ភ្នំពេញ៖ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានឈានដល់ ១១.១១ ពាន់លានដុល្លារ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២៦ ខណៈកម្ពុជាកំពុងជំរុញការពង្រីកការនាំចេញផលិតផលខ្មែរ ទៅកាន់ទីផ្សារអាមេរិក។
ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចអាមេរិក ដឹកនាំដោយស្ថាបនិក និងជាប្រធានសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា អ្នកស្រី ចាន់ សុខវាសនា នៅថ្ងៃទី១០ ខែកញ្ញា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឱ្យសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ធ្វើជាស្ពានភ្ជាប់ផលិតករ និងសហគ្រាសកម្ពុជា ជាមួយអ្នកទិញនៅសហរដ្ឋអាមេរិក។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាមានឱកាសពង្រីកការនាំចេញទៅសហរដ្ឋអាមេរិក លើសពីវិស័យប្រពៃណី ជាពិសេសផលិតផលគ្រឿងសង្ហារិម ការកែច្នៃកសិផល និងផលិតផលដែលមានតម្លៃបន្ថែមផ្សេងទៀត។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ផលិតផលខ្មែរមួយចំនួនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់នាំចេញ ប៉ុន្តែសមត្ថភាពផលិតនៅមិនទាន់មានទំហំគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ក្រុមហ៊ុនបញ្ជាទិញធំៗ ខណៈសហគ្រាសធុនតូច និងមធ្យមមួយចំនួនត្រូវការការគាំទ្របន្ថែម ដើម្បីបំពេញតាមលក្ខខណ្ឌបច្ចេកទេស ការវេចខ្ចប់ និងតម្រូវការរបស់ទីផ្សារអាមេរិក។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «យើងមិនគួរផ្តោតវិសាលភាពទូលំទូលាយពេកនោះទេ។ យើងត្រូវជ្រើសរើសសហគ្រាសដែលមានសមត្ថភាពពិតប្រាកដ និងផលិតផលដែលមានសក្តានុពល ហើយយើងត្រូវសហការជួយឱ្យពួកគាត់អាចបំពេញតាមលក្ខខណ្ឌតម្រូវការទីផ្សារសហរដ្ឋអាមេរិក»។
ឯកឧត្តមក៏បានជំរុញឱ្យសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ដើរតួជាកាតាលីករ ក្នុងការស្វែងរកអ្នកទិញ ប្រមូលផ្តុំតម្រូវការ និងផ្តល់ព័ត៌មានច្បាស់លាស់អំពីលក្ខណៈបច្ចេកទេស ស្តង់ដា និងបរិមាណនៃការបញ្ជាទិញ។
ឯកឧត្តមបានបន្ថែមថា ការបញ្ជាក់បរិមាណបញ្ជាទិញឱ្យបានច្បាស់លាស់ នឹងជួយឱ្យសហគ្រាសផលិតនៅកម្ពុជាមានទំនុកចិត្តកាន់តែខ្លាំង ក្នុងការពង្រីកសមត្ថភាពផលិតកម្មរបស់ខ្លួន។
តំណាងសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បានបញ្ជាក់ពីការត្រៀមលក្ខណៈសហការជាមួយក្រសួង ដើម្បីជួយឱ្យសហគ្រាសកម្ពុជាយល់កាន់តែច្បាស់អំពីតម្រូវការសម្រាប់ឈានចូលទីផ្សារអាមេរិក តាមរយៈការធ្វើបទបង្ហាញបច្ចេកទេស សិក្ខាសាលា និងការភ្ជាប់ជាមួយស្ថាប័ន និងអ្នកជំនាញពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក។
ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរយៈពេលវែងក្នុងផ្នែកសុវត្ថិភាពចំណីអាហារ ការវេចខ្ចប់ ស្តង់ដា ការបញ្ជាក់ភាពអនុលោម ការផ្ទេរបច្ចេកវិទ្យា និងការធ្វើទំនើបកម្មឧស្សាហកម្ម សំដៅបង្កើនតម្លៃបន្ថែមក្នុងស្រុក អភិវឌ្ឍឧស្សាហកម្មគាំទ្រ និងពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពុជាបាននាំចេញទំនិញទៅសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ ១០.៦៨ ពាន់លានដុល្លារ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២៦ ខណៈសហរដ្ឋអាមេរិកបាននាំទំនិញមកកម្ពុជា មានទំហំប្រមាណ ៤៣១.៨២ លានដុល្លារ។
សរុបមក ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ មានទំហំ ១១.១១ ពាន់លានដុល្លារ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២៦៕
អត្ថបទ៖ ប៊ី







