ភ្នំពេញ៖ កម្ពុជា និងសិង្ហបុរី បានពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍសមត្ថភាពសុវត្ថិភាពម្ហូបអាហារ តាមរយៈវគ្គបណ្តុះបណ្តាលរយៈពេល ៥ ថ្ងៃ សំដៅលើកកម្ពស់ការកែច្នៃកសិផល បង្កើនគុណភាពផលិតផល និងគាំទ្រសហគ្រាសកម្ពុជាឱ្យត្រៀមខ្លួនសម្រាប់ទីផ្សារនាំចេញ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការកែច្នៃ និងសុវត្ថិភាពម្ហូបអាហារ» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា។
វគ្គបណ្តុះបណ្តាលនេះបានប្រមូលផ្តុំមន្ត្រីកម្ពុជា ដោយផ្តោតលើការពង្រឹងចំណេះដឹងទាក់ទងនឹងការគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ការរក្សាទុកផលិតផល ការបង្កើនតម្លៃបន្ថែម និងការផលិតអាហារប្រកបដោយចីរភាព។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើសារសំខាន់នៃការកសាងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារដ៏រឹងមាំ ដើម្បីការពារសុខភាពសាធារណៈ កសាងទំនុកចិត្តអ្នកប្រើប្រាស់ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់វិស័យឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យម។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការវិនិយោគលើសុវត្ថិភាពម្ហូបអាហារ មិនត្រឹមតែជាការវិនិយោគលើសុខុមាលភាពអ្នកប្រើប្រាស់នាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការវិនិយោគលើកេរ្តិ៍ឈ្មោះរយៈពេលវែង និងអនាគតសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។
លោកបានគូសបញ្ជាក់ពីភាពចាំបាច់នៃការកាត់បន្ថយការបាត់បង់ក្រោយពេលប្រមូលផល ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការកែច្នៃ និងវេចខ្ចប់ ការអនុលោមតាមស្តង់ដារអន្តរជាតិ និងការលើកកម្ពស់ផលិតកម្មដែលប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។
អាទិភាពទាំងនេះ នឹងគាំទ្រដល់ការផ្លាស់ប្តូររបស់កម្ពុជា ពីផលិតកម្មមូលដ្ឋានបែបប្រពៃណី ឆ្ពោះទៅរកការផលិតដែលមានតម្លៃបន្ថែមខ្ពស់។
ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីនេះត្រូវបានរៀបចំឡើងជាពិសេស ដើម្បីឆ្លើយតបទៅនឹងអាទិភាពរបស់ក្រសួង និងបង្ហាញពីដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការកសាងសមត្ថភាពផលិតអាហារ។
ឯកឧត្តមបានចាត់ទុកវគ្គបណ្តុះបណ្តាលនេះថា ជាវគ្គពិសេសផ្អែកលើតម្រូវការជាក់ស្តែងលើកដំបូង ក្រោមកម្មវិធីសហប្រតិបត្តិការសិង្ហបុរី ដែលរៀបចំនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី។ លោកសង្ឃឹមថា វានឹងក្លាយជាចំណុចចាប់ផ្តើមសម្រាប់វគ្គបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជា។
ឯកអគ្គរដ្ឋទូតបានបន្ថែមថា ផលិតផលកសិកម្មដ៏សម្បូរបែបរបស់កម្ពុជា ផ្តល់ឱកាសធំសម្រាប់ការបង្កើតតម្លៃបន្ថែម តាមរយៈការកែច្នៃ ការរក្សាទុក និងការអនុវត្តសុវត្ថិភាពម្ហូបអាហារឱ្យកាន់តែប្រសើរ។
វគ្គបណ្តុះបណ្តាលនេះក៏គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ រួមមានស្តង់ដារូបនីយកម្ម មាត្រាសាស្ត្រ ការវាយតម្លៃទទួលស្គាល់ និងការធ្វើតេស្តវិភាគនៅមន្ទីរពិសោធន៍។
ជាមួយគ្នានេះ វគ្គនេះជួយគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការលើកកម្ពស់គុណភាពផលិតផល និងឈានទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ និងលើកកម្រិតនៅឆ្នាំ២០១៨ ដែលឆ្លុះបញ្ចាំងពីភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរ។ រហូតមកដល់បច្ចុប្បន្ន មន្ត្រីរាជការកម្ពុជាជាង ១៩.០០០នាក់ បានទទួលអត្ថប្រយោជន៍ពីកម្មវិធីកសាងសមត្ថភាពរបស់មជ្ឈមណ្ឌលនេះ៕
អត្ថបទ៖ ប៊ី








