កិច្ចប្រជុំកំពូលអន្តរជាតិស្តីពីទីអវកាស ដែលបានរៀបចំធ្វើឡើងនៅទីក្រុងប៉ារីស៍ កាលពីថ្ងៃទី៩ និងទី១០ ខែកញ្ញា ឆ្នាំ ២០២៦ កន្លងទៅនេះ ក៏មានកម្ពុជាចូលរួមផងដែរ។ ដោយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍អញ្ជើញចូលរួម តំណាងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំកំពូល អន្តរជាតិស្ដីពីលំហអាកាស នាគ្រានោះ។

កិច្ចប្រជុំកំពូលនេះ សហការរៀបចំដោយសាធារណរដ្ឋបារាំង និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកវិស័យលំហអាកាស និង តំណាងប្រទេសជាង៩០ ព្រមទាំង តំណាងអង្គការអន្តរជាតិ និងវិស័យ ឯកជន សរុបជាង ២ ០០០ នាក់ ហើយក៏មានវត្តមានអាកាសយានិក លោក Thomas Pesquet ផងដែរ។
នេះជាកិច្ចប្រជុំកំពូលលើកទីមួយ ផ្នែកលំហអាកាស ដែលមានគោលបំណង ប្រមូលផ្ដុំបណ្ដាប្រទេសពាក់ព័ន្ធ ដើម្បីប្រកាសរួមគ្នា ពីឧត្ដមបំណងនៃការប្រើប្រាស់លំហអាកាស សម្រាប់គោលដៅសន្តិភាព និងប្រកបដោយចីរភាពក្នុង បរិការណ៍នៃការប្រកួតប្រជែងក្នុងផ្នែក លំហអាកាស ដើម្បីសេដ្ឋកិច្ច និងគោលដៅយុទ្ធសាស្ត្ររបស់បណ្ដាប្រទេសនានាលើពិភពលោក។ នៅក្នុងកិច្ចប្រជុំកំពូលនេះ កម្ពុជាក៏បានផ្តល់ការគាំទ្រ (Endorsement) ចំពោះសេចក្តីថ្លែងការណ៍ចំនួន ៣ ដែលផ្តួចផ្តើមដោយសាធារណរដ្ឋបារាំងផងដែរ។


លោករដ្ឋមន្ត្រី បានជួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយលោក Philippe Baptiste រដ្ឋមន្ត្រីក្រសួងឧត្ដមសិក្សាការស្រាវជ្រាវ និងលំហអាកាសរបស់បារាំង។ ឯកឧត្ដមរដ្ឋមន្ត្រី និងឯកឧត្ដម Philippe Baptiste បានពិភាក្សាអំពីលទ្ធភាពក្នុងការសហការលើការងារបច្ចេកទេស ក៏ដូចជាការបណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញបច្ចេកវិទ្យាផ្កាយរណបនិងលំហអាកាសជាដើម ជាពិសេស ភាគីបារាំងបានថ្លែងអំណរគុណភាគីកម្ពុជា ដែលបានផ្តល់ការគាំទ្រលើសេចក្តីថ្លែងការណ៍ទាំង ៣។
គ្រានោះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ជា វ៉ាន់ដេត មានឱកាសបានជួបពិភាក្សាការងារជាមួយលោកស្រី Éléonore Caroit រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី ភាពជាដៃគូអន្តរជាតិ និងជនជាតិបារាំងនៅបរទេសផងដែរ។ ចំណែកនៅក្នុងជំនួប ជាមួយ លោកជំទាវ Eléonore Caroit ភាគីទាំងពីរបានពិភាក្សាលម្អិតអំពីលទ្ធភាព ពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង លើផ្នែកបញ្ញាសិប្បនិម្មិត លំហអាកាស សន្តិសុខសាយប័រ បច្ចេកវិទ្យាកង់ទិច និង សឺមីកុងឌុចទ័រ។
គួរបញ្ជាក់ផងដែរថាលោករដ្ឋមន្ត្រី នឹងបន្តដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចការងារនៅស្ថាប័ន និងក្រុមហ៊ុន លំហអាកាសនៅទីក្រុងទូលូស ដែលជាបណ្ដុំលំហអាកាស ដ៏ធំនៅប្រទេសបារាំងនិង អឺរ៉ុប៕




អត្ថបទ៖ ឆដា, រូបភាព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍




