នាយករដ្ឋមន្ត្រី៖ កម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃ ២៥ ខែសីហា ឆ្នាំ ២០២៦ ថាកម្ពុជាគិតត្រឹមថ្ងៃ ៧ ខែសីហា គឺកំពុងទទួលគម្រោងវិនិយោគសរុប ៧២ ដោយក្នុងនោះគម្រោង ៥៧ បានពិនិត្យ និងបន្តនីតិវិធីហើយ។ ដោយគម្រោងទាំងអស់នោះមានទុនចំនួន ២ ៧០០ លានដុល្លារ ហើយអាចបង្កើតការងារបានជាង ៨ ម៉ឺនកន្លែងឯណោះ។
នៅព្រឹកថ្ងៃ ២៥ ខែសីហា ឆ្នាំ ២០២៦ នេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ ៣៧៧A នៅខេត្តក្រចេះ។
ក្នុងឱកាសនោះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមើលឃើញពីការអភិវឌ្ឍនៅក្នុងខេត្តមួយក្រចេះ ហើយក៏មានដំណឹងល្អជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។ ដោយដំណឹងនោះគឺកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍និងវិនិយោគជាច្រើនគម្រោង។
ជាក់ស្ដែង គម្រោងទាំងអស់ខាងលើដែលកម្ពុជាទទួលបាន គឺមាននៅខេត្តក្រចេះ ១៩ គម្រោង ដោយគម្រោង ១៤ ត្រូវបានពិនិត្យ និងបន្តនីតិវិធី គម្រោងទាំង ១៩ នោះមានទុនសរុបចំនួន ១,១ ពាន់លានដុល្លារ។
ក្រៅពីនោះមាននៅខេត្តជាប់ក្រចេះ គឺខេត្តស្ទឹងត្រែង មានគម្រោងវិនិយោគមាន ២០ គម្រោង បង្កើតការងារជាង ៤ ពាន់កន្លែង, ខេត្តរតនគិរី គម្រោងស្នើសុំ ១១ គម្រោង មានទុនជាង ៨០០ លានដុល្លារ ត្រូវការកម្មករជាង ៤ ម៉ឺននាក់ និងខេត្តមណ្ឌលគិរី ២២ គម្រោង ដោយគម្រោង ១៣ បាននិងកំពុងបន្តពិនិត្យ ដែលមានទុន ៥១៦ លានដុល្លារ បង្កើតឱកាសការងារ ៥ពាន់កន្លែង៕
អត្ថបទ៖ឆដា, រូបភាព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia




