ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងក្លិបអ្នកកាសែតកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងការផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យកសិកម្ម ការកែច្នៃកសិផល និងវិស័យបៃតង។
ពិធីចុះអនុស្សរណៈនេះធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដោយមានឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អញ្ជើញជាអធិបតី និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា។
ក្នុងពិធីនេះ ឯកឧត្តម ចាន់ ស៊ីហា អគ្គនាយករងធនាគារ ARDB តំណាងឱ្យធនាគារ និងលោក លាង ដឺលុច នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា។ ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំធនាគារ សមាជិកក្លិបអ្នកកាសែតកម្ពុជា និងអ្នកសារព័ត៌មានមកពីអង្គភាពមួយចំនួន។
ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែជួយបង្កើនការផ្សព្វផ្សាយអំពីវិស័យកសិកម្ម ការកែច្នៃកសិផល និងវិស័យបៃតងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតបរិយាកាសមួយដែលព័ត៌មាន ចំណេះដឹងហិរញ្ញវត្ថុ និងទីផ្សារ អាចតភ្ជាប់គ្នាបានកាន់តែប្រសើរ។
ឯកឧត្តមបណ្ឌិតបានបន្តថា កិច្ចសហប្រតិបត្តិការរវាង ARDB និងក្លិបអ្នកកាសែតកម្ពុជា មានតម្លៃលើសពីការផ្សព្វផ្សាយអំពីស្ថាប័ន ដោយផ្តោតលើការបង្កើតចំណេះដឹង បង្កើនការយល់ដឹង និងភ្ជាប់ព័ត៌មានទៅនឹងឱកាសអភិវឌ្ឍន៍ជាក់ស្តែង។
តាមអនុស្សរណៈ ភាគីទាំងពីរបានកំណត់គោលបំណងសំខាន់ចំនួន៣។ ទីមួយ គឺសហការរៀបចំកម្មវិធីកិច្ចពិភាក្សា កិច្ចសម្ភាសន៍ និងវេទិកាពិភាក្សា ដើម្បីផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងវិស័យកសិកម្ម ការកែច្នៃកសិផល និងវិស័យបៃតងជូនសាធារណជន។
ទីពីរ គឺសហការផ្តល់ព័ត៌មាន ទិន្នន័យ និងខ្លឹមសារពាក់ព័ន្ធពី ARDB ជូនស្ថាប័នសារព័ត៌មាន ដើម្បីគាំទ្រការផ្សព្វផ្សាយឱ្យមានភាពត្រឹមត្រូវ ច្បាស់លាស់ និងមានមូលដ្ឋានព័ត៌មានគ្រប់គ្រាន់។
ទីបី គឺរៀបចំទស្សនកិច្ចយកព័ត៌មាន និងបទយកការណ៍នៅតាមមូលដ្ឋាន និងទីតាំងអនុវត្តហិរញ្ញប្បទាន ដើម្បីឱ្យអ្នកសារព័ត៌មានអាចស្វែងយល់ដោយផ្ទាល់ពីសកម្មភាព លទ្ធផល និងបញ្ហាប្រឈមរបស់កសិករ សហគមន៍ និងសហគ្រាស៕
អត្ថបទ៖ ប៊ី







