ចំណូលពីពាណិជ្ជកម្មអេឡិចត្រូនិកកម្ពុជា អាចកើនដល់ ១,៨ ពាន់លានដុល្លារ នៅឆ្នាំ២០២៩

ភ្នំពេញ៖ ចំណូលពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ត្រូវបានប៉ាន់ប្រមាណថាមានប្រមាណ ១,១ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ និងអាចកើនដល់ប្រមាណ ១,៨ ពាន់លានដុល្លារ នៅឆ្នាំ២០២៩ ខណៈក្រសួងពាណិជ្ជកម្មកំពុងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មឌីជីថល ឆ្ពោះទៅឆ្នាំ២០៣០។

ការលើកឡើងនេះធ្វើឡើងដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើក «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Cambodia Digital Trade Forum and Online Expo – DTF)» ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។

លោកជំទាវ ចម និម្មល បានឱ្យដឹងថា វេទិកានេះត្រូវបានផ្តួចផ្តើមរៀបចំឡើងក្នុងឆ្នាំ២០២៤ ជាព្រឹត្តិការណ៍អមនៃពិព័រណ៍ពាណិជ្ជកម្មកម្ពុជា មុននឹងវិវត្តខ្លួនជាព្រឹត្តិការណ៍ដាច់ដោយឡែកក្នុងឆ្នាំ២០២៥។

ផ្អែកលើបទពិសោធន៍ និងលទ្ធផលវិជ្ជមានពីការរៀបចំចំនួន ២ លើកកន្លងមក ក្រសួងពាណិជ្ជកម្មបានពង្រីកវិសាលភាពនៃវេទិកានៅឆ្នាំ២០២៦ ដើម្បីជំរុញការកសាងប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មឌីជីថលដែលមានប្រសិទ្ធភាព ទំនុកចិត្ត និងបរិយាបន្ន ព្រមទាំងពង្រឹងផលិតភាព សមត្ថភាពប្រកួតប្រជែង និងលទ្ធភាពចូលទៅកាន់ទីផ្សាររបស់សហគ្រាសកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០។

លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជាត្រូវបន្តពង្រឹងទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងហេដ្ឋារចនាសម្ព័ន្ធទន់សម្រាប់ពាណិជ្ជកម្មឌីជីថល ស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧។

ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្មបាននិងកំពុងរៀបចំ «ក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» និង «យុទ្ធសាស្ត្រពាណិជ្ជកម្មឌីជីថល ២០២៥-២០៣០» ព្រមទាំងសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការរៀបចំ «ប្រកាសអន្តរក្រសួង ស្តីពីការដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក»។

ក្រសួងក៏បន្តពង្រឹងថ្នាល CambodiaTrade.com ដើម្បីធានាថាកម្ពុជាមានរបៀបវារៈ យុទ្ធសាស្ត្រ និងបទប្បញ្ញត្តិជាក់លាក់ និងគ្រប់គ្រាន់សម្រាប់គាំទ្រ និងអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថល។

លោកជំទាវរដ្ឋមន្ត្រីបានបញ្ជាក់ថា ការអភិវឌ្ឍវិស័យនេះក៏មានគោលដៅធានាថា វិស័យឯកជន សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាពិសេសសហគ្រិននៅតាមជនបទ និងសហគ្រិនជាស្ត្រី អាចពង្រីកឱកាសពាណិជ្ជកម្ម បង្កើនផលិតភាព បង្កើតតម្លៃបន្ថែម និងចូលរួមក្នុងខ្សែច្រវាក់តម្លៃឌីជីថលបានកាន់តែទូលំទូលាយ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព ទំនួលខុសត្រូវ និងជំនឿទុកចិត្ត។

ក្នុងការសម្លឹងមើលទៅអនាគត លោកជំទាវ ចម និម្មល បានផ្តល់អនុសាសន៍ចំនួន ៧ ចំណុច ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា។

អនុសាសន៍ទាំងនោះរួមមាន ការកសាងបរិយាកាសពាណិជ្ជកម្មឌីជីថលដែលមានទំនុកចិត្ត ប្រែក្លាយបច្ចេកវិទ្យា ជាពិសេសបញ្ញាសិប្បនិម្មិត ទៅជាផលិតភាព និងសមត្ថភាពប្រកួតប្រជែង ត្រៀមកម្ពុជាឱ្យទទួលបានផលប្រយោជន៍ជាក់ស្តែងពី DEFA និងទីផ្សារតំបន់ និងភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលឱ្យក្លាយជាប្រព័ន្ធពាណិជ្ជកម្មតែមួយដែលមានប្រសិទ្ធភាព។

អនុសាសន៍ផ្សេងទៀតរួមមាន ការសម្រួលការលក់ឆ្លងកាត់ព្រំដែនសម្រាប់សហគ្រាសកម្ពុជា ការធានាថាឱកាសឌីជីថលក្លាយជាឱកាសសេដ្ឋកិច្ចសម្រាប់មនុស្សគ្រប់រូប និងការបង្កើតភាពជាដៃគូដែលនាំទៅរកលទ្ធផលជាក់ស្តែង និងអាចវាស់វែងបាន។

វេទិកានេះមានកម្មវិធីសំខាន់ៗជាច្រើនក្នុងរយៈពេល ៣ ថ្ងៃ រួមមាន កិច្ចសន្ទនាថ្នាក់ដឹកនាំជាន់ខ្ពស់ កម្មវិធី Hackathon កម្មវិធី TEDxPhnomPenh Salon កម្មវិធី Women in Digital Trade កម្មវិធីជជែកដេញដោលយុវជន ពិព័រណ៍ផលិតផលខ្មែរ និងការប្រគំតន្ត្រី។

កម្មវិធីទាំងនេះមានគោលបំណងផ្សារភ្ជាប់កិច្ចពិភាក្សាផ្នែកគោលនយោបាយទៅនឹងការអនុវត្ត ការបណ្តុះបណ្តាល ការសាកល្បងបច្ចេកវិទ្យា ការតភ្ជាប់ធុរកិច្ច និងការបង្កើតឱកាសទីផ្សារជាក់ស្តែង៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times