កម្ពុជា​ ​ផ្តោត​លើ​ការ​ពង្រឹង​ភស្តុភារកម្ម ​និង​ពិពិធកម្ម​ផលិតផល​ ​ដើម្បី​ពង្រីក​ទីផ្សារ​នាំចេញ​

​ភ្នំពេញ​៖​ ​កម្ពុជា​កំពុង​ផ្តោត​លើ​ការ​ពង្រឹង​ភស្តុភារកម្ម ​និង​ការ​ធ្វើ​ពិពិធកម្ម​ផលិតផល​ ​ដើម្បី​កាត់បន្ថយ​ថ្លៃ​ដើម​ បង្កើន​ប្រសិទ្ធភាព​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​ ​ខណៈ​វិស័យ​ឯកជន​ត្រូវបាន​លើកទឹកចិត្ត និងជំរុញ​ឱ្យ​ចូលរួម​កាន់តែ​សកម្ម​ក្នុង​ការ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​របស់​ផលិតផល​កម្ពុជា​។​

ការ​លើកឡើង​នេះ​ធ្វើឡើង​ក្នុង​ពិធី​បើក​កិច្ចពិភាក្សា​ស្តីពី​ «​ការ​ពង្រឹង​ការ​តភ្ជាប់ពាណិជ្ជកម្ម​ វិនិយោគ​ ​និង​ភស្តុភារកម្ម​៖ ​អភិវឌ្ឍ​វិស័យ​ឯកជន ​និង​ជំរុញ​ការ​ធ្វើ​ពិពិធកម្ម​ផលិតផល​ជាតិ​» ​កាលពី​រសៀល​ថ្ងៃទី​១៤​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​នៅ​មជ្ឈមណ្ឌល​សន្និបាត​ ​និង​ពិព័រណ៍​កោះ​ពេជ្រ​។​

ឯកឧត្តម​ ​សំហេង​ ​បូរ៉ា ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​នេះ​ ​ដែល​រៀបចំឡើង​ដោយ​មាន​កិច្ចសហការ​ពី​ក្រុមហ៊ុន​ ​Yorker​ ​Trade​ ​& ​Marketing​ ​Service​ ​Co​.​,​ ​Ltd​. ​ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​ប្រៃសណីយ៍​កម្ពុជា​ ​ព្រមទាំង​សមាគម​វាយន​ភណ្ឌ ​សម្លៀកបំពាក់​ ស្បែកជើង​ និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា​។​

តំណាង​វិស័យ​ឯកជន ​វិនិយោគិន ​ធុរ​ជន ​និង​ភ្ញៀវ​កិត្តិយស​ជាច្រើន​រូប ​ក៏​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះ​ផងដែរ​។

កម្មវិធី​នេះ​មាន​គោលបំណង​ប្រមូលផ្តុំ​អ្នករៀបចំ​គោលនយោបាយ​ ​តំណាង​វិស័យ​ឯកជន ​ប្រតិបត្តិករ ​វិនិយោគិន ​និង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​ វិនិយោគ​ ​និង​ភស្តុភារកម្ម ​ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ​ ​និង​ពិភាក្សា​អំពី​ឱកាស​ ​បញ្ហា​ប្រឈម ​ព្រមទាំង​ស្វែងរក​ដំណោះស្រាយ​ និង​យន្តការ​ជាក់ស្តែង​។​

ការ​ពិភាក្សា​ផ្តោត​លើ​ការ​កែលម្អ​ប្រសិទ្ធភាព​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ សម្រួល​លំហូរ​ពាណិជ្ជកម្ម​ ​និង​បង្កើន​ប្រសិទ្ធភាព​សេវា​ភស្តុភារកម្ម ​ដើម្បី​គាំទ្រ​ដល់​ការ​ពង្រីក​ទីផ្សារ​ និង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់​ផលិតផល​កម្ពុជា​។

ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​ ​សំហេង​ ​បូរ៉ា ​បាន​ផ្តល់​អនុសាសន៍​សំខាន់​ៗ​ចំនួន​៦​ ​ដើម្បី​បន្ត​ពង្រឹង​ភាព​ធន់​ ​និង​សមត្ថភាព​ប្រកួតប្រជែង​របស់​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា​។​

អនុសាសន៍​ទី​១​ ​គឺ​ពង្រឹង​កិច្ចសហការ​រវាង​រដ្ឋ​ ​និង​វិស័យ​ឯកជន ​ដើម្បី​កែលម្អ​គោលនយោបាយ​ ​សេវា​សាធារណៈ​ ​និង​បរិយាកាស​ធុរកិច្ច​។​ ទី​២​ ​គឺ​លើកកម្ពស់​គុណភាព​ផលិតផល​កម្ពុជា​ តាមរយៈ​ការ​កែលម្អ​ការ​វេច​ខ្ចប់​ ស្តង់ដារ ​និង​ការ​ប្រើប្រាស់​ផលិតផល​កម្ពុជា​។​

​ទី​៣​ ​គឺ​ជំរុញ​វិស័យ​ឯកជន ​និង​ពាណិជ្ជកម្ម​ឌីជីថល ​ដើម្បី​ពង្រីក​ទីផ្សារ​ និង​បង្កើន​ឱកាស​នាំចេញ​។​ ទី​៤​ ​គឺ​ពង្រឹង​ភស្តុភារកម្ម ​និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ ​ដើម្បី​កាត់បន្ថយ​ថ្លៃ​ដើម​ និង​បង្កើន​ប្រសិទ្ធភាព​។

​ទី​៥​ ​គឺ​ទាក់ទាញ​ការ​វិនិយោគ​ ​និង​ភាព​ជាដៃគូ​អន្តរជាតិ​ ​ដើម្បី​ជំរុញ​ការ​កែច្នៃ​ បច្ចេកវិទ្យា ​ការ​ផ្ទេរ​ចំណេះដឹង​ ​និង​ការ​ភ្ជាប់​ខ្សែ​ច្រវាក់​តម្លៃ​។​ ចំណែក​អនុសាសន៍​ទី​៦​ ​គឺ​ជំរុញ​ការ​ធ្វើ​ពិពិធកម្ម​ផលិតផល​ និង​ទីផ្សារ​ ​ដោយ​កំណត់​ផលិតផល​ និង​ទីផ្សារ​អាទិភាព​ ​ព្រមទាំង​ពង្រឹង​យន្តការ​សហការ​រវាង​រាជ​រដ្ឋាភិបាល​ ​និង​វិស័យ​ឯកជន​។​

អនុសាសន៍​ទាំង​នេះ​ត្រូវបាន​ដាក់ចេញ​ក្នុង​បរិបទ​ដែល​កម្ពុជា​បន្ត​ផ្តោត​លើ​ការ​ពង្រឹង​ការ​តភ្ជាប់ពាណិជ្ជកម្ម​ វិនិយោគ​ ​និង​ភស្តុភារកម្ម ​ព្រមទាំង​ការ​លើកកម្ពស់​គុណភាព​ ​និង​ពិពិធកម្ម​ផលិតផល​ ​ដើម្បី​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ និង​ពង្រីក​ទីផ្សារ​សម្រាប់​ផលិតផល​ជាតិ​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times