ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) បានសម្រេចចុះបញ្ជីគម្រោងវិនិយោគថ្មីសរុបចំនួន ៣៧ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ២៣៣ លានដុល្លារ នៅក្នុងខែសីហា ឆ្នាំ២០២៦ ដែលអាចបង្កើតឱកាសការងារប្រមាណ ២៣ ពាន់កន្លែងជូនប្រជាពលរដ្ឋ។
ក្នុងចំណោមគម្រោងទាំងនេះ គម្រោងដែលត្រូវបានចុះបញ្ជីដោយ ក.អ.ក. មានចំនួន ២៧ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១៩៨ លានដុល្លារ និងអាចបង្កើតឱកាសការងារប្រមាណ ១៧ ពាន់កន្លែង។
ដោយឡែក គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ. មានចំនួន ១០ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៣៥ លានដុល្លារ និងអាចបង្កើតការងារប្រមាណ ៦ ពាន់កន្លែង។
ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជានៅតែបន្តទាក់ទាញគម្រោងវិនិយោគដែលមានគុណភាព ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ ដែលមានកំណើនទំហំទុនវិនិយោគ ខណៈវិស័យឧស្សាហកម្មនៅតែជាវិស័យនាំមុខក្នុងការទាក់ទាញវិនិយោគ។
និន្នាការនេះបង្ហាញថា បរិយាកាសវិនិយោគនៅកម្ពុជានៅតែរក្សាបាននូវសញ្ញាណវិជ្ជមាន និងមានភាពធន់ខ្ពស់ ព្រមទាំងឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់សកម្មភាពធុរកិច្ច និងវិនិយោគ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ក្រោមការដឹកនាំដ៏ស្វាហាប់របស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការសម្រេចឱ្យបាននូវទិសដៅយុទ្ធសាស្ត្រវែងឆ្ងាយរបស់ខ្លួន គឺការប្រែក្លាយទៅជា «ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០» និងឈានទៅសម្រេចបានជា «ប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០»។
ឯកឧត្តមបានបន្តថា ដើម្បីប្រែក្លាយចក្ខុវិស័យនេះឱ្យទៅជាសមិទ្ធផលជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រក្នុងការបន្តទាក់ទាញលំហូរវិនិយោគប្រកបដោយគុណភាព និងចីរភាព លើវិស័យអាទិភាពសំខាន់ៗដែលផ្តល់តម្លៃបន្ថែមខ្ពស់។
វិស័យអាទិភាពទាំងនោះរួមមាន ឧស្សាហកម្មកែច្នៃកម្រិតខ្ពស់ បច្ចេកវិទ្យាឌីជីថល ថាមពលស្អាត ការកែច្នៃកសិផល និងប្រព័ន្ធភស្តុភារកម្មទំនើប៕
អត្ថបទ៖ ប៊ី






