គិតត្រឹមខែឧសភា ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រកំពុងដំណើរការចំនួន ៣.២៨៤ ទីតាំង និងស្រូបទាញទុនវិនិយោគជាង ២៧ ពាន់លានដុល្លារ

គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រកំពុងដំណើរការចំនួន ៣.២៨៤ ទីតាំង ដែលប្រើប្រាស់កម្លាំងពលកម្មជាង ១,៣ លាននាក់ និងមានទុនវិនិយោគសរុបជាង ២៧,៦ ពាន់លានដុល្លារអាមេរិក ស្របពេលដែលកម្ពុជាបន្តជំរុញការវិនិយោគ និងផលិតកម្មកម្រិតខ្ពស់ ក្នុងពិធីជួបជុំអ្នកដឹកនាំធុរកិច្ចអាស៊ី។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦  បានចូលរួមជាមួយអ្នកដឹកនាំធុរកិច្ចមកពីទូទាំងតំបន់អាស៊ី ក្នុងកម្មវិធី Asia Prestige 50 Under 50 CEO Excellence Award 2026។

ថ្លែងក្នុងកម្មវិធី ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាគឺជាគោលដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគ ពិសេសក្នុងវិស័យឧស្សាហកម្ម និងផលិតកម្មកម្រិតខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖“សាររបស់យើងទៅកាន់វិនិយោគិន គឺសាមញ្ញ៖ កម្ពុជាបើកចំហសម្រាប់ការធ្វើធុរកិច្ច។ លើសពីនេះ កម្ពុជាស្វាគមន៍វិនិយោគិនសម្រាប់ភាពជាដៃគូរយៈពេលវែង។”

ឯកឧត្តមបានលើកឡើងពីទំនុកចិត្តរបស់វិនិយោគិន ដែលឆ្លុះបញ្ចាំងតាមរយៈកំណើននៃគម្រោងវិនិយោគ និងការពង្រីកវិនិយោគរបស់ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដូចជាក្រុមហ៊ុន តូយូតា ដែលទើបសម្ពោធបើកដំណើរការផ្គុំ និងដំឡើងរថយន្តម៉ូដែលថ្មី Toyota Hilux Travo កាលពីមួយថ្ងៃមុន។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ឱ្យវិនិយោគលើឧស្សាហកម្មគាំទ្រ និងសហការជាមួយសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដែលកំពុងពង្រឹងសមត្ថភាព ដើម្បីក្លាយជាដៃគូគួរឱ្យទុកចិត្តនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។

លោក ហៀង វុទ្ធា ប្រធានសមាគមសហគ្រិនសកល ១% បានលើកឡើងថា កម្មវិធីពានរង្វាន់នេះទទួលស្គាល់សមិទ្ធផលរបស់នាយកប្រតិបត្តិឆ្នើមចំនួន ៥០រូប មកពី ១៦ ប្រទេសនៅអាស៊ី ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងចំណោមអ្នកដឹកនាំធុរកិច្ចជំនាន់ថ្មី។

លោកបណ្ឌិត Anthony Galliano ទីប្រឹក្សាកិត្តិយសរបស់សមាគម បានបន្ថែមថា កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគកាន់តែទាក់ទាញ ក្នុងដំណើរវិវត្តឆ្ពោះទៅឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។ លោកបានបញ្ជាក់ថា ការបន្តជំរុញនវានុវត្តន៍ និងបង្កើនសមត្ថភាពប្រកួតប្រជែង នឹងក្លាយជាកត្តាគន្លឹះ សម្រាប់ការចូលកាន់តែខ្ពស់ទៅក្នុងខ្សែច្រវាក់តម្លៃសកល។

Asia Prestige 50 Under 50 CEO Excellence Award គឺជាកម្មវិធីពានរង្វាន់សម្រាប់នាយកប្រតិបត្តិឆ្នើមអាយុក្រោម ៥០ ឆ្នាំ ក្នុងតំបន់អាស៊ី ដែលបានបង្ហាញពីភាពជាអ្នកដឹកនាំ ឧត្តមភាពក្នុងធុរកិច្ច និងការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងកំណើនសេដ្ឋកិច្ចនៅទូទាំងតំបន់៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times