កំពូលតារាហូលីវូដដែលមានសញ្ជាតិខ្មែរ Angelina Jolie បានបង្ហោះសារលើបណ្ដាញសង្គម Instagram ដោយបង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន។

នៅព្រឹកថ្ងៃ ២៤ ខែកក្កដា ឆ្នាំ ២០២៦ ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានពី សំណាក់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា កំពូលតារាសម្ដែងស្រី Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនខ្មែរដែលមិនទាន់អាចត្រលប់ទៅលំនៅឋានរបស់ខ្លួននៅឡើយ ព្រមទាំងបានបង្ហាញក្ដីស្រលាញ់ដ៏ជ្រាលជ្រៅរបស់អ្នកស្រីចំពោះប្រទេសកម្ពុជា។
តួឯកស្រីក្នុងរឿង “Maleficent” រូបនេះបានសរសេររៀបរាប់លើអ៊ីនស្ដ្រាក្រាមថា “រយៈពេលមួយឆ្នាំមកនេះ ជម្លោះដែលបានផ្ទុះឡើងនៅតាមបណ្ដោយព្រំដែនរបស់កម្ពុជា បានធ្វើឲ្យប្រជាជនជាច្រើនបាត់បង់អារម្មណ៍មានស្ថិរភាព និងសុវត្ថិភាព។ បច្ចុប្បន្ន ប្រជាជនជិត ៣០ ០០០នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ។ កម្ពុជាតែងតែជាប្រទេសដ៏ពិសេសមួយសម្រាប់រូបខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ។ ទីនេះជាប្រទេសកំណើតកូនប្រុសរបស់ខ្ញុំ ទីនេះជាផ្ទះរបស់ពួកយើង ហើយអស់រយៈពេល ២០ ឆ្នាំមកនេះ យើងបានបំពេញការងារជាមួយក្រុមការងារក្នុងសហគមន៍នានាស្ដីពីការអភិរក្ស និងការអភិវឌ្ឍសហគមន៍»។


កំពូលតារាស្រីរូបនេះបានបន្ថែមទៀតថា មូលនិធិ Maddox មានទីស្នាក់ការនៅក្នុងតំបន់ព្រំដែនជាកន្លែងតែមួយដែលជម្លោះព្រំដែនបានផ្ទុះឡើង។ តារាវ័យ ៥១ ឆ្នាំរបស់អាមេរិក បានពោលថា នាងមានកិត្តិយសដែលបានក្លាយជាមិត្តជិតស្និទ្ធជាមួយអ្នកជិតខាង និងក្រុមការងារមូលនិធិ ខណៈបានដោះគ្រាប់មីន និងបានអភិវឌ្ឍតំបន់ជាមួយគ្នា។ កំពូលតារាហូលីវូដ បន្តថា «នៅពេលដែលជម្លោះផ្ទុះឡើងកាលពីឆ្នាំមុន យើងបានជម្លៀសបុគ្គលិករបស់យើង និងគ្រួសាររបស់ពួកគេ ហើយបទពិសោធន៍ដ៏ឈឺចាប់ទាំងនេះបានបង្ហាញថាជម្លោះអាចផ្ទុះឡើងវិញបានភ្លាមៗ»។
ជាចុងក្រោយ Angelina Jolie បានបន្ថែមសំណេរជាភាសាខ្មែរថា “ខ្ញុំស្រឡាញ់ប្រទេសកម្ពុជា និងប្រជាជនដែលមានភាពរឹងមាំ ព្រមទាំងពោរពេញដោយភាពកក់ក្ដៅ និងរួសរាយរាក់ទាក់។ ខណៈយើងពិតជា មានក្ដីសោមនស្សរីករាយ ដើម្បីចាប់ផ្ដើម ការងាររបស់ពួកយើងឡើងវិញ ក្នុងការការពារដីធ្លី និងគាំទ្រដល់សុខុមាលភាពសហគមន៍ ព្រមទាំងការរស់នៅ បេះដូងរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នាដែលទន្ទឹងរង់ចាំថ្ងៃត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ“។
គួរបញ្ជាក់ផងដែរថា Angelina Jolie មិនត្រឹមបង្ហោះសំណេរក្ដុកក្ដួលបង្ហាញពីការឈឺចាប់របស់ខ្មែរ ដែលចាកឆ្ងាយពីផ្ទះសម្បែងដោយសារជម្លោះព្រំដែនឡើយ លោកស្រីក៏មានភ្ជាប់រូបភាពជនភៀសសឹកផងដែរ៕


អត្ថបទ៖ ឆដា, រូបភាព៖ REUTERS/Kim Hong-Ji និងបណ្ដាញសង្គម




