កម្ពុជា ជំរុញឱ្យក្រុមហ៊ុនចិន ៣ មកបោះទុន​ក្នុងវិស័យពាណិជ្ជកម្ម បច្ចេកវិទ្យា LED និងអាគុយ EV

ស៊ិនជិន៖ កម្ពុជាបានជំរុញឱ្យក្រុមហ៊ុនចិនចំនួន ៣ មកបោះទុនលើគម្រោងវិនិយោគថ្មីៗក្នុងវិស័យអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្ម បច្ចេកវិទ្យា LED និងធាតុផ្សំអាគុយសម្រាប់រថយន្តអគ្គិសនី (EV) ក្នុងបេសកកម្មទាក់ទាញនិងជំរុញវិនិយោគនៅទីក្រុងស៊ិនជិន ខេត្តក្វាងទុង ប្រទេសចិន។

កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាបន្តបន្ទាប់ជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនធំៗចំនួន ៣ ដើម្បីបង្ហាញពីឱកាសវិនិយោគនៅកម្ពុជា និងពិនិត្យលទ្ធភាពនៃការបង្កើតគម្រោងវិនិយោគជាក់ស្តែង។

ក្នុងជំនួបជាមួយលោក Chen Zhi ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hong Kong Causeway Bay Group ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបង្ហាញពីសក្តានុពលនៃការអភិវឌ្ឍតំបន់ពាណិជ្ជកម្មជុំវិញបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗនៅកម្ពុជា។

ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពទាក់ទាញគម្រោងវិនិយោគមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិរបស់ក្រុមហ៊ុនមកកាន់កម្ពុជា។

ក្នុងជំនួបទីពីរ ឯកឧត្តម ស៊ុន ចាន់ថុល បានទទួលជួបលោក Qi Xiaoming តំណាងក្រុមហ៊ុន Shenzhen Zhouming Technology Co., Ltd. (Unilumin Group) ដែលជាក្រុមហ៊ុនចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនស៊ិនជិន និងជាក្រុមហ៊ុនឈានមុខលើការស្រាវជ្រាវ ផលិត និងផ្គត់ផ្គង់ដំណោះស្រាយបច្ចេកវិទ្យាអេក្រង់ LED និងប្រព័ន្ធភ្លើងបំភ្លឺឆ្លាតវៃ។

ជំនួបនេះបានផ្តោតលើលទ្ធភាពបង្កើតរោងចក្រដំឡើងឧបករណ៍អគ្គិសនី និងបច្ចេកវិទ្យា LED នៅកម្ពុជា ដើម្បីបម្រើតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់តំបន់អាស៊ីអាគ្នេយ៍។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់អំពីការប្រើប្រាស់បច្ចេកវិទ្យា LED ឆ្លាតវៃសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា ការបំភ្លឺផ្លូវសាធារណៈ និងការបំពាក់អេក្រង់ LED ភ្ជាប់ដោយបច្ចេកវិទ្យាឌីជីថលនៅតាមពហុកីឡដ្ឋាន និងអាកាសយានដ្ឋានអន្តរជាតិនានា។

ជំនួបចុងក្រោយ គឺជាមួយតំណាងក្រុមហ៊ុន Hubei Wanrun New Energy Technology Co., Ltd. ដែលជាក្រុមហ៊ុនចុះបញ្ជីក្នុងទីផ្សារ STAR Market នៃផ្សារភាគហ៊ុនសៀងហៃ និងជាអ្នកផលិតធាតុផ្សំកាតូតសម្រាប់អាគុយលីចូម-អ៊ីយ៉ុង ដែលផ្គត់ផ្គង់ផ្ទាល់ដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី និងក្រុមហ៊ុនផលិតអាគុយ។

ជំនួបនេះបានផ្តោតលើលទ្ធភាពជំរុញកម្ពុជាឱ្យចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មរថយន្តអគ្គិសនី និងការទាក់ទាញរោងចក្រផលិតធាតុផ្សំអាគុយមកបង្កើតមូលដ្ឋានផលិតកម្មនៅកម្ពុជា ដើម្បីបង្កើនកម្រិតផលិតកម្មក្នុងស្រុក។

ក្នុងឱកាសនៃជំនួបទាំងបី ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីគោលនយោបាយបើកចំហ ស្ថិរភាពនយោបាយ និងកិច្ចសម្រួលវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមក៏បានអញ្ជើញគណៈគ្រប់គ្រងក្រុមហ៊ុនទាំងបីមកបំពេញទស្សនកិច្ចសិក្សាស្រាវជ្រាវដោយផ្ទាល់នៅកម្ពុជា ដើម្បីពិនិត្យឱកាសវិនិយោគ និងឈានទៅប្រែក្លាយកិច្ចពិភាក្សាខាងលើទៅជាគម្រោងវិនិយោគជាក់ស្តែងនាពេលខាងមុខ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times