កម្ពុជាចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ ពាន់លានដុល្លារ សម្រាប់គម្រោងហ្វូណនតេជោ

សៀមិន៖ កម្ពុជា និងចិនបានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានមានតម្លៃជិត ១ ពាន់លានដុល្លារ សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ទុកថាជាគម្រោងសំខាន់សម្រាប់ការតភ្ជាប់ផ្លូវទឹក និងការជំរុញសកម្មភាពសេដ្ឋកិច្ចតាមបណ្តោយផ្លូវទឹក។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ រវាងធនាគារ China Exim Bank និងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក (Funan Techo Coastal-Inland Waterways Company) ដោយមានឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមជាសក្ខីភាពដ៏ខ្ពង់ខ្ពស់។

ពិធីនេះបានធ្វើឡើងក្នុងព្រឹត្តិការណ៍សហប្រតិបត្តិការវិនិយោគអន្តរជាតិ ក្រោមប្រធានបទ «ប្រាជ្ញាសកល, ការពង្រឹងកម្លាំងរួមគ្នាលើការវិនិយោគអន្តរជាតិ និងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ» (Global Wisdom, Mutual Empowerment: International Investment & Cooperation Exchange)។

ពិធីចុះហត្ថលេខាមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក ព្រមទាំងឥស្សរជនជាន់ខ្ពស់ និងថ្នាក់ដឹកនាំធុរកិច្ចអន្តរជាតិជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងចិន ព្រមទាំងធនាគារ China Exim Bank គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន (NDRC) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA) និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងស្មោះស្ម័គ្រ និងជិតស្និទ្ធ រហូតសម្រេចបាននូវសមិទ្ធផលដ៏ធំធេងនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នឹងត្រូវអនុវត្តក្រោមទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer – BOT) ហើយជាតួអង្គផ្លាស់ប្តូរមុខមាត់កម្ពុជា (Game Changer)។

តាមការលើកឡើងរបស់ឯកឧត្តម គម្រោងនេះមិនត្រឹមតែភ្ជាប់បណ្តាញផ្លូវទឹកទន្លេទៅកាន់សមុទ្រ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងវិស័យភស្តុភារកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងបង្កើត «របៀងសេដ្ឋកិច្ចថ្មី» និងជាសរសៃឈាមសេដ្ឋកិច្ចដ៏រស់រវើក។

ឯកឧត្តមបានបន្តថា តាមរយៈគម្រោងនេះ តំបន់ឧស្សាហកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម ការកែច្នៃកសិផល ការអភិវឌ្ឍក្រុងរណប និងវិស័យទេសចរណ៍ នឹងរីកចម្រើនយ៉ាងខ្លាំងក្លាតាមបណ្តោយផ្លូវទឹកនេះនៅក្នុងទសវត្សរ៍ខាងមុខ។

ជាកិច្ចបញ្ចប់ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីសុភាសិតចិនមួយឃ្លាថា «កាលណាប្រជាជនមានចិត្តគំនិតតែមួយ សូម្បីតែភ្នំតៃសានក៏អាចរំកិលបានដែរ» ដើម្បីបង្ហាញពីកម្លាំងនៃកិច្ចសហប្រតិបត្តិការ និងការរួបរួមគ្នាជាធ្លុងមួយ ក្នុងការសម្រេចគោលដៅធំៗប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំធុរកិច្ចអន្តរជាតិ ឱ្យអញ្ជើញមកកាន់កម្ពុជា សម្លឹងមើលឱកាសវិនិយោគនៅកម្ពុជា និងរីកចម្រើនជាមួយកម្ពុជា ខណៈកម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការស្វាគមន៍ សម្របសម្រួល និងធ្វើការរួមគ្នា ដើម្បីសម្រេចបាននូវជោគជ័យប្រកបដោយចីរភាព និងប្រែក្លាយការតភ្ជាប់ទៅជាកាលានុវត្តភាព និងការវិនិយោគទៅជាការលូតលាស់រួមគ្នា៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times