កម្ពុជាមានប្រជាជនក្នុងវ័យធ្វើការជាង ១៣ លាននាក់ ខណៈ ៧,៨ លាននាក់រស់នៅជនបទ

ភ្នំពេញ៖ ប្រទេសកម្ពុជាមានប្រជាជនក្នុងវ័យធ្វើការប្រមាណ ១៣,១ លាននាក់ ក្នុងឆ្នាំ ២០២៥ ក្នុងនោះស្ត្រីមានចំនួន ៦,៨លាននាក់ និងបុរស ៦,៣លាននាក់ ខណៈប្រជាជនក្នុងវ័យធ្វើការចំនួន ៧,៨ លាននាក់រស់នៅតំបន់ជនបទ និង ៥,៣ លាននាក់រស់នៅតំបន់ទីប្រជុំជន។

ទិន្នន័យនេះត្រូវបានបង្ហាញនៅក្នុង «លទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥» ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពិធីមួយរៀបចំឡើងដោយវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងផែនការ លោកស្រី Xiaoyan QIAN នាយិកាការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ ព្រមទាំងតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

ក្នុងឱកាសនេះ ឯកឧត្តម ប៊ិន ត្រឈៃ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអង្គការអន្តរជាតិខាងការងារ (ILO) ធនាគារពិភពលោក (WB) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានសហការអនុវត្តការងារអង្កេតនេះរហូតទទួលបានជោគជ័យ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការប្រកាសផ្សព្វផ្សាយលទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥ មានគោលបំណងផ្តល់ជូនរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អ្នកស្រាវជ្រាវ អ្នកប្រើប្រាស់ទិន្នន័យ និងសាធារណជន នូវទិន្នន័យ និងសូចនាករស្ថិតិផ្លូវការដែលមានគុណភាព និងអាចជឿទុកចិត្តបាន ស្តីពីស្ថានភាព និងនិន្នាការទីផ្សារការងារនៅកម្ពុជា។

ទិន្នន័យទាំងនេះ ត្រូវបានរៀបចំស្របតាមស្តង់ដារស្ថិតិជាតិ និងអន្តរជាតិ ដើម្បីគាំទ្រដល់ការរៀបចំគោលនយោបាយ ការធ្វើផែនការ ការតាមដាន និងត្រួតពិនិត្យ ព្រមទាំងការវាយតម្លៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចដោយផ្អែកលើភស្តុតាង។

បើយោងតាមលទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥ និងរបាយការណ៍របស់ ឯកឧត្តម ណោ វ៉ាន់ឌី នាយកវិទ្យាស្ថានជាតិស្ថិតិ ប្រជាជនកម្ពុជាក្នុងវ័យធ្វើការមានប្រមាណ ១៣,១លាននាក់ ដោយស្ត្រីមានចំនួន ៦,៨លាននាក់ និងបុរស ៦,៣លាននាក់។ ក្នុងចំណោមនេះ ប្រជាជនក្នុងវ័យធ្វើការចំនួន ៧,៨លាននាក់រស់នៅតំបន់ជនបទ ខណៈ ៥,៣លាននាក់រស់នៅតំបន់ទីប្រជុំជន។

ចំណែកផលធៀបអ្នកនៅក្នុងបន្ទុកសរុបរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥ មានចំនួន ៤៩,៥% ដោយនៅតំបន់ទីប្រជុំជនមាន ៤៥,៩% និងនៅតំបន់ជនបទមានប្រមាណ ៥២,០%។ ភាគច្រើននៃអត្រានៅក្នុងបន្ទុកនេះ បណ្តាលមកពីចំនួនប្រជាជនវ័យក្មេងដែលមានអាយុក្រោម ១៥ឆ្នាំ ដែលមានរហូតដល់ ៣៧,៩%។

អត្រានៅក្នុងបន្ទុកសរុបបានធ្លាក់ចុះប្រមាណ ១,១% ពី ៥០,៦% ក្នុងឆ្នាំ២០១៩ មកនៅត្រឹម ៤៩,៥% ក្នុងឆ្នាំ២០២៥ ខណៈអត្រានៅក្នុងបន្ទុករបស់ប្រជាជនវ័យក្មេងដែលមានអាយុក្រោម ១៥ឆ្នាំ ក៏មាននិន្នាការថយចុះពី ៤០,៤% ក្នុងឆ្នាំ២០១៩ មកនៅត្រឹម ៣៧,៩% ក្នុងឆ្នាំ២០២៥។

លទ្ធផលអង្កេតក៏បានបង្ហាញថា ក្នុងចំណោមប្រជាជនក្នុងអាយុធ្វើការទាំងអស់ អត្រាអ្នកចូលរួមក្នុងកម្លាំងពលកម្មនៅកម្ពុជាមានចំនួន ៧១,៦% ក្នុងឆ្នាំ២០២៥ ក្នុងនោះបុរសមាន ៧៧,៧% និងស្ត្រីមាន ៦៥,៩%។ អត្រានេះបានកើនឡើងពី ៦៩,៣% ក្នុងឆ្នាំ២០១៩ មកដល់ ៧១,៦% ក្នុងឆ្នាំ២០២៥។

ក្នុងឆ្នាំ២០២៥ ប្រជាជនមានការងារធ្វើមានចំនួន ៦៩,០% នៃប្រជាជនស្ថិតក្នុងអាយុធ្វើការអាយុចាប់ពី ១៥ឆ្នាំឡើង ឬប្រមាណ ៩,១លាននាក់។ ក្នុងចំណោមអ្នកមានការងារធ្វើ វិស័យសេវាកម្មមានចំណែក ៤៣,០% វិស័យឧស្សាហកម្មមាន ២៩,៤% និងវិស័យកសិកម្មមាន ២៧,៦%។

ចំពោះអត្រាអត់ការងារធ្វើ ប្រជាជនអាយុ ១៥ឆ្នាំឡើងដែលស្ថិតក្នុងភាពគ្មានការងារធ្វើក្នុងឆ្នាំ២០២៥ មានប្រមាណ ៣,៦% ស្មើនឹងប្រមាណ ៣៤២ ០៦៧នាក់ ក្នុងនោះបុរសមានចំនួន ១៤៦ ៥០៤នាក់ និងស្ត្រី ១៩៥ ៥៦៤នាក់។

របាយការណ៍ក៏បានបង្ហាញថា ក្នុងឆ្នាំ២០២៥ ប្រជាជនប្រមាណ ២៨,៤% ឬប្រមាណ ៣,៧លាននាក់ នៃប្រជាជនស្ថិតក្នុងអាយុធ្វើការទាំងអស់ ត្រូវបានចាត់ទុកថាស្ថិតនៅក្រៅកម្លាំងពលកម្ម។ អត្រានេះមានការថយចុះ បើធៀបនឹងឆ្នាំ២០១៩ ដែលមានប្រមាណ ៣០,៧% ដែលឆ្លុះបញ្ចាំងថា ប្រជាជនស្ថិតនៅក្រៅកម្លាំងពលកម្មមាននិន្នាការថយចុះ និងជាកត្តាវិជ្ជមានសម្រាប់ការកើនឡើងនៃអត្រាចូលរួមកម្លាំងពលកម្ម។

ទាក់ទងនឹងការងារក្នុង និងក្រៅប្រព័ន្ធ លទ្ធផលនៃការអង្កេតបង្ហាញថា ប្រជាជនមានការងារធ្វើប្រមាណ ៧៥,១% ស្ថិតក្នុងការងារក្រៅប្រព័ន្ធ ខណៈ ២៤,៩% ស្ថិតក្នុងការងារក្នុងប្រព័ន្ធ។

សម្រាប់ប្រាក់ចំណូលពីការងារ ប្រាក់ឈ្នួលប្រចាំខែជាមធ្យមសម្រាប់ការងារចម្បងរបស់និយោជិតមានចំនួន ១ ២០១ ៤៣៦រៀល ដោយនិយោជិតបុរសទទួលបានជាមធ្យម ១ ២៦៣ ៥៣៣រៀល និងនិយោជិតស្ត្រីទទួលបានជាមធ្យម ១ ១២១ ៣១៦រៀល។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានកំណត់ «មនុស្ស» ជាអាទិភាពស្នូល។

ឯកឧត្តមបានបន្តថា លទ្ធផលអង្កេតនេះ គឺជាភស្តុតាងដ៏សំខាន់សម្រាប់រៀបចំគោលនយោបាយ ធ្វើផែនការ និងអន្តរាគមន៍ឱ្យចំគោលដៅ សំដៅគាំទ្រដល់ការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

មុននឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «លទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥» ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន គ្រឹះស្ថានសិក្សា អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ រួមគ្នាធ្វើឱ្យ «ទិន្នន័យក្លាយជាភស្តុតាង ហើយភស្តុតាងក្លាយជាសកម្មភាព»។

ឯកឧត្តមបានជំរុញឱ្យយកលទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥ ទៅប្រើប្រាស់ឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព ក្នុងការរៀបចំគោលនយោបាយ ការសម្រេចចិត្ត និងការវិនិយោគឱ្យកាន់តែចំគោលដៅ និងឆ្លើយតបនឹងការប្រែប្រួលនៃទីផ្សារការងារ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times