លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ត្រូវបានទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ប្រចាំឆ្នាំ២០២៦ ដែលជាចំណាត់ថ្នាក់កម្រិតខ្ពស់ និងជាការទទួលស្គាល់ ៣ឆ្នាំជាប់គ្នា ចំពោះប្រសិទ្ធភាពនៃការដឹកនាំធនាគារកណ្តាលរបស់លោកជំទាវ។

លោកជំទាវបានស្ថិតក្នុងបញ្ជីចំណាត់ថ្នាក់នេះក្នុងចំណោមទេសាភិបាល ធនាគារកណ្តាលនៃបណ្តាប្រទេស ដែលមានប្រព័ន្ធហិរញ្ញវត្ថុរីកចម្រើនដូចជា ឯកឧត្តម Martin Schlegel ទេសាភិបាល ធនាគារជាតិនៃប្រទេសស្វ៊ីស ឯកឧត្តម Khaled Mohamed Balama Al Tameemi ទេសាភិបាល ធនាគារកណ្តាល អេមីរ៉ាតអារ៉ាប់រួម (UAE) និងឯកឧត្តម Eli Remolona ទេសាភិបាល ធនាគារកណ្តាលហ្វីលីពីនជាដើម។
ចំណាត់ថ្នាក់នេះ ក៏បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសមត្ថភាពដឹកនាំដ៏លេចធ្លោប្រកបដោយភាពឈ្លាសវៃរបស់លោកជំទាវបណ្ឌិត និងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយរូបិយវត្ថុក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច រក្សាស្ថិរភាពរូបិយវត្ថុ គ្រប់គ្រងអតិផរណា និងអត្រាប្តូរប្រាក់របស់ប្រទេសយើង។

Global Finance បានផ្សព្វផ្សាយបញ្ជីចំណាត់ថ្នាក់ឥស្សរជនជាថ្នាក់ដឹកនាំធនាគារកណ្តាលនេះជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ១៩៩៤ ដោយវាយតម្លៃលើប្រសិទ្ធភាពការងាររបស់ថ្នាក់ដឹកនាំធនាគារកណ្តាលប្រមាណ ១០០ ប្រទេសជុំវិញពិភពលោក ជាពិសេសលើការអនុវត្តនយោបាយរូបិយវត្ថុ ក្នុងការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និងគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕

អត្ថបទ៖ ឆដា, រូបភាព៖ ធនាគារជាតិ នៃកម្ពុជា និង Serey Chea




