ភ្នំពេញ៖ កម្ពុជាបាននាំចេញអង្ករចំនួន ៧០៧,៤៧១ តោន គិតជាទឹកប្រាក់សរុប ៤១៥.១២ លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៦ ខណៈអង្ករកម្ពុជាត្រូវបាននាំចេញទៅកាន់គោលដៅចំនួន ៦៦។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។
របាយការណ៍បង្ហាញថា ការនាំចេញអង្ករក្នុងរយៈពេល ៧ខែនេះ ត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ក្រុមហ៊ុន ទៅកាន់ទីផ្សារចំនួន ៦៦ គោលដៅ។
ក្នុងនោះ កម្ពុជាបាននាំចេញអង្ករទៅកាន់បណ្តាប្រទេសនៅតំបន់អឺរ៉ុបចំនួន ៣៣ ប្រទេស ក្នុងបរិមាណ ២០៧,១៥៧ តោន គិតជាទឹកប្រាក់ ១៥៦.៤៥ លានដុល្លារ។
សម្រាប់ទីផ្សារចិន និងហុងកុង កម្ពុជាបាននាំចេញអង្ករចំនួន ១៧៤,៩៣០ តោន មានតម្លៃ ១០៣.៣១ លានដុល្លារ ខណៈទីផ្សារអាស៊ានចំនួន ៥ ប្រទេស ទទួលបានអង្ករកម្ពុជាចំនួន ២៦៦,៣០០ តោន ដែលមានតម្លៃ ១០២.៨៤ លានដុល្លារ។
ចំណែកគោលដៅចំនួន ២៥ ប្រទេសផ្សេងទៀត រួមមានទីផ្សារនៅអាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី និងញូវហ្សេឡង់ បាននាំចូលអង្ករកម្ពុជាចំនួន ៥៩,០៨៤ តោន គិតជាទឹកប្រាក់ ៥២.៥២ លានដុល្លារ។
តាមប្រភេទអង្ករ អង្ករក្រអូបមានចំណែកធំបំផុតនៃការនាំចេញ ស្មើ ៥៩.២៣ ភាគរយ បន្ទាប់មកអង្ករសគ្រាប់វែង ២៣.៦៦ ភាគរយ អង្ករបាក់គ្រប់ប្រភេទ ១៣.៧០ ភាគរយ អង្ករចំហុយ ១.៩៣ ភាគរយ អង្ករសរីរាង្គ ១.២៨ ភាគរយ និងអង្ករផ្សេងៗ ០.២ ភាគរយ។
ក្រៅពីការនាំចេញអង្ករ កម្ពុជាក៏បាននាំចេញស្រូវសើមចំនួន ៣,០០៦,១២២ តោន ក្នុងរយៈពេល ៧ខែដូចគ្នា ដោយមានតម្លៃប៉ាន់ប្រមាណ ៦៦៥.៧០ លានដុល្លារសហរដ្ឋអាមេរិក៕
អត្ថបទ៖ ប៊ី







