ធនាគារពិភពលោក ជួយអភិវឌ្ឍន៍កម្ពុជាលើគម្រោង ២២ ក្នុងទឹកប្រាក់ ២ ០០០ លានដុល្លារ

លោកស្រី ថាញ៉ា ម៉ៃយ័រ (TANIA MEYER) ប្រធាន​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា បាន​ថ្លែង​ជា​សាធារណៈ​កាលពី​ពេល​ថ្មី​ៗ​ថា ធនាគារ​ពិភពលោក កំពុង​ជួយ​អភិវឌ្ឍន៍​កម្ពុជា​លើ​គម្រោង ២២ ដែល​មាន​ទំហំ​ទឹកប្រាក់ ២ ០០០ លាន​ដុល្លារ។

លោកស្រី TANIA MEYER បាន​ថ្លែង​ថា បច្ចុប្បន្ន ធនាគារ​ពិភពលោក កំពុង​វិនិយោគ​គម្រោង ២២ នៅ​កម្ពុជា ដែល​មាន​ទឹកប្រាក់​សរុប ២ ០០០ លានដុល្លារ។ ក្នុង​នោះ​ការ​វិនិយោគ​លើ​វិស័យ​ដឹកជញ្ជូន គឺ​ធំជាង​គេ​ក្នុង​ទឹកប្រាក់ ៦២៥លាន​ដុល្លារ លើ​គម្រោង​ចំនួន​៤។ នេះ​ជា​ការ​លើកឡើង​ក្នុង​កម្មវិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ ៣ ខ្សែ​ប្រវែង​ប្រមាណ ១០០ គីឡូម៉ែត្រ តម្លៃ​ជិត ៤៤ លាន​ដុល្លារ ក្រោម​កម្ចី​របស់​ធនាគារ​ពិភពលោក នា​ភូមិសាស្ត្រ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ក្រចេះ កាលពី​ព្រឹក​ថ្ងៃ ២៥ ខែ សីហា ឆ្នាំ ២០២៦។

គម្រោង​ផ្នែក​ដឹក​ជញ្ជូន​នេះ រំពឹង​ជួយ​កែ​លម្អ​ប្រវែង​ផ្លូវ​ប្រមាណ ១ ១០០ គីឡូម៉ែត្រ ព្រម​ទាំង​ពង្រឹង​ប្រព័ន្ធ​ភស្តុភារ​កម្ម និង​ភាព​ធន់​ទៅ​នឹង​អាកាសធាតុ។ លោកស្រី​បាន​បញ្ជាក់​ថា “ក្រៅពី​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត យើង​ក៏​មាន​មោទនភាព​ក្នុង​ការ​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍ និង​លើក​កម្ពស់​ការ​គ្រប់គ្រង​ទ្រព្យសកម្ម​ផ្លូវ​ថ្នល់​របស់​កម្ពុជា ដែល​ជា​សសរស្ដម្ភ​សំខាន់​ក្នុង​ការ​ការពារ​អាយុ​ជីវិត​មនុស្ស និង​ធានា​បាន​និរន្តរភាព​ក្នុង​ការ​វិនិយោគ»។

មិន​តែ​ប៉ុណ្ណោះ​ ធនាគារពិភពលោក ក៏កំពុងការគាំទ្រលើការអភិវឌ្ឍធនធានមនុស្សកម្ពុជា ចាប់ពី​ការ​អប់រំ​កុមារ​តូច​រហូត​ដល់​មធ្យមសិក្សា សុខភាព អាហារូបត្ថម្ភ សេវាទឹកស្អាត និងអនាម័យ ក៏​ដូចជា​ការ​អនុវត្ត​ជំនាញ​ផងដែរ។

ប្រធាន​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា បាន​បន្ត​រៀបរាប់​ថា ថ្មីៗនេះ ធនាគារ​ពិភពលោក បាន​អនុម័ត​កម្ចី​វិនិយោគ ១៥០ លានដុល្លារ សម្រាប់ដំណាក់កាលទី១ នៃ​គម្រោង​កែលំអ​ការ​តភ្ជាប់​តំបន់​កម្ពុជា។ គម្រោង​នេះ ត្រូវបែងចែកជា២ដំណាក់កាល ដែល​ទឹកប្រាក់​សរុប ៣៥០ លាន​ដុល្លារ។ គម្រោង​នេះ នឹង​ជួយ​កែ​លម្អ​របៀង​ដឹកជញ្ជូនពីខេត្តសៀមរាប ទៅកាន់ខេត្តរតនគិរី និង​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​បណ្ដា​ខេត្ត​ភូមិភាគ​ឦសាន ព្រមទាំងគាំទ្រដល់ការសម្រួលពាណិជ្ជកម្ម និង​ពង្រឹង​សមត្ថភាពភស្តុភារកម្ម៕

អត្ថបទ៖ ឆដា, រូបភាព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia