ក្រុមហ៊ុនចំនួន ៦ បានបង្ហាញតម្រូវការគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជាសរុប ១៤៤,០០០ តោន ខណៈសមាគមស្វាយចន្ទីកម្ពុជា (សសក) កំពុងជំរុញការតភ្ជាប់ដោយផ្ទាល់រវាងអ្នកផលិត និងអ្នកទិញ ដើម្បីពង្រីកទីផ្សារ និងជួយបង្កើនឱកាសលក់សម្រាប់កសិករ។
តម្រូវការនេះត្រូវបានបង្ហាញក្នុងកិច្ចសន្ទនាធុរកិច្ច និងធុរកិច្ច (B2B) ដែលរៀបចំដោយ សសក កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដោយប្រមូលផ្តុំអ្នកផលិតស្វាយចន្ទី សហគមន៍កសិកម្ម សហគ្រាសកែច្នៃ ក្រុមហ៊ុនពាណិជ្ជកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីពិភាក្សាអំពីការផ្គត់ផ្គង់ គុណភាព តម្លៃ និងលក្ខខណ្ឌពាណិជ្ជកម្ម។
ព្រឹត្តិការណ៍នេះមានអ្នកចូលរួមប្រមាណ ៤០នាក់ រួមមានតំណាងក្រុមហ៊ុនប្រមូលទិញគ្រាប់ស្វាយចន្ទីឆៅ កសិករខ្នាតធំ សហគមន៍កសិកម្មចំនួន៥ និងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៣។
ក្នុងចំណោមអ្នកទិញដែលបានបង្ហាញតម្រូវការ ក្រុមហ៊ុន Royal Delight View មកពីប្រទេសឥណ្ឌា ត្រូវការគ្រាប់ស្វាយចន្ទីឆៅរហូតដល់ ៥០,០០០តោន ខណៈក្រុមហ៊ុន Olam Outspan Cambodia និងរោងចក្រកែច្នៃរបស់ចិនមួយដែលកំពុងដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវការ ៣០,០០០តោនដូចគ្នា។
ចំណែកក្រុមហ៊ុន Pinex Agro ត្រូវការ ៨,០០០តោន Nut & Nest ត្រូវការ ៥,០០០តោន និង Mirarth Agri Tech ត្រូវការ ៣,០០០តោន ខណៈក្រុមហ៊ុន Khmer Agro Cashew មានតម្រូវការ ១៥,០០០តោន។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Mertol Sunflower Import & Export និង Special Trust Cambodia បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញសាច់គ្រាប់ស្វាយចន្ទីកែច្នៃ ដែលបង្ហាញពីឱកាសបន្ថែមសម្រាប់ការពង្រីកការកែច្នៃស្វាយចន្ទីក្នុងស្រុក។
កិច្ចសន្ទនាបានផ្តោតលើការភ្ជាប់កសិករ និងសហគមន៍កសិកម្មដោយផ្ទាល់ជាមួយអ្នកទិញ ការជំរុញការអនុវត្តតាមស្តង់ដារគុណភាពគ្រាប់ស្វាយចន្ទីឆៅ ការពិភាក្សាអំពីការទូទាត់ប្រាក់ និងការរៀបចំកសិកម្មតាមកិច្ចសន្យា ព្រមទាំងការវាយតម្លៃសមត្ថភាពរបស់សហគមន៍កសិកម្មក្នុងការផ្គត់ផ្គង់ការបញ្ជាទិញក្នុងបរិមាណធំ។
កសិករ និងសហគមន៍កសិកម្មដែលអនុវត្តស្របតាមស្តង់ដារគុណភាពកម្រិតខ្ពស់ (premium) អាចទទួលបានការលើកទឹកចិត្តតម្លៃបន្ថែម ៣% លើសពីតម្លៃទីផ្សារធម្មតា។
ការត្រួតពិនិត្យគុណភាពនៅកម្រិតចម្ការក៏ជាប្រធានបទសំខាន់ក្នុងកិច្ចពិភាក្សា។ ក្រុមអ្នកផលិតបានអំពាវនាវឱ្យអ្នកទិញចូលរួមទទួលខុសត្រូវកាន់តែច្រើនក្នុងការគ្រប់គ្រងគុណភាព ខណៈកសិករបានស្វែងរកស្ថិរភាពតម្លៃ និងការរៀបចំការទូទាត់ប្រាក់ឱ្យកាន់តែច្បាស់លាស់ រួមមានលក្ខខណ្ឌ Ex Works (EXW) និង Free on Board (FOB)។
គ្រឹះស្ថានហិរញ្ញវត្ថុ រួមមានធនាគារ កាណាឌីយ៉ា ធនាគារចិន (Bank of China) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) ក៏បានចូលរួមពិភាក្សាអំពីកម្ចីឥណទាន និងសេវាផ្ទេរប្រាក់ ដើម្បីជួយសម្រួលដល់ការទទួលបានសេវាហិរញ្ញវត្ថុសម្រាប់អ្នកផលិត និងធុរកិច្ច។
លោក ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ជំនួបធុរកិច្ចជុំបន្ទាប់គ្រោងនឹងរៀបចំឡើងនៅខែវិច្ឆិកា ដោយការពិភាក្សារំពឹងថានឹងផ្តោតលើគុណភាពគ្រាប់ស្វាយចន្ទីពូជ M23 និងការកំណត់ចំណាត់ថ្នាក់គ្រាប់តូចសម្រាប់ផលិតកម្មសាច់គ្រាប់ប្រភេទ W320។
សសកក៏បានបញ្ជាក់ថា ខ្លួនកំពុងស្វែងរកការរក្សាចរន្តផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅឱ្យនៅនឹងនរ យ៉ាងតិច ៣០% ដើម្បីជួយរក្សាស្ថិរភាពតម្លៃជូនកសិករ និងលើកកម្ពស់ទំនាក់ទំនងប្រកបដោយតុល្យភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងអ្នកផលិត និងអ្នកកែច្នៃ៕
អត្ថបទ៖ ប៊ី






