រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ តំណាងនាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលអន្តរជាតិ ស្ដីពីលំហអាកាសនៅបារាំង

កិច្ចប្រជុំកំពូលអន្តរជាតិស្តីពីទីអវកាស ដែលបានរៀបចំធ្វើ​ឡើងនៅទីក្រុងប៉ារីស៍ កាលពីថ្ងៃទី៩ និង​ទី១០ ខែ​កញ្ញា ឆ្នាំ ២០២៦ កន្លងទៅនេះ ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ ដោយ​លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​អញ្ជើញ​ចូលរួម តំណាង​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុង​កិច្ច​ប្រជុំ​កំពូល អន្តរជាតិ​ស្ដីពី​លំហ​អាកាស នា​គ្រា​នោះ។

តាមដានជាមួយយើង៖ Million Times

កិច្ចប្រជុំកំពូលនេះ សហការ​រៀបចំ​ដោយ​សាធារណរដ្ឋ​បារាំង និង​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ និងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកវិស័យលំហអាកាស និង តំណាងប្រទេសជាង៩០ ព្រមទាំង តំណាងអង្គការអន្តរជាតិ និងវិស័យ ឯកជន សរុបជាង ២ ០០០ នាក់ ហើយ​ក៏​មាន​វត្តមាន​អាកាសយានិក លោក Thomas Pesquet ផង​ដែរ។

នេះជាកិច្ចប្រជុំកំពូលលើកទីមួយ ផ្នែកលំហអាកាស ដែលមានគោលបំណង ប្រមូល​ផ្ដុំ​បណ្ដា​ប្រទេស​ពាក់ព័ន្ធ ដើម្បី​ប្រកាស​រួមគ្នា ពី​ឧត្ដម​បំណង​នៃ​ការ​ប្រើប្រាស់លំហអាកាស សម្រាប់​គោលដៅ​សន្តិភាព និង​ប្រកប​ដោយ​ចីរភាពក្នុង បរិការណ៍នៃការប្រកួតប្រជែងក្នុងផ្នែក លំហ​អាកាស ដើម្បី​សេដ្ឋកិច្ច និងគោលដៅយុទ្ធសាស្ត្ររបស់បណ្ដាប្រទេសនានាលើពិភពលោក។ នៅក្នុងកិច្ចប្រជុំកំពូលនេះ កម្ពុជាក៏បានផ្តល់ការគាំទ្រ (Endorsement) ចំពោះសេចក្តីថ្លែងការណ៍ចំនួន ៣ ដែលផ្តួចផ្តើមដោយសាធារណរដ្ឋបារាំងផងដែរ។

លោក​រដ្ឋមន្ត្រី បានជួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយលោក Philippe Baptiste រដ្ឋ​មន្ត្រី​ក្រសួង​ឧត្ដម​សិក្សា​ការ​ស្រាវជ្រាវ និង​លំហ​អាកាស​របស់​បារាំង។ ឯកឧត្ដមរដ្ឋមន្ត្រី និងឯកឧត្ដម Philippe Baptiste បានពិភាក្សាអំពីលទ្ធភាពក្នុងការសហការលើការងារបច្ចេកទេស ក៏​ដូចជា​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្សលើជំនាញបច្ចេកវិទ្យាផ្កាយរណបនិងលំហអាកាសជាដើម ជាពិសេស ភាគី​បារាំង​បាន​ថ្លែងអំណរគុណភាគីកម្ពុជា ដែល​បាន​ផ្តល់​ការ​គាំទ្រ​លើសេចក្តីថ្លែងការណ៍ទាំង ៣។

គ្រា​នោះ រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា ជា វ៉ាន់ដេត មាន​ឱកាស​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Éléonore Caroit រដ្ឋមន្ត្រី​ប្រតិភូ​ទទួល​បន្ទុក​កិច្ចការ​ហ្វ្រង់កូហ្វូនី ភាព​ជា​ដៃគូ​អន្តរជាតិ និង​ជន​ជាតិ​បារាំង​នៅ​បរទេស​ផង​ដែរ។ ចំណែកនៅក្នុងជំនួប ជាមួយ លោកជំទាវ​ Eléonore Caroit ភាគីទាំងពីរបានពិភាក្សាលម្អិតអំពីលទ្ធភាព ពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង លើផ្នែកបញ្ញាសិប្បនិម្មិត លំហអាកាស សន្តិសុខសាយប័រ បច្ចេកវិទ្យាកង់ទិច និង សឺមីកុងឌុចទ័រ។


គួរបញ្ជាក់ផងដែរថាលោករដ្ឋមន្ត្រី នឹងបន្តដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចការងារនៅស្ថាប័ន និងក្រុមហ៊ុន លំហអាកាសនៅទីក្រុងទូលូស ដែលជាបណ្ដុំលំហអាកាស ដ៏ធំនៅប្រទេសបារាំងនិង អឺរ៉ុប៕

អត្ថបទ៖ ឆដា, រូបភាព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍