ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងពិនិត្យគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទី២ នៅខេត្តស្វាយរៀង ខណៈតំបន់សេដ្ឋកិច្ចពិសេសនៅទូទាំងប្រទេសបានទាក់ទាញទុនវិនិយោគ ១៣.៨ ពាន់លានដុល្លារ និងបង្កើតការងារប្រមាណ ២៤៦,០០០ កន្លែង គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៦។
គម្រោងនេះត្រូវបានលើកមកពិនិត្យ និងពិភាក្សាក្នុង «កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៥ ក្នុងឆ្នាំ២០២៦ ដែលរៀបចំឡើងដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។
កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន និងតំណាងអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទី២។
គម្រោងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទី១ បានដំណើរការដោយទទួលបានជោគជ័យ លើផ្ទៃដី ៣១៥ ហិកតា និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៤។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំបន់សេដ្ឋកិច្ចពិសេស គឺជាតំបន់ស្ថិតនៅទីតាំងប្រកបដោយយុទ្ធសាស្ត្រ សក្ដានុពល និងមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រត្រៀមរួចជាស្រេច ដែលផ្ដល់ភាពងាយស្រួលដល់សកម្មភាពវិនិយោគ។ ជាទូទៅ តំបន់ទាំងនេះស្ថិតនៅទីតាំងសមស្រប ដើម្បីជួយឱ្យការធ្វើធុរកិច្ចរបស់វិនិយោគិនមានភាពរីកចម្រើន និងទទួលបានជោគជ័យ។
ក្នុងរយៈពេលជិត ២០ ឆ្នាំកន្លងមក តំបន់សេដ្ឋកិច្ចពិសេសបានរួមចំណែកសំខាន់ក្នុងការធ្វើពិពិធកម្មឧស្សាហកម្ម និងប្រភពទុនវិនិយោគនៅកម្ពុជា។ បច្ចុប្បន្ន មានឧស្សាហកម្មគ្រឿងសង្ហារិម ឈើ Veneer និងផលិតផលធ្វើពីឈើ ឧស្សាហកម្មយានយន្ត និងគ្រឿងអេឡិចត្រូនិក ព្រមទាំងឧស្សាហកម្មធុនធ្ងន់ ដូចជារោងចក្រផលិតសំបកកង់យានយន្ត ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។
របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ APS បានឱ្យដឹងថា ចាប់តាំងពីកម្ពុជាបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើកដំបូងក្នុងឆ្នាំ ២០០៥ រហូតដល់ឆ្នាំ២០២៦ តំបន់សេដ្ឋកិច្ចពិសេសទាំងអស់បានទាក់ទាញទុនវិនិយោគប្រមាណជិត ១៤ ពាន់លានដុល្លារអាម៉េរិក និងបង្កើតការងារបានរាប់ម៉ឺននាក់។
បើតាមរបាយការណ៍របស់ APS ដកស្រង់ពីរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៦ តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានសរុប ៦៥ តំបន់ ក្នុងនោះ ៣៥ តំបន់កំពុងដំណើរការ។ តំបន់ទាំង៣៥នេះបានទាក់ទាញវិនិយោគប្រមាណ ១៣.៨ ពាន់លានដុល្លារអាម៉េរិក តាមរយៈគម្រោងវិនិយោគចំនួន ១,០៧២ គម្រោង។
តំបន់សេដ្ឋកិច្ចពិសេសទាំង៣៥ដែលកំពុងដំណើរការ មានផ្ទៃដីសរុបប្រមាណ ៨,៣០៤ ហិកតា និងបានបង្កើតការងារប្រមាណ ២៤៦,០០០ កន្លែង ជាមួយនឹងប្រាក់បៀវត្សរ៍សមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
របាយការណ៍បង្ហាញថា ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេ សរុប ១៤ តំបន់ ប៉ុន្តែមាន៧តំបន់ប៉ុណ្ណោះកំពុងដំណើរការ។ ចំណែកខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសសរុប ១៣ តំបន់ ហើយទាំង១៣តំបន់កំពុងដំណើរការ។
ក្រៅពីនេះ ខេត្តកោះកុងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ ក្នុងនោះ២តំបន់កំពុងដំណើរការ ខេត្តកំពតមាន ៦ តំបន់ ក្នុងនោះ១តំបន់កំពុងដំណើរការ និងខេត្តបន្ទាយមានជ័យមាន ៤ តំបន់ ក្នុងនោះ៣តំបន់កំពុងដំណើរការ។
ដោយឡែក ខេត្តកណ្ដាល ភ្នំពេញ និងកំពង់ស្ពឺ មានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១២ តំបន់ ក្នុងនោះ ៦ តំបន់កំពុងដំណើរការ៕
អត្ថបទ៖ ប៊ី







