អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន អំពាវនាវឱ្យពលរដ្ឋខ្មែរលើកទឹកចិត្តគ្នា ក្នុងគ្រាលំបាក

អ្នកឧកញ៉ាបណ្ឌិតវ័យក្មេង សំ សុខនឿន បានអំពាវនាវឱ្យពលរដ្ឋខ្មែរចេះលើកទឹកចិត្ត និងគាំទ្រគ្នាទៅវិញទៅមក ជាពិសេសនៅពេលជួបការលំបាក ឬបរាជ័យ ដោយអ្នកឧកញ៉ាបានលើកឡើងថា ការសើចចំអក និងពាក្យសម្ដីពេបជ្រាយអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ផ្លូវចិត្តរបស់អ្នកដែលកំពុងជួបបញ្ហា។

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានលើកឡើងថា នៅពេលឃើញមនុស្សម្នាក់ដួល ឬជំពប់ជើងខុសជំហាន មនុស្សមួយចំនួនតែងនិយាយលេងសើចថា «អន់ណាស់» ឬ «សមមុខហើយ»។ ទោះបីពាក្យទាំងនេះត្រូវបានមើលឃើញថាជាការលេងសើច ឬការចំអកបន្តិចបន្តួចក៏ដោយ ប៉ុន្តែលោកថា ទង្វើបែបនេះអាចមានឥទ្ធិពលអវិជ្ជមានដែលមិនគួរមើលរំលង។

អ្នកឧកញ៉ា បានពន្យល់ថា ការដួលមិនមែនបង្កតែការឈឺចាប់ផ្លូវកាយ ដូចជាជង្គង់ជាំ កដៃបាក់ ឬមានស្នាមរបួសនោះទេ ប៉ុន្តែក៏អាចបង្ករបួសផ្លូវចិត្តផងដែរ។ ភ្លាមៗក្រោយពេលដួល មនុស្សម្នាក់អាចកំពុងជួបភាពភ្ញាក់ផ្អើល ភ័យខ្លាច និងខ្មាស់អៀន ជាពិសេសនៅពេលមានមនុស្សជាច្រើននៅជុំវិញ។

ក្នុងស្ថានភាពបែបនេះ អ្វីដែលអ្នកដួលត្រូវការគឺពាក្យលើកទឹកចិត្ត ឬយ៉ាងហោចណាស់ កុំសើចចំអកបន្ថែមទៅលើការឈឺចាប់របស់ពួកគេ។

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានបន្តថា ប្រសិនបើជំនួសឱ្យការជួយ គេបែរជាឈរសើចចំអក និងនិយាយថា «អន់ណាស់» ឬ «សមមុខហើយ» នោះវាអាចធ្វើឱ្យអ្នកដួលមានអារម្មណ៍ថាខ្លួនឯងជាមនុស្សឆោតល្ងង់ មិនមានតម្លៃ និងឯកោក្នុងពេលដែលកំពុងឈឺចាប់។

អ្នកឧកញ៉ា បានលើកឡើងថា ពាក្យសម្ដីបែបនេះអាចបន្សល់ស្លាកស្នាមក្នុងចិត្ត និងអាចធ្វើឱ្យមនុស្សម្នាក់ខ្លាចការចេញទៅក្នុងសង្គម ឬមិនចង់ចូលរួមក្នុងសង្គមទៀតផង។

ក្រៅពីនេះ អ្នកឧកញ៉ា បានភ្ជាប់ការលើកឡើងនេះទៅនឹងព្រះពុទ្ធសាសនា និងវប្បធម៌ខ្មែរ ដោយសង្កត់ធ្ងន់លើគុណធម៌នៃការចេះអាណិតអាសូរ ឬករុណា និងការមានវាចាស្អាត ឬសម្មាវាចា។

អ្នកឧកញ៉ា បានលើកឡើងថា ព្រះពុទ្ធទ្រង់តែងប្រៀនប្រដៅថា វាចាណាដែលមិនមានប្រយោជន៍ ធ្វើឱ្យអ្នកដទៃទុក្ខ និងមិនមែនជាកាលៈទេសៈសមស្រប គឺមិនគួរនិយាយចេញឡើយ។ ដូច្នេះ ការនិយាយបែបពេបជ្រាយ សើចចំអក ដែលគ្មានប្រយោជន៍ និងគ្មានមេត្តា គ្រាន់តែបណ្តុះចិត្តឥតមេត្តានៅក្នុងខ្លួនប៉ុណ្ណោះ។

អ្នកឧកញ៉ា ក៏បានអំពាវនាវឱ្យអ្នកដែលធ្លាប់មានទម្លាប់ចំអកអ្នកដទៃ ងាកមកពិនិត្យមើលចិត្តខ្លួនឯងថា ហេតុអ្វីបានជាចង់ចំអកអ្នកដទៃ និងតើការធ្វើបែបនេះគឺដើម្បីបង្ហាញថាខ្លួនឯងឆ្លាតជាងគេ ឬគ្រាន់តែចង់ឱ្យអ្នកជុំវិញសើចដាក់អ្នកដែលកំពុងជួបបញ្ហា។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានលើកឡើងថា «ការដួល» មិនមែនមានតែការដួលខាងរាងកាយនោះទេ ប៉ុន្តែក៏មានការដួលក្នុងជីវិត ដូចជាការបរាជ័យក្នុងជំនួញ ឬការក្ស័យធនផងដែរ។

អ្នកឧកញ៉ា បានពន្យល់ថា ការបរាជ័យក្នុងជំនួញ គឺជាការដួលមួយប្រភេទដែលអាចធ្ងន់ធ្ងរជាងការដួលខាងរាងកាយ ព្រោះវាអាចពាក់ព័ន្ធនឹងការបាត់បង់ទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ ទំនុកចិត្ត និងក្តីសុបិនដែលបានខិតខំកសាងអស់រយៈពេលជាច្រើនឆ្នាំ។

អ្នកជំនួញដែលក្ស័យធន អាចកំពុងប្រឈមនឹងភាពតក់ស្លុត ភ័យខ្លាច អាម៉ាស់ និងការបាក់ទឹកចិត្តយ៉ាងខ្លាំង។ ប៉ុន្តែជាក់ស្តែង នៅពេលមនុស្សម្នាក់បរាជ័យក្នុងជំនួញ ឬក្ស័យធន ពេលខ្លះពួកគេបែរជាត្រូវប្រឈមនឹងការសើចចំអក និងពាក្យពេបជ្រាយថា «អន់ណាស់» «សមមុខហើយ» ឬ «ខ្ញុំដឹងស្រាប់ហើយថាវាត្រូវដួល»។

អ្នកឧកញ៉ា បានបញ្ជាក់ថា ពាក្យចំអកទាំងនេះអាចធ្វើឱ្យអ្នកដែលកំពុងបរាជ័យបាក់ទឹកចិត្តកាន់តែខ្លាំង និងបាត់បង់ក្តីសង្ឃឹមក្នុងការចាប់ផ្តើមជីវិតថ្មី។

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានសង្កត់ធ្ងន់ថា ខ្មែរគួរតែគាំទ្រខ្មែរ ហើយនៅពេលសហគ្រិនខ្មែរម្នាក់ជួបបរាជ័យ សង្គមគួរតែលើកទឹកចិត្ត និងជួយឱ្យពួកគេអាចក្រោកឡើងវិញ ជាជាងការសើចចំអក ឬពេបជ្រាយ។

អ្នកឧកញ៉ា បានលើកឡើងថា ប្រសិនបើសហគ្រិនខ្មែរម្នាក់ដួល ហើយសង្គមនាំគ្នាសើចចំអក នោះសហគ្រិនផ្សេងទៀតអាចមានការភ័យរអា និងមិនហ៊ានមានក្តីស្រមៃធំៗ។

អ្នកឧកញ៉ា បានអំពាវនាវឱ្យពលរដ្ឋខ្មែរលើកទឹកចិត្តគ្នា ជួយគ្នានៅពេលជួបឧបសគ្គ និងបន្តគាំទ្រសហគ្រិនខ្មែរឱ្យកាន់តែខ្លាំង ដើម្បីឱ្យសហគ្រិនកម្ពុជាអាចបន្តអភិវឌ្ឍ និងប្រកួតប្រជែងនៅលើឆាកអន្តរជាតិ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times