ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលអ៊ូសបេគីស្ថាន បានចុះអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើប្រព័ន្ធទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យហិរញ្ញវត្ថុ។
អនុស្សរណៈយោគយល់នេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Timur Ishmetov ទេសាភិបាលធនាគារកណ្តាលអ៊ូសបេគីស្ថាន នៅក្នុងព្រឹត្តិការណ៍ Silk Road Finance & Technology Forum ដែលត្រូវបានសហការរៀបចំដោយធនាគារកណ្តាលអ៊ូសបេគីស្ថាន និងស្ថាប័ន Global Finance & Technology Network (GFTN) ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងតាស្ថិន ប្រទេសអ៊ូសបេគីស្ថាន។
អនុស្សរណៈនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ តាមរយៈការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធលើវិស័យសំខាន់ៗចំនួន៤ រួមមាន ការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ និងទូទាត់ឌីជីថល គោលនយោបាយរូបិយវត្ថុ និងការតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ការលើកកម្ពស់បរិយាបន្ន និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ព្រមទាំងការគ្រប់គ្រង និងប្រតិបត្តិការសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ។
លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា កម្ពុជាមានសេចក្តីរីករាយក្នុងការចាប់ផ្តើមទំនាក់ទំនងទ្វេភាគីជាមួយធនាគារកណ្តាលអ៊ូសបេគីស្ថាន ហើយអនុស្សរណៈយោគយល់នេះត្រូវបានចុះហត្ថលេខារវាងលោក Timur Ishmetov និងលោកជំទាវ នៅការិយាល័យធនាគារកណ្តាលនៃសាធារណរដ្ឋអ៊ូសបេគីស្ថាន។
លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងគ្របដណ្តប់លើវិស័យគោលនយោបាយរូបិយវត្ថុ ប្រព័ន្ធទូទាត់ បរិយាបន្នហិរញ្ញវត្ថុ និងបេតិកភណ្ឌរូបិយវត្ថុ។
ការពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ នឹងចូលរួមពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងទេសចរណ៍រវាងកម្ពុជា និងអ៊ូសបេគីស្ថាន ព្រមទាំងគាំទ្រដល់សមាហរណកម្មហិរញ្ញវត្ថុក្នុងតំបន់ និងអន្តរជាតិ៕
អត្ថបទ៖ ប៊ី







