ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់កាលពីថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៦ ថា មេគោចំនួន ២២០ ក្បាលបន្ថែមទៀត បានមកដល់ប្រទេសកម្ពុជា ដែលនេះជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់កសិដ្ឋានគិរីសួគ៍ ក្នុងការពង្រីកផលិតកម្មរបស់ខ្លួន។
កាលពី ៦ ឆ្នាំមុន មេគោពូជ Holstein របស់អូស្ត្រាលីចំនួន ៥៥០ ក្បាល បានមកដល់កម្ពុជា ដើម្បីចាប់ផ្តើមផលិតទឹកដោះគោក្នុងស្រុកខ្នាតធំដំបូងគេបង្អស់គឺកសិដ្ឋានគិរីសួគ៍ Kirisu Farm។
អូស្ត្រាលីបានសហការយ៉ាងជិតស្និទ្ធជាមួយកសិដ្ឋានគិរីសួគ៍ ដើម្បីសម្រេចឱ្យបាននូវការពង្រីកផលិតកម្មនេះ តាមរយៈការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់អូស្ត្រាលី ហៅកាត់ថា CAPRED ។
ម្សិលមិញនេះ លោកឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោក ដេរិក យីប បានទៅទស្សនាកសិដ្ឋានគិរីសួគ៍ ក្នុងខេត្តតាកែវ ដើម្បីស្វាគមន៍មេគោអូស្ត្រាលីទាំងនោះ។ ការមកដល់របស់មេគោទាំងនេះ ធ្វើឱ្យហ្វូងគោសរុបនៅក្នុងកសិដ្ឋានកើនឡើងដល់ប្រមាណ ១,៤០០ ក្បាល។
លោ កដេរិក យីប បានឱ្យដឹងថា កត្តានេះនឹងជួយឱ្យកសិដ្ឋានអាចផលិតទឹកដោះគោស្រស់បានកាន់តែច្រើននៅក្នុងស្រុក ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើង កាត់បន្ថយការនាំចូលពីបរទេស ព្រមទាំងបង្កើតឱកាសការងារ និងលទ្ធភាពថ្មីៗនៅក្នុងផលិតកម្មទឹកដោះគោទាំងមូល។
ភាពជាដៃគូរបស់យើងជាមួយកសិដ្ឋានគិរីសួគ៍ គឺជាគំរូដ៏ជោគជ័យមួយដែលស្តែងឱ្យឃើញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអូស្ត្រាលី និងកម្ពុជា ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មថ្មីៗ ពង្រីកទំហំពាណិជ្ជកម្ម លើកកម្ពស់សន្តិសុខស្បៀង និងរួមចំណែកកសាងប្រទេសកម្ពុជាឱ្យកាន់តែទទួលបានសុខមាលភាពល្អ និងវិបុលភាព៕
អត្ថបទ៖ ប៊ី








