ទីផ្សារមូលបត្រ នឹងក្លាយជាស្ពានភ្ជាប់ SMEs ទៅកាន់ប្រភពទុនរយៈពេលវែង

ភ្នំពេញ៖ ខណៈទីផ្សារមូលបត្រកម្ពុជាបានកៀរគរដើមទុនជាង ៧០០លានដុល្លារ រួចមកហើយ និយ័តករមូលបត្រកម្ពុជាកំពុងជំរុញឱ្យទីផ្សារនេះក្លាយជាស្ពានភ្ជាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ទៅកាន់ប្រភពទុនរយៈពេលវែង និងជួយពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់អាជីវកម្ម។

ការលើកឡើងនេះធ្វើឡើងដោយ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងជំនួបសហគ្រិន ស្តីពី «ការគាំទ្រការអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យម (SMEs)៖ កាលានុវត្តភាព បទពិសោធ និងការត្រៀមខ្លួន ដើម្បីទទួលបានហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្រ» កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។

កម្មវិធីនេះរៀបចំដោយ ន.ម.ក. សហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដោយមានការគាំទ្រពីសមាគមក្រុមហ៊ុនមូលបត្រកម្ពុជា ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ូ សុជាតិ និងឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅអគារ អ.ស.ហ.។

កម្មវិធីនេះមានគោលបំណងចែករំលែកបទពិសោធអំពីអត្ថប្រយោជន៍នៃការទទួលបានហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្រ ព្រមទាំងការត្រៀមលក្ខណៈ និងការរៀបចំខ្លួនរបស់ SMEs ដើម្បីអាចទទួលបានហិរញ្ញប្បទានរយៈពេលវែងពីទីផ្សារមូលបត្រ សម្រាប់ពង្រីកអាជីវកម្ម លើកកម្ពស់តម្លាភាព អភិបាលកិច្ចល្អ និងនិរន្តរភាពអាជីវកម្ម។

ឯកឧត្តម ស៊ូ សុជាតិ បានគូសបញ្ជាក់ថា ការអភិវឌ្ឍ SMEs គឺជាការវិនិយោគលើកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចជាតិ ខណៈការទទួលបានហិរញ្ញប្បទានពីទីផ្សារមូលបត្រ មិនត្រឹមតែជាការកៀរគរប្រភពទុនរយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមពង្រឹងប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មប្រកបដោយតម្លាភាព និងអភិបាលកិច្ចល្អ ព្រមទាំងជួយពង្រឹង និងពង្រីកកេរ្តិ៍ឈ្មោះរបស់សហគ្រាសលើទីផ្សារ។

ឯកឧត្តម បានបញ្ជាក់ថា៖ «ទីផ្សារមូលបត្រនឹងក្លាយជាស្ពានភ្ជាប់ SMEs ទៅកាន់ប្រភពទុនរយៈពេលវែង និងបង្កើនសមត្ថភាពប្រកួតប្រជែង»។

តាមរយៈកិច្ចសហការរវាងស្ថាប័នរដ្ឋ ស្ថាប័នហិរញ្ញវត្ថុ និងវិស័យឯកជន ឯកឧត្តម រំពឹងថា នឹងអាចបង្កើតអេកូឡូស៊ីប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំ ដែលផ្តល់ឱកាសកាន់តែទូលំទូលាយក្នុងការជំរុញការអភិវឌ្ឍវិស័យ SMEs នៅកម្ពុជាឱ្យចម្រើនរុងរឿង និងមានចីរភាព។

ជាមួយគ្នានេះ ឧកញ៉ា ប៉ិច បូឡែន បានគូសបញ្ជាក់ថា ការទទួលបានហិរញ្ញប្បទាន (Access to Finance) គឺជាយុទ្ធសាស្ត្រអាទិភាពទី១ របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) រហូតដល់ឆ្នាំ២០៣០។

ឧកញ៉ាបានឱ្យដឹងថា សមាគមបាន និងបន្តពង្រឹងសមត្ថភាពសមាជិក និងសហគ្រិនកម្ពុជាជាច្រើនពាន់នាក់ ឱ្យមានលទ្ធភាពទទួលបានប្រភពទុនទាំងពីធនាគារ និងទីផ្សារមូលបត្រ។

តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូយុទ្ធសាស្ត្រ ដូចជា សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ព្រមទាំងស្ថាប័នក្នុងទីផ្សារមូលបត្រ រួមមាន ន.ម.ក. និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងផ្សារមូលបត្រកម្ពុជា (CSX) សមាគមនឹងប្តេជ្ញាជួយសហគ្រិន និងម្ចាស់អាជីវកម្មនានានៅកម្ពុជាឱ្យទទួលបានឥណទាន ការវិនិយោគ និងការត្រៀមខ្លួនចូលទីផ្សារភាគហ៊ុន (IPO) ដើម្បីចូលរួមអភិវឌ្ឍវិស័យមូលបត្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ក្នុងពិធីរ៉ូដសូ (Roadshow) សម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊ូ សុជាតិ បានរំពឹងថា ផ្សារមូលបត្រកម្ពុជា (CSX) នឹងអាចកៀរគរដើមទុនសរុបពីការបោះផ្សាយមូលបត្ររបស់ក្រុមហ៊ុនចុះបញ្ជី កើនដល់ប្រមាណ ១ពាន់លានដុល្លារអាម៉េរិក នៅដំណាច់ឆ្នាំ២០២៦។

ឯកឧត្តម ស៊ូ សុជាតិ បានមានប្រសាសន៍ថា គិតមកទល់ពេលនេះ មានក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាសរុបប្រមាណជិត ៣០ក្រុមហ៊ុន រួមមានក្រុមហ៊ុនបោះផ្សាយមូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនបោះផ្សាយមូលបត្របំណុល ដែលបានកៀរគរដើមទុនសរុបជាង ៧០០លានដុល្លារអាម៉េរិក៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times