សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយ គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (American Cambodian Business Chamber- ACBC) ដឹកនាំដោយ លោកស្រី ច័ន្ទ សុខវាសនា ស្ថាបនិក និងជាប្រធាន ACBC ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ដោយឡែកក្រៅពីជួបសម្ដេចធិបតីនៅព្រឹកនេះ កាលពីល្ងាចម្សិលមិញ លោកស្រី ច័ន្ទ សុខវាសនា ក៏បានជួបជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាផងដែរ ដើម្បីពង្រឹងទំនាក់ទំនង។
ដោយក្នុងឱកាសនោះ លោកស្រី ច័ន្ទ សុខវាសនា ស្ថាបនិក និងជាប្រធាន ACBC បានអះអាងថាលោកស្រីដឹកនាំគណៈប្រតិភូក្នុងឱកាសនេះសុទ្ធសឹងតែជាក្រុមហ៊ុនធំៗដែលមានចំណាប់អារម្មណ៍បណ្តាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗ រួមមាន ដូចជា៖ ភស្តុភារ ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្ម និងកសិកម្មជាដើម។

លោកស្រីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនងដ៏ល្អប្រសើរជាមួយសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអាមេរិក-កម្ពុជា នឹងអាចបង្កើនកិច្ចសហប្រតិបត្តិការនិងតភ្ជាប់ទំនាក់ទំនងរវាងធុរជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពខ្ពស់។
ដោយឡែកអ្នកឧកញ៉ា គិត ម៉េង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគំនិតផ្តួចផ្តើម និងការប្តេជ្ញាចិត្តរបស់សភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ក្នុងការចូលរួមពង្រឹងស្ពានសេដ្ឋកិច្ចតភ្ជាប់រវាងកម្ពុជា និងសហរដ្ឋអាមេរិក។ អ្នកឧកញ៉ា បានបន្ថែមថា សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់។
លើសពីនេះ វត្តមានរបស់ក្រុមហ៊ុនលំដាប់ពិភពលោករបស់អាមេរិកដូចជា Coca-Cola Ford Chevron Caltex និង GE បានបង្ហាញយ៉ាងច្បាស់អំពីទំនុកចិត្តលើបរិយាកាសធុរកិច្ចនៅកម្ពុជាដែលបច្ចុប្បន្នមានសន្តិភាព ស្ថិរភាពនយោបាយ និងឆ្ពោះទៅរកចក្ខុវិស័យប្រែក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០៕



អត្ថបទ៖ ឆដា, រូបភាព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia




