណ៍ ការផ្សព្វផ្សាយគោលដៅ និងការបង្កើតបទពិសោធន៍ថ្មីៗសម្រាប់ភ្ញៀវទេសចរ។
ថ្លែងក្នុងពិធីបិទ ឯកឧត្តម ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសិក្ខាសាលា និងកិច្ចពិភាក្សា ព្រមទាំងជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សមាគម អ្នកផលិតភាពយន្ត និងដៃគូអភិវឌ្ឍន៍ បន្តពង្រឹងកិច្ចសហការ និងប្រែក្លាយអនុសាសន៍ដែលទទួលបានទៅជាសកម្មភាពជាក់ស្តែង។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តបង្កើតបរិយាកាសអំណោយផលសម្រាប់ផលិតកម្មភាពយន្តជាតិ និងអន្តរជាតិ ព្រមទាំងបង្កើនការផ្សព្វផ្សាយទីតាំងថត និងសក្តានុពលទេសចរណ៍របស់កម្ពុជា។
ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ថា ការអភិវឌ្ឍ Film Tourism ឱ្យក្លាយជាផលិតផលទេសចរណ៍ថ្មី និងជាផ្នែកមួយនៃ Soft Power របស់កម្ពុជា អាចរួមចំណែកទាក់ទាញភ្ញៀវទេសចរ បង្កើតការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់កិត្យានុភាព និងរូបភាពវិជ្ជមានរបស់កម្ពុជាលើឆាកអន្តរជាតិ៕
អត្ថបទ៖ ប៊ី







