ARDB ត្រៀមកញ្ចប់ឥណទានទុនបង្វិល ២០០ លានដុល្លារ គាំទ្ររោងម៉ាស៊ីនប្រមូលទិញស្រូវរដូវកាលនេះ

បាត់ដំបង៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ត្រៀមបញ្ចេញកញ្ចប់ឥណទានទុនបង្វិលរហូតដល់ ២០០ លានដុល្លារ សម្រាប់គាំទ្ររោងម៉ាស៊ីនកិនស្រូវប្រមូលទិញ និងស្តុកស្រូវពីកសិករឱ្យបានទាន់ពេលវេលា ក្នុងរដូវប្រមូលផលឆ្នាំ២០២៦ ដោយមានគោលដៅរួមចំណែករក្សាលំនឹងតម្លៃស្រូវនៅលើទីផ្សារ។

ការត្រៀមកញ្ចប់ឥណទាននេះ ត្រូវបានបញ្ជាក់ដោយឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ARDB ក្នុងកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញមកពីខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបង កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅស្នាក់ការសាខា ARDB ខេត្តបាត់ដំបង។

កិច្ចប្រជុំនេះមានការចូលរួមពីឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ ព្រមទាំងតំណាងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញសរុបជាង ២០នាក់។

ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករកម្ពុជាចំនួន ១ លានតោន ក្នុងឆ្នាំ២០២៦។

ឯកឧត្តមបានលើកឡើងថា ក្នុងរយៈពេល ១៦ឆ្នាំចុងក្រោយ ចាប់តាំងពីការដាក់ចេញគោលនយោបាយក្នុងឆ្នាំ២០១០ វិស័យស្រូវអង្ករកម្ពុជាបានជួបបញ្ហាប្រឈមជាច្រើន រួមទាំងការធ្លាក់ចុះនៃតម្លៃស្រូវក្នុងឆ្នាំ២០១៦ និងការខ្វះហេដ្ឋារចនាសម្ព័ន្ធសម្រាប់ស្តុក និងសម្ងួតស្រូវ ព្រមទាំងកង្វះទុនបង្វិល ដែលជាកត្តាមួយធ្វើឱ្យឈ្មួញកណ្តាលទម្លាក់តម្លៃស្រូវរបស់កសិករ។

ដើម្បីរក្សាការនាំចេញអង្ករឱ្យបាន ១ លានតោនក្នុងមួយឆ្នាំ ឬលើសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ARDB នឹងបន្តគាំទ្រផ្នែកហិរញ្ញប្បទានដល់វិស័យនេះ។ ឯកឧត្តមបានជំរុញឱ្យរោងម៉ាស៊ីនបង្កើនសកម្មភាពប្រមូលទិញស្រូវ និងពង្រឹងកិច្ចសហការរវាងភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាសម្រេចគោលដៅនាំចេញអង្ករកម្ពុជាសម្រាប់ឆ្នាំ២០២៦។

ជាមួយគ្នានេះ ARDB បានត្រៀមបម្រុងកញ្ចប់ឥណទានទុនបង្វិលរហូតដល់ ២០០ លានដុល្លារ សម្រាប់រដូវកាលប្រមូលផលនេះ ដើម្បីផ្តល់លទ្ធភាពដល់រោងម៉ាស៊ីនកិនស្រូវក្នុងការប្រមូលទិញ និងស្តុកស្រូវឱ្យបានទាន់ពេលវេលា ព្រមទាំងចូលរួមរក្សាលំនឹងតម្លៃស្រូវនៅលើទីផ្សារ។

ពាក់ព័ន្ធនឹងការប្រែប្រួលទីផ្សារហ្វីលីពីន ដែលមានការបញ្ជាទិញអង្ករពីវៀតណាមក្នុងបរិមាណច្រើន ឯកឧត្តមបណ្ឌិត កៅ ថាច បានណែនាំឱ្យរោងម៉ាស៊ីនកិនស្រូវនៅតំបន់ជាប់បឹងទន្លេសាប ពិនិត្យ និងស្វែងរកឱកាសនៅទីផ្សារវៀតណាម ដែលបច្ចុប្បន្នកំពុងមានតម្រូវការអង្ករប្រណិតសម្រាប់នាំចេញ។

ឯកឧត្តមបានលើកឡើងថា រោងម៉ាស៊ីនក្នុងស្រុកអាចពិចារណាបង្កើនការប្រមូលទិញស្រូវនៅតំបន់ជាប់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីបង្កើនសមត្ថភាពស្តុក និងនាំចេញក្នុងបរិមាណកាន់តែច្រើន។

ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានជំរុញឱ្យរោងម៉ាស៊ីន និងក្រុមហ៊ុននាំចេញអង្ករ បន្តខិតខំប្រឹងប្រែង និងធ្វើការរួមគ្នារវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីពង្រឹងខ្សែច្រវាក់តម្លៃស្រូវអង្ករកម្ពុជា និងការពារផលប្រយោជន៍របស់កសិករ តាមរយៈការរក្សាតម្លៃស្រូវឱ្យមានចីរភាព និងបង្កើនតម្លៃបន្ថែមក្នុងវិស័យនេះ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times