ផ្អែកលើអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ និងទិសដៅយុទ្ធសាស្ត្ររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តជំរុញពិពិធកម្មទីផ្សារ លើកកម្ពស់សមត្ថភាពកែច្នៃក្នុងស្រុក និងពង្រឹងខ្សែច្រវាក់តម្លៃ កសិ-ចំណីអាហារជាតិ ក្រសួងពាណិជ្ជកម្ម តាមរយៈការអនុវត្តផ្ទាល់របស់ក្រុមការងារជំរុញការនាំចេញ បាននិងកំពុងបោះជំហានយ៉ាងស្វាហាប់ជាមួយយុទ្ធនាការ «Made in Cambodia» ដើម្បីជំរុញការនាំចេញផលិតផលកសិ-កែច្នៃកម្ពុជាបន្តឈានចូលទីផ្សារកម្រិតខ្ពស់ និងផ្សារទំនើបខ្នាតយក្សលំដាប់ពិភពលោក។
នេះជាការតភ្ជាប់ភាពជាដៃគូយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាល និងវិស័យឯកជនបានបង្កើតជាសមិទ្ធផលជាក់ស្តែងជាប្រវត្តិសាស្ត្រ ក្នុងការនាំយកអត្តសញ្ញាណកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ជាពិសេសវិស័យស្រូវ-អង្ករប្រណីតកម្ពុជា តាមរយៈក្រុមហ៊ុន Amru Rice បានបន្តពង្រីកកិត្យានុភាពយ៉ាងរឹងមាំ ដោយអង្ករប្រណីត (Phka Malis) ក្រោមស្លាកយីហោ Comptoir du Grain បានចូលទៅកាន់ធ្នើផ្សារទំនើបខ្នាតយក្ស E.Leclerc នៅប្រទេសបារាំង, អង្ករប្រណីត Emerald River នៅលើទីផ្សារសហរដ្ឋអាមេរិក ព្រមទាំងកំពុងបង្ហាញវត្តមានយ៉ាងលេចធ្លោនៅលើធ្នើផ្សារទំនើបលក់ដុំធំបំផុតមួយរបស់សហរដ្ឋអាមេរិក COSTCO Wholesale ផងដែរ។
លើសពីនេះ លើទីផ្សារអាស៊ី អង្ករប្រណីតម៉ាក Apsara Rice របស់ក្រុមហ៊ុន Amru Rice ក៏បានដាក់ ចូលក្នុងបណ្តាញផ្សារទំនើបលំដាប់ខ្ពស់ ដោយអ្នកប្រើប្រាស់អាចរកជាវបានយ៉ាងងាយស្រួលនៅផ្សារទំនើប Cold Storage ក្នុងប្រទេសសិង្ហបុរី និងនៅបណ្តាញផ្សារទំនើប DFI Retail Group ក្នុងទីក្រុងហុងកុង។

ទន្ទឹមនឹងភាពជោគជ័យដ៏ត្រចះត្រចង់នៃវិស័យស្រូវ-អង្ករ ផលិតផលកសិ-កែច្នៃកម្ពុជាក៏បានបង្ហាញវត្តមានលើធ្នើផ្សារទំនើប COSTCO យ៉ាងរឹងមាំផងដែរ តាមរយៈផលិតផលស្វាយកែច្នៃពី ក្រុមហ៊ុន គិរីរម្យ ហ្វ៊ូដ ប្រដាក់សិន (KFP) ដែលបានឆ្លងកាត់ការវាយតម្លៃស្តង់ដាអនាម័យ និងសុវត្ថិភាពចំណីអាហារកម្រិតខ្ពស់រហូតឈានដល់ការចែកចាយជាផ្លូវការក្រោមម៉ាកសញ្ញាឯកជន Kirkland Signature ដែលជាសក្ខីភាពបញ្ជាក់ពីការបង្កើនតម្លៃបន្ថែមដល់កសិផលជាតិ។ ស្របពេលនោះដែរ ផលិតផលស្វាយកែច្នៃពីក្រុមហ៊ុន Misota ក៏បានពង្រីកទីផ្សារគោលដៅសំខាន់ៗរបស់ខ្លួនរួមមាន ប្រទេសជប៉ុន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប (EU) ដោយក្នុងនោះដៃគូចែកចាយនៅប្រទេសជប៉ុនបានផ្គត់ផ្គង់ទៅកាន់ផ្សារទំនើប AEON នៅប្រទេសជប៉ុន ហើយនៅលើទីផ្សារប្រទេសបារាំង ផលិតផលក្រោមយីហោ OJA កំពុងមានវត្តមាននៅផ្សារទំនើប Carrefour ចំនួន ៦ សាខា និងឱសថស្ថានចំនួន ២០ ទីតាំងព្រមទាំងគ្រោងពង្រីកខ្លួនបន្ថែមទៅកាន់ Monoprix, EPIC & GIE UNIFRAIS និង Intermarché នាពេលឆាប់ៗខាងមុខ។ បន្ថែមលើនេះ តាមរយៈការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន HCST ក៏បានកត់ត្រានូវសមិទ្ធផលប្រវត្តិសាស្ត្រក្នុងការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ទៅកាន់ក្រុមហ៊ុន Whitworths នៃរាជាណាចក្ររួមនៃព្រីតថេន (អតីតចក្រភពអង់គ្លេស) ដោយផ្ទាល់ជាលើកដំបូង និងក្រុមហ៊ុន Boettger នៃប្រទេសអាល្លឺម៉ង់។
សមិទ្ធផលដ៏ត្រចះត្រចង់ទាំងនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តដើរតួនាទីជាសេនាធិការដ៏សកម្មរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយអត្តសញ្ញាណ «Product of Cambodia» ឱ្យទៅជាជម្រើសប្រកបដោយទំនុកចិត្តខ្ពស់ តាមរយៈការពង្រឹងគុណភាព ស្តង់ដា និងការបង្កើនតម្លៃបន្ថែម ឈានទៅពង្រីកចំណែកទីផ្សារ និងពង្រឹងភាពធន់នៃខ្សែច្រវាក់តម្លៃកសិ-ពាណិជ្ជកម្មកម្ពុជាលើឆាកអន្តរជាតិ៕
អត្ថបទ៖ ឆដា, រូបភាព៖ ក្រសួងពាណិជ្ជកម្ម




