រាជ​រដ្ឋាភិបាល​នឹង​ដាក់ចេញ​នូវ​វិធានការ​មុត​ស្រួច​ ​ជួយ​ដោះស្រាយ​បញ្ហា​សំខាន់​ៗ​ក្នុង​វិស័យ​ ​SME​

​សម្ដេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​ ​នៃ​កម្ពុជា​ ​បាន​សម្តែង​ការ​អរគុណ​ចំពោះ​ការ​ចូលរួម​ជា​មតិ​យោបល់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ​ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​ប្រឈម​នានា​ដែល​សហគ្រាស​ធុន​តូច​និង​មធ្យម​ ​(​SME​) ​ជួបប្រទះ​ ហើយបាន​ណែនាំ​ឱ្យ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​បំផុត​នូវ​កំណែទម្រង់​ដ៏​សំខាន់​ ​មួយ​ពាក់ព័ន្ធ​នឹង​ SME​។ ​

​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី​ ​កាលពី​ថ្ងៃទី​២៤​ កក្កដា​ ​ម្សិលមិញ​ ​សម្ដេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​បាន​ថ្លែង​ថា​ ​ផ្អែក​លើ​យោបល់​របស់​បងប្អូន​និង​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ ពិគ្រោះយោបល់​បន្ថែម​ជាមួយ​តួអង្គ​ពាក់ព័ន្ធ​ ​ជាពិសេស​វិស័យ​ឯកជន ​រាជ​រដ្ឋាភិបាល​នឹង​ដាក់ចេញ​នូវ​វិធានការ​មុត​ស្រួច​មួយចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់​ៗ​ជូន​ ​SME​។​

​សម្ដេច​ ធិបតី​ ហ៊ុន​ ​ម៉ាណែត ​បាន​ថ្លែង​ថា​ ​ដើម្បីឱ្យ​សេដ្ឋកិច្ច​រីកចម្រើន​ ​យើង​ត្រូវ​ពង្រឹង​ខ្លួនឯង​។​ ក្នុង​ន័យ​នេះ​មាន​កិច្ចការងារ​ពីរ​ដែល​នឹង​ធ្វើ​កំណែទម្រង់​។ ​កំណែទម្រង់​ទី​១​ ​គឺ​កំណែទម្រង់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(​CDC​)​ដោយ​ធ្វើ​ការ​វាយតម្លៃ​ ​រៀបចំ​ ​និង​ធ្វើ​វិសោធនកម្ម​ច្បាប់​។ ​ទី​២.​គឺ​បង្កើន​ប្រសិទ្ធភាព​របស់​ ​CDC​ ​បង្កើន​ទម្ងន់​ការងារ​អនុវត្ត​ដែល​នីតិវិធី​មួយចំនួន​ត្រូវ​ធ្វើ​។

​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ​មានប្រសាសន៍​ថា​ ​ឥឡូវនេះ​មនុស្ស​កាន់​ឯកសារ​រត់​ទៅ​រក​ស្ថាប័ន​ បន្តិច​ទៀត​អត់​មាន​មនុស្ស​កាន់​ឯកសារ​រត់​ទៅ​ស្ថាប័ន​ទេ​ ​មនុស្ស​មក​តែ​មួយ​កន្លែង​គត់ ​ហើយ​ឯកសារ​ត្រូវ​រត់​ទៅ​ស្ថាប័ន​ខ្លួនឯង​ តាម​បណ្ដាញ​ ​Online​ ​ឬ​មធ្យោបាយ​ណាមួយ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រទាក់​ក្រឡា​គ្នា​ ​ជាពិសេស​ការ​កែសម្រួល​នីតិវិធី​មួយចំនួន​ក្នុង​ការ​បង្កើត​ ​SME​ ​ដើម្បីឱ្យ​ស្ថាប័ន​ទាំងអស់​ងាយស្រួល​ក្នុង​ការ​ធ្វើ​ការងារ​រួម​។

​ខណៈ​កម្ពុជា​និង​ថៃ​បិទ​ព្រំដែន​ ​សម្ដេច​ធិបតី​ ​ជំរុញ​ការ​ផលិត​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន​។ ​ដូច្នេះ​ ​សម្ដេច​ចង់ឱ្យ​នីតិវិធី​ក្នុង​ចុះឈ្មោះ​ ​ចុះបញ្ជី​ ​បង្កើត​SME​ ​កាន់តែ​ងាយស្រួល​និង​ឆាប់រហ័ស​។

​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ ​SME​ ​នេះ​ ​សម្ដេច​ធិបតី​ ​បាន​ប្រកាស​ថា​ «​ឥឡូវ​ខ្ញុំ​មូរ​ដៃ​អាវ​ពីរ ​គឺ​ដោះស្រាយ​រឿង​ព្រំដែន​ ​ហើយ​ចូល​វ៉ៃ​រឿង​Scam​  ​តែ​ឥឡូវ​រឿង​ ​SME​ ​នេះ​ខ្ញុំ​មូរ​ដៃ​អាវ​ដែរ​ហើយ​ ​ដែល​ប៉ះពាល់​ប្រជាពលរដ្ឋ​ដែល​យើង​ចេញ​ទៅ​ប្ដេជ្ញាចិត្ត​ ​ហើយ​ស្រែក​ថា​ ​ឥឡូវនេះ​យើង​ត្រូវតែ​ធ្វើឱ្យ​បាន​ ​ជួយ​សម្រួល​គាត់​ ត្រូវតែ​ដោះ​ដើម្បីឱ្យ​ផលប្រយោជន៍​រួម ​ដើម្បី​ភាព​ជឿជាក់ ​បើ​យើង​គង់តែ​ដោះ​ ​កុំ​ចាំ​យូរ​ ​បាទ​ ​ហើយ​ខ្ញុំ​នឹង​ចូល​ជាមួយ​ ​ហើយ​ខ្ញុំ​នឹង​ចូល​ដើម្បី​ជំរុញ​ ​ហើយ​ខ្ញុំ​នឹង​ចូល​ដើម្បី​បង្កើន​អា​ហ្នឹង​ បាទ ​អីចឹង​មូរ​ដៃ​អាវ​ មិន​មែន​ទៅ​ធ្វើ​ជំនួស​ទេ ​បាន​ន័យ​ថា​ ​ខ្ញុំ​នៅ​ដើម្បី​ជួយ​ហើយ​ជំរុញ​នៅ​អង្គភាព​ដែល​ត្រូវ​ទទួលខុសត្រូវ​ ​ហើយ​យើង​នឹង​រៀបចំ​នូវ​អង្គភាព​មួយ​ដែល​នៅក្រោម​CDC​ ​ឬ​ក្រោម​ណា​ដែល​វា​នៅ​ចំ​ជាមួយគ្នា​ដើម្បី​ជា​អង្គភាព​សម្របសម្រួល​រួម​»​។

​សេចក្តីប្រកាស​ព័ត៌មាន​ ស្តីពី​ លទ្ធផល​កិច្ចប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី​ ​កាល​ម្សិលមិញ​ ​ក៏​បាន​ឱ្យដឹង​បន្ថែម​ថា​ ​សម្តេច​ធិបតី​ ​បាន​ណែនាំ​ឱ្យ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​បំផុត​នូវ​កំណែទម្រង់​ដ៏​សំខាន់​ ​មួយ​ពាក់ព័ន្ធ​នឹង​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ ​(​SME​) ​ដោយ​ត្រូវ​សហការ​គ្នា​ធ្វើ​យ៉ាងណា​ឱ្យ​ដំណើរការ​ចុះបញ្ជី​ ​ប្រព្រឹត្តទៅ​បាន​លឿន​រហ័ស ​ដោយ​មិន​តម្រូវឱ្យ​សហគ្រិន​ត្រូវ​សុំ​ច្បាប់​ក្រសួង​ ស្ថាប័ន​ច្រើន​កន្លែង​ដូច​ពីមុន​ឡើយ​ ​ពោលគឺ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ធ្វើការ​ជាមួយគ្នា​ ​ដើម្បី​សម្រួល​នីតិវិធី​ទាំងអស់​ជូន​ដល់​អ្នកស្នើសុំ​ចុះបញ្ជី​ ​ហើយ​ត្រូវការពារ​ផលប្រយោជន៍​របស់​ពួកគេ​ តាមរយៈ​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ឱ្យ​មាន​ប្រសិទ្ធភាព​។

​សម្តេច​ធិបតី​ ​បាន​បញ្ជាក់​ថា​ ​សម្តេច​នឹង​តាមដាន​ដោយ​ផ្ទាល់​ដើម្បី​ជំរុញ​ឱ្យ​ការងារ​នេះ​សម្រេចបាន​ជោគជ័យ​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times