ភ្នំពេញ៖ ចំនួនរោងចក្រនៅកម្ពុជាបានកើនឡើងចំនួន ៨៤៥ រោងចក្រ និងបានបង្កើតឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែងក្នុងឆមាសទី១ ឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំងពីការបន្តទាក់ទាញការវិនិយោគ និងការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ថា ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ ចំនួនរោងចក្របានកើនពី ៤៦ ៦៤៩ រោងចក្រ ដល់ ៤៧ ៤៩៤ រោងចក្រ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ និងបានបង្កើតឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែង ជូនដល់ប្រជាពលរដ្ឋ ដែលភាគច្រើនស្ថិតក្នុងវិស័យឧស្សាហកម្ម។
លោកបន្តថា ក្នុងនោះ រោងចក្រក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប បានកើនឡើងពី ២ ៧២៥ រោងចក្រ ដល់ ២ ៨៩០ រោងចក្រ។
លោក ស៊ុន មេសា បានលើកឡើងថា កំណើនវិជ្ជមាននេះឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនក្នុងស្រុក និងអន្តរជាតិមកលើកម្ពុជា និងបង្ហាញពីប្រសិទ្ធភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការវិនិយោគ បើទោះបីជាសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមនឹងភាពមិនប្រាកដប្រជាក៏ដោយ។
អ្នកនាំពាក្យរូបនេះមានប្រសាសន៍ថា៖ «ទោះបីសេដ្ឋកិច្ចពិភពលោកនៅបន្តប្រឈមនឹងភាពមិនប្រាកដប្រជាក៏ដោយ កម្ពុជានៅតែអាចទាក់ទាញការវិនិយោគ បង្កើនចំនួនរោងចក្រ និងបង្កើតការងារថ្មីជាបន្តបន្ទាប់ ហើយកំណើននេះឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនលើសន្តិភាព ស្ថិរភាពនយោបាយ គោលនយោបាយគាំទ្រវិនិយោគ និងកម្លាំងពលកម្មដែលមានជំនាញរបស់កម្ពុជា»។
លោកបានបញ្ជាក់បន្ថែមថា ការងារថ្មីជាង ៩ម៉ឺនកន្លែងដែលត្រូវបានបង្កើតឡើងក្នុងឆមាសទី១ ឆ្នាំ២០២៦ គឺជាភស្តុតាងបញ្ជាក់ថា កម្ពុជាកំពុងបន្តបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងពង្រឹងមូលដ្ឋានសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអតីតពលករទាំងអស់ ស្វែងរកការងារធ្វើនៅក្នុងស្រុក តាមរយៈវេទិកាការងារ ឬទាក់ទងមកលេខ ១២៩៧ ដែលផ្តល់ប្រាក់ចំណូលសមរម្យ ធានាបាននូវសុវត្ថិភាព ការការពារសិទ្ធិការងារ និងអត្ថប្រយោជន៍សង្គមស្របតាមច្បាប់ជាធរមាន ជាជាងការចំណាកស្រុកដោយប្រថុយប្រថានដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាជាដើម៕
អត្ថបទ៖ ប៊ី










