កម្ពុជា ទាក់ទាញគម្រោងវិនិយោគ ៧ បន្ថែមទុនប្រមាណ ៣៥០ លានដុល្លារ

កម្ពុជាបានពិនិត្យសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧ ដែលមានទុនវិនិយោគសរុបប្រមាណ ៣៥០ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ១,៨០០ កន្លែង។

គម្រោងទាំងនេះត្រូវបានពិនិត្យពិភាក្សាក្នុង “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី៨ ក្នុងឆ្នាំ២០២៦ ដែលរៀបចំឡើងកាលថ្ងៃទី២៤ ខែសីហា ដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។

តាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងទាំង ៧ រួមមានគម្រោងក្នុងវិស័យកសិ-ឧស្សាហកម្ម ១ ឧស្សាហកម្ម ៣ ទេសចរណ៍ ១ និងហេដ្ឋារចនាសម្ព័ន្ធ ២។ គម្រោងទាំងនេះមានទីតាំងនៅរាជធានីភ្នំពេញ និងខេត្តពោធិ៍សាត់ កំពង់ស្ពឺ ត្បូងឃ្មុំ និងស្ទឹងត្រែង។

ក្នុងវិស័យកសិ-ឧស្សាហកម្ម គម្រោងមួយនឹងបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែចម្រុះ កសិដ្ឋានកាហ្វេ ចិញ្ចឹម និងផលិតសំបុកដង្កូវនាង ព្រមទាំងចិញ្ចឹមសត្វ និងសាងសង់រោងចក្រកែច្នៃ និងមូលដ្ឋានផលិតនានាសម្រាប់បម្រើការវេចខ្ចប់ទំនិញ។

សម្រាប់វិស័យឧស្សាហកម្ម មានគម្រោងបង្កើតរោងចក្រកែច្នៃទឹកដោះគោ រោងចក្រផលិតស្រោមដៃគ្រប់ប្រភេទ និងរោងចក្រផលិតថ្នាំពេទ្យ។

វិស័យទេសចរណ៍មានគម្រោងសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ១៥០បន្ទប់ ខណៈវិស័យហេដ្ឋារចនាសម្ព័ន្ធមានគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣៥០មេហ្គាវ៉ាត់ និងគម្រោងមួយទៀតមានអានុភាព ៣០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនី។

ឯកឧត្តម ជា វុទ្ធី បានលើកឡើងថា កម្ពុជាបន្តបង្ហាញពីភាពជាគោលដៅវិនិយោគដែលមានសក្តានុពល ខណៈគណៈកម្មាធិការវិនិយោគកម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយវិនិយោគិន ដើម្បីសម្របសម្រួលការអនុវត្តគម្រោងឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

ឯកឧត្តម បន្តថា ការងារនេះស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគប្រកបដោយភាពប្រកួតប្រជែងខ្ពស់ និរន្តរភាព និងមានភាពទាក់ទាញសម្រាប់វិនិយោគិនមកពីជុំវិញពិភពលោក៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times