យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអាមេរិក ចាប់ពីខែមករា ដល់ខែ ឧសភា ឆ្នាំ ២០២៦ សម្រេចបានទំហំទឹកប្រាក់ប្រមាណ ៥,៧៣ ពាន់លានដុល្លារ ស្មើនឹងការកើនឡើង ៣១,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាមួយគ្នានេះដែរការនាំចូលរបស់កម្ពុជា ពីអាមេរិកវិញ ក៏មានកំណើនផងដែរ ដោយមានទំហំទឹកប្រាក់ប្រមាណ ២៣១ លានដុល្លារ ស្មើនឹងកើនឡើង ៩២,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក ក្នុងរយៈពេល ៥ ខែដំបូង ឆ្នាំ ២០២៦ សម្រេចបានប្រមាណ ៥,៩៦ ពាន់លានដុល្លារ កើនឡើង ៣៣,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។ កម្ពុជា នៅតែរក្សាបានអតិរេកពាណិជ្ជកម្មជាមួយអាមេរិកក្នុងទំហំជាង ៥,៥ ពាន់លានដុល្លារ។
ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា ទៅទីផ្សារអាមេរិករួមមាន សម្លៀកបំពាក់, ស្បែកជើង ផលិតផលធ្វើដំណើរ, គ្រឿងសង្ហារិម, កង់ និងផលិតផលកសិកម្មមួយចំនួន៕
អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណិត




