ភ្នំពេញ៖ ក្រុមហ៊ុន Grab Holdings Inc. របស់សិង្ហបុរី បានស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើគោលនយោបាយយានយន្តអគ្គិសនី (EV) ការគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ព្រមទាំងការលើកកម្ពស់សមត្ថភាព និងការអភិវឌ្ឍជំនាញឌីជីថលសម្រាប់អ្នកបើកបរ និងដៃគូពាណិជ្ជកររបស់ក្រុមហ៊ុននៅកម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា នារសៀលថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Chin Yin Ong ប្រធានផ្នែកលើកកម្ពស់សមត្ថភាពអង្គភាព នៃក្រុមហ៊ុន Grab Holdings Inc. សិង្ហបុរី។
ជំនួបនេះធ្វើឡើងក្នុងឱកាសដែលលោកស្រី Chin Yin Ong កំពុងបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនឹងបច្ចុប្បន្នភាពអាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងស្វែងយល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើគោលនយោបាយយានយន្តអគ្គិសនី (EV) ការរៀបចំហេដ្ឋារចនាសម្ព័ន្ធស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងការចូលរួមចំណែករបស់ក្រុមហ៊ុន Grab ចំពោះបទប្បញ្ញត្តិស្តីពីការកំណត់តម្លៃសេវាកម្មដឹកជញ្ជូនតាមកម្មវិធីទូរស័ព្ទដៃនាពេលខាងមុខ។
បន្ថែមលើការផ្លាស់ប្តូរទស្សនៈលើប្រធានបទខាងលើ លោកស្រី Ong ក៏បានគោរពស្នើសុំអនុសាសន៍ និងការណែនាំបន្ថែមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដើម្បីធ្វើជាមូលដ្ឋានក្នុងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តផែនការសកម្មភាពអាជីវកម្មរបស់ Grab នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ក្នុងនោះ ផែនការសកម្មភាពសំខាន់ៗដែលត្រូវបានលើកឡើង រួមមាន ការសិក្សា និងស្វែងយល់អំពីកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើត និងគាំទ្រមជ្ឈមណ្ឌលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME Hub) ដើម្បីជួយជ្រោមជ្រែងដល់អាជីវកម្មក្នុងស្រុក។
ក្រុមហ៊ុនក៏មានផែនការលើកកម្ពស់សមត្ថភាព និងការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតកម្មវិធីបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាព បង្កើនជំនាញបន្ថែម និងអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យាឌីជីថលជូនដល់ក្រុមអ្នកបើកបរ និងដៃគូពាណិជ្ជករ ឬអាជីវករ របស់ក្រុមហ៊ុន ដើម្បីឱ្យពួកគេកាន់តែមានប្រៀបក្នុងការប្រកួតប្រជែងនៅលើទីផ្សារ។
ក្រៅពីនេះ Grab ក៏បានលើកឡើងពីការចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរមកកាន់កម្ពុជា តាមរយៈការស្វែងរកយុទ្ធសាស្ត្រទីផ្សារថ្មីៗបន្ថែមទៀត។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងរាក់ទាក់ចំពោះវត្តមានរបស់លោកស្រី Ong និងប្រតិភូអមដំណើរ ក្នុងឱកាសនៃការអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះរាល់គំនិតផ្តួចផ្តើម និងផែនការសកម្មភាពសំខាន់ៗដែលក្រុមហ៊ុន Grab បានលើកឡើង ដោយវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជាថ្មីអំពីជំហរយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តបោសសម្អាត លុបបំបាត់ និងប្រយុទ្ធប្រឆាំងដាច់ខាតលើរាល់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីធានាបាននូវបរិស្ថានវិនិយោគដែលមានសុវត្ថិភាព និងទំនុកចិត្ត ព្រមទាំងការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងប្រព័ន្ធឌីជីថល។
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងការយោគយល់គ្នា ដោយភាគីទាំងពីរបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នា ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ក្នុងបរិបទដែលសកលលោកកំពុងជួបនឹងភាពមិនប្រាកដប្រជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងនាំមកនូវផលប្រយោជន៍ជាអតិបរមាជូនដល់ជាតិ និងប្រជាជន៕
អត្ថបទ៖ ប៊ី







